សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយ លោក ជិន ថាញ់មិន (Tran Tranh Man) ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម

ចែករំលែក៖

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានកិត្តិយសមហាសន្និបាតអន្តរជាតិបណ្ដាគណបក្សនយោបាយនៅអាស៊ី លើកទី១២ – 12th General Assembly of ICAPP (International Conference of Asian Political Parties ) អញ្ជើញជួបពិភាក្សាការងារជាមួយ លោក ជិន ថាញ់មិន (Tran Tranh Man) ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម ។

សូមបញ្ជាក់ថា ៖ នៅរសៀលថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួប លោក ជិន ថាញ់មិន ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅវិមាន៧មករា រាជធានីភ្នំពេញ។
ជាកិច្ចចាប់ផ្តើម សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក ជិន ថាញ់មិន ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងគណៈប្រតិភូជាន់ខ្ពស់ទាំងអស់ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ព្រមទាំងចូលរួមមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) និងសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) នៅកម្ពុជា ។ សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថាដំណើរទស្សនកិច្ចរបស់ឯកឧត្តមប្រធានរដ្ឋសភាវៀតណាម នឹងពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរឱ្យកាន់តែរីកចម្រើនរឹងមាំបន្ថែមទៀត ខណៈដែលស្ថានការណ៍ពិភពលោកវិវត្តទៅមុខយ៉ាងឆាប់រហ័ស និង ពិបាកប៉ាន់ស្មានបាន។
នាឱកាសជំនួបនេះ លោក ជិន ថាញ់មិន បានសម្តែងក្តីសោមនស្សរីករាយក្រៃលែងដោយទទួលបានការអញ្ជើញមកទស្សនកិច្ចផ្លូវការនៅកម្ពុជា និង ចូលរួមមហាសន្និបាត ICAPPលើកទី១២ និងសម័យប្រជុំពេញអង្គ IPTPលើកទី១១ តាមការចាត់តាំងរបស់លោក អគ្គលេខាធិការបក្សកុម្មុយនីសវៀតណាម ។
លោក ជិន ថាញ់មិន ក៏បានរំឭកជំនួបដែលមិនអាចបំភ្លេចបានជាមួយ សម្ដេចតេជោ ទាំងបីលើកនាពេលកន្លងមក និងសូមពាំនាំការផ្តាំផ្ញើការសួរសុខទុក្ខរបស់ លោក តូ ឡឹម និងសូមកោតសរសើរ និងអបអរសាទរនូវជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតនាពេលកន្លងមក ដែលសបញ្ជាក់ឱ្យឃើញពីការគាំទ្ររបស់ប្រជាជនកម្ពុជាមកលើគណបក្សប្រជាជនកម្ពុជា។ លោក ក៏បានធ្វើការវាយតម្លៃខ្ពស់ចំពោះការរីកចំរើនគួរឱ្យកត់សម្គាល់របស់កម្ពុជាក្រោមការដឹកនាំរបស់ សម្តេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា។
លោកបានជម្រាបសម្តេចតេជោថា នៅក្នុងដំណើរទស្សនកិច្ចនេះ លោក បានជួបពិភាក្សាជាមួយនឹងសម្តេចប្រធានរដ្ឋសភា និង មានក្តីសប្បាយរីករាយដែលចូលរួមសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការសំណង់អគាររដ្ឋបាលថ្មីរបស់រដ្ឋសភាកម្ពុជា តម្លៃ២៥លានដុល្លារអាមេរិក ដែលជាអំណោយរបស់ប្រជាជនវៀតណាមជូនប្រជាជនកម្ពុជា ព្រមទាំង បានចូលជួបសំដែងការគួរសម និងពិភាក្សាជាមួយនឹងសម្តេចធិបតីនាយករដ្ឋមន្ត្រី។ លោក បានជម្រាបសម្តេចតេជោ អំពីស្ថានភាពសេដ្ឋកិច្ចប្រទេសវៀតណាមដែលមានកំណើនខ្ពស់ បើប្រៀបធៀបនឹងប្រទេសនានានៅក្នុងតំបន់ និងពិភពលោក ហើយវៀតណាម ឈានចូលក្នុងយុគសម័យថ្មីទៅជាប្រទេសចំណូលខ្ពស់។ ប្រទេសវៀតណាមនឹងប្រារព្ធខួបអនុស្សាវរីយ៍ ១០០ឆ្នាំនៃគណបក្សកុម្មុយនីសវៀតណាម នៅឆ្នាំ២០៣០ និង ១០០ឆ្នាំនៃការបង្កើតសាធារណសង្គមនិយមវៀតណាម នៅឆ្នាំ២០៤៥។
លោក ក៏បានគូសបញ្ជាក់ថាប្រទេសវៀតណាម និងកម្ពុជាជាប្រទេសភូមិផងរបងតែមួយ ការជួយគ្នាទៅវិញទៅមកគឺជាជាកត្តាសត្យានុម័ត និងកិច្ចសហប្រតិបត្តិការយូរអង្វែង ដើម្បីសន្តិភាពតំបន់ និងពិភពលោក និងសូមវាយតម្លៃខ្ពស់ចំពោះ សម្តេចតេជោ ដែលសម្រេចបាននូវស្ថិរភាព សុខសន្តិភាព និងការអភិវឌ្ឍនៃប្រទេសកម្ពុជា និង អបអរសាទរតួនាទី និងកិត្យានុភាពកម្ពុជា នៅលើឆាកអន្តរជាតិ។ លោក ក៏បានប្តេជ្ញា បន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការនិងជំនួបរវាងគណបក្ស សភា រដ្ឋាភិបាល និងរវាងប្រជាជន និង ការផ្លាស់ប្តូរទស្សនកិច្ចជាន់ខ្ពស់នៃប្រទេសយើងទាំងពីរ។ ឯកឧត្តម ក៏បានគូសបញ្ជាក់ពីការរក្សាឱ្យបានម៉ឺងម៉ាត់នូវគោលការណ៍មិនឱ្យកម្លាំងអមិត្តប្រើប្រាស់ទឹកដីប្រឆាំងប្រទេសជិតខាង និងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ទប់ស្កាត់បទល្មើស និងព័ត៌មានមិនពិត និងថែរក្សាការពារប្រភពទឹកទន្លេមេគង្គ។ លោក បានថ្លែងអំណរគុណ ចំពោះកម្ពុជាដែលបានផ្តល់អំណោយដល់វៀតណាម នៅពេលរងគ្រោះព្យុះយ៉ាហ្គី។
ជាការឆ្លើយតប ក្នុងនាមសម្តេចតេជោផ្ទាល់ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចតេជោ បានផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណដល់ ឯកឧត្តម តូ ឡឹម និងថ្នាក់ដឹកនាំវៀតណាម ដែលបានស្វាគមន៍ សម្របសម្រួល និងការពារសន្តិសុខល្អ ដល់ការដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរទៅខ្មែរក្រោមយ៉ាងរលូន ដែលនេះបង្ហាញឱ្យឃើញកិច្ចសហប្រតិបត្តិការវប្បធម៌ល្អ និងការថែរក្សាទំនៀមទំលាប់ខ្មែរក្រោម។

