អាមេរិក៖ នៅថ្ងៃសៅរ៍ ទី២៣ ខែវិច្ឆិកា រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក Lloyd Austin បាននិយាយថា សហរដ្ឋអាមេរិករំពឹងថា ទាហានកូរ៉េខាងជើងរាប់ពាន់នាក់ ដែលកំពុងប្រមូលផ្តុំនៅឯប្រទេសរុស្ស៉ី នឹងចូលរួមប្រយុទ្ធក្នុងសង្រ្គាមអ៊ុយក្រែន នាពេលឆាប់ៗ។
លោក Austin បាននិយាយថា ទាហានកូរ៉េខាងជើងប្រហែល ១០ ០០០នាក់ ត្រូវបានជឿថា កំពុងឈរជើងនៅតំបន់ Kursk ភាគខាងលិចប្រទេសរុស្ស៉ី ដែលនៅជាប់ព្រំប្រទល់ជាមួយអ៊ុយក្រែន ហើយនៅទីនោះ ពួកគេកំពុងស្ថិតក្នុងដំណាក់កាល រួមបញ្ចូលទៅក្នុងទម្រង់នៃកងទ័ពរបស់រុស្ស៉ី។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន អំឡុងទស្សនកិច្ចនៅប្រទេសដែនកោះហ្វីជី នៃតំបន់ប៉ាស៉ីហ្វិក លោករដ្ឋមន្រ្តីការពារជាតិអាមេរិក បានបន្តថា ទាហានកូរ៉េខាងជើងទាំងនោះ ទំនងនឹងចូលរួមប្រយុទ្ធក្នុងសង្រ្គាមអ៊ុយក្រែន នាពេលឆាប់ៗ។ បើតាមលោក Austin មកទល់ពេលនេះ រូបលោកមិនទាន់ឃើញ ការរាយការណ៍គួរឱ្យជឿជាក់ អំពីទាហានកូរ៉េខាងជើង ចូលរួមយ៉ាងសកម្មតែម្តង នៅក្នុងសមរភូមិប្រយុទ្ធ នៅឡើយទេ។
កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ទីក្រុងសេអ៊ូល បាននិយាយថា រុស្ស៉ីបានផ្តល់ឱ្យទៅទីក្រុងព្យុងយ៉ាង នូវប្រេង ប្រព័ន្ធមីស៉ីលការពារដែនអាកាស និងការគាំទ្រសេដ្ឋកិច្ច ដើម្បីដោះដូរជាមួយការបញ្ជូនកងទ័ពពីសំណាក់កូរ៉េខាងជើង។ ចំណែក ទីក្រុងកៀវបានព្រមានថា កងទ័ពរុស្ស៉ីរួមជាមួយទាហានកូរ៉េខាងជើង ឥឡូវនេះ ប្រមូលផ្តុំកម្លាំងសរុបបានប្រហែល ៥០ ០០០នាក់ ដើម្បីត្រៀមវាយដណ្តើមយកទៅវិញ នូវផ្នែកនៃតំបន់ Kursk ដែលកងកម្លាំងរបស់អ៊ុយក្រែនកាន់កាប់ ក្រោយឆ្មក់បើកប្រតិបត្តិការវាយលុក កាលពីខែសីហា ឆ្នាំនេះ៕
រូបថត: KCNA