សម្តេចតេជោ ក៏បានកត់សម្គាល់យ៉ាងយកចិត្តទុកដាក់ និងវាយតម្លៃខ្ពស់ ចំពោះបងប្អូនខ្មែរក្រោម ដែលគោរព និងអនុវត្តបានយ៉ាងខ្ជាប់ខ្ជួននូវច្បាប់ និងបទបញ្ញត្តិនានារបស់អាជ្ញាធរវៀតណាម។ សម្តេច ក៏បានស្នើឱ្យអាជ្ញាធរវៀតណាមគ្រប់លំដាប់ថ្នាក់ បន្តយកចិត្តទុកដាក់លើការថែរក្សាទំនៀមទម្លាប់ ប្រពៃណី និងជំនឿសាសនារបស់បងប្អូនខ្មែរដែលកំពុងរស់នៅក្នុងប្រទេសវៀតណាមផងដែរ។

សម្តេចតេជោ ក៏បានស្នើវៀតណាម ពិនិត្យលទ្ធភាពចុះរួមគ្នាជាមួយកម្ពុជា ព្រមទាំងប្រទេសតាមដងទន្លេមេគង្គ នូវបេតិភណ្ឌអរូបីនានា ដូចជាសង្ក្រាន្ត។ ការចុះបញ្ជីនេះ អាចឱ្យការប្រារព្ធ ថែរក្សា និងផ្សារភ្ជាប់គ្នារវាងប្រទេសពាក់ព័ន្ធ។ សម្តេច ក៏បានស្នើឱ្យវៀតណាមជំរុញពង្រឹង និងពង្រីកបន្ថែមទៀតកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគី ដោយកម្ពុជា បាននិងកំពុងនាំចេញគ្រាប់ស្វាយចន្ទីយ៉ាងច្រើនទៅវៀតណាម ។
ក្នុងជំនួបពិភាក្សាការងារនេះផងដែរ សម្តេចតេជោ ក៏បានស្នើឱ្យវៀតណាមរៀបចំកិច្ចប្រជុំប្រចាំឆ្នាំ ប្រធានគណបក្សនៃប្រទេសកម្ពុជា ប្រទេសវៀតណាម និងប្រទេសឡាវ ដែលខកខានមិនបានប្រជុំកន្លងមក និងសង្ឃឹមថាយន្តការប្រជុំប្រធានគណបក្សនៃប្រទេសយើងទាំងបីនេះ ដែលសម្តេចតេជោ បានផ្តួចផ្តើមឡើង នឹងស្ថិតនៅជានិរន្តន៍ និងសម្រេចបានគោលដៅជំរុញកិច្ចសហប្រតិបត្តិការរវាងកម្ពុជា វៀតណាម ឡាវ នៅក្នុងបរិការស្មុគស្មាញនៅលើពិភពលោក។
សម្តេចតេជោ ក៏បានគូសបញ្ជាក់ថាកិច្ចសហប្រតិបត្តិការនៃប្រទេសយើងទាំងពីរ ត្រូវរក្សាក្របខណ្ឌដែលមានស្រាប់ និងត្រូវពង្រីកក្របខណ្ឌនេះឱ្យធំឡើងជាបន្តបន្ទាប់ តាមរយៈយន្តការដែលមានកន្លងមក និងគ្រប់ទិដ្ឋភាពមិនផ្លាស់ប្តូរ ធានារក្សាបានសន្តិសុខ ទោះក្នុងសភាពការណ៍ណាក៏ដោយ និងទប់ស្កាត់រាល់ការប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល តាមរូបភាពបដិវត្តន៍ពណ៌ ដែលនៅតែបន្តមាន។
ជាចុងក្រោយនៅចុងបញ្ចប់ សម្តេចតេជោ ជូនពរលោក ជិន ថាញ់មិន ទទួលបានជោគជ័យក្នុងបេសកកម្ម និងទទួលបាននូវភាពរីករាយក្នុងការស្នាក់នៅប្រទេសកម្ពុជា៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print