ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានមានប្រសាសន៍សំខាន់ៗនាឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣២ នៅវិទ្យាស្ថានជាតិអប់រំ។
សូមអានប្រសាសន៍សំខាន់ៗរបស់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានដូចខាងក្រោម៖
-សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលការងារ ដែលក្រសួងធម្មការនិងសាសនា និងគណៈសង្ឃទាំងពីរគណៈសម្រេចបានក្នុងឆ្នាំកន្លងទៅនេះ។ ក្នុងន័យនេះសម្ដេចធិបតី បានលើកទឹកចិត្តដល់ក្រសួង និងគណៈសង្ឃបន្តរួបរួមគ្នាលើកកម្ពស់វិស័យសាសនា និងអនុត្តការងារឱ្យបានល្អថែមទៀត។
-សម្ដេចធិបតី ថ្លែងថា សាសនាមានសារប្រយោជន៍សំខាន់នៅក្នុងការរួមចំណែកដល់ប្រព័ន្ធច្បាប់ និងជួយដល់សង្គមរស់នៅរបស់មនុស្សឱ្យមានសុខដុម និងប្រកបដោយសីលធម៌។
-សម្ដេចធិបតី ថ្លែងបញ្ជាក់ថា ការអប់រំតាមបែបព្រះពុទ្ធសាសនា បានចូលរួមលើកកម្ពស់ការអប់រំនៅកម្ពុជាជាពិសេសនៅក្នុងសង្គមមនុស្សឱ្យមានចំណេះដឹងប្រកបដោយគុណធម៌ ចរិយាធម៌ និងស្នេហាជាតិ ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេស និងសង្គមជាតិ។
-សម្ដេចធិបតី ថ្លែងបញ្ជាក់ថា ជាការចាំបាច់ដែលរដ្ឋត្រូវការលើកស្ទួយវិស័យសាសនា ពីព្រោះសាសនាបានចូលរួមក្នុងការលើកស្ទួយសីលធម៌សង្គម ជាពិសេសបានធ្វើឱ្យមានមនុស្សស្គាល់ បុណ្យ បាប និងមានការយោគយល់សន្ដោសប្រណីជាមួយគ្នា។
-សម្ដេចធិបតី ថ្លែងថា សាសនាជាមធ្យោបាយសំខាន់នៅក្នុងការជួយឱ្យមានសុខដុមក្នុងសង្គម បើលុបបំបាត់សាសនានឹងនាំឱ្យមានការកាប់សម្លាប់ដូចករណីរបបប្រល័យពូជសាសន៍ខ្មែរក្រហម និងសង្គមបាត់គុណតម្លៃសីលធម៌ជាដើម។
-សម្ដេចធិបតី ថ្លែងបញ្ជាក់ថា ក្នុងមួយសប្ដាហ៍នេះកម្ពុជាបានធ្វើម្ចាស់ផ្ទះដឹកនាំកិច្ចប្រជុំធំៗចំនួន៣ ដោយមានប្រទេសជាច្រើននៅលើពិភពលោកបានចូលរួម។ កិច្ចប្រជុំទាំងនេះបានលើកឡើងពីសារៈសំខាន់នៃសន្ដិភាព និងការផ្សះផ្សាជាតិ។
-សម្ដេចធិបតី ថ្លែងបញ្ជាក់ថា ទ្រឹស្ដីព្រះពុទ្ធសាសនា និងព្រះពុទ្ធឱវាទ កំពុងត្រូវបានដាក់បញ្ចូលនៅក្នុងវិស័យអប់រំ និងការធ្វើការងារនៅក្នុងស្ថាប័ននានា តាមរយៈការអនុវត្តជំនាញទន់ ឬ Soft Skill ឱ្យមនុស្សចេះធ្វើការជាមួយគ្នាដោយភាពអត់ឱន និងប្រកួតប្រជែងដោយភាពត្រឹមត្រូវ។
-សម្ដេចធិបតី ថ្លែងចោទសួរថា តើមានភាពផ្ទុយគ្នាទេ រវាងទ្រឹស្ដីសាសនា និងវិទ្យាសាស្រ្ដ គឺមិនមានភាពផ្ទុយគ្នានោះទេ ប៉ុន្ដែអ្វីដែលសំខាន់ គឺយើងត្រូវចេះចង់ក្រង និងរៀបចំឱ្យបានត្រឹមត្រូវជាប្រទីបបំភ្លឺផ្លូវសម្រាប់មនុស្សអនុវត្ត។
-សម្ដេចធិបតី ថ្លែងថា សាសនាបានរួមចំណែកធ្វើឱ្យសង្គមកាន់តែទំនើប និងរក្សាបាននូវអត្តសញ្ញាណដើមនៃទំនៀមប្រពៃណី។
-សម្ដេចធិបតី ថ្លែងថា កំណើននៃបច្ចេកវិទ្យា បានធ្វើឱ្យមនុស្សកាន់តែនៅឆ្ងាយពីគ្នា និងធ្លាក់ចុះតម្លៃសង្គម ប្រសិនបើយើងមិនថែរក្សាអត្តសញ្ញាណភាពជាខ្មែរ ស្របតាមវប្បធម៌ ប្រពៃណីជាតិខ្មែរ។ សម្ដេចអំពាវនាវដល់អ្នកបង្កើតមាតិកាលើបណ្ដាញសង្គម ត្រូវរក្សាឱ្យបាននូវតម្លៃវប្បធម៌ សីលធម៌ជាខ្មែរ។
-សម្ដេចធិបតី ថ្លែងថា សាសនាទាំងអស់ គ្មានសាសនាណា បង្រៀនឱ្យមនុស្សស្អប់គ្នា ឬមិនជួយគ្នានោះទេ។ សាសនាទាំងអស់ គឺសុទ្ធតែបង្រៀនមនុស្សឱ្យចេះរសនៅជាមួយគ្នា ចេះជួយគ្នានៅក្នុងសង្គម។
-សម្ដេចធិបតី ថ្លែងថា ប្រទេសមានការរីកចម្រើនដល់ណាក៏ដោយ ក៏មិនត្រូវបំភ្លេចចោល ឬ ធ្វើឱ្យបាត់អត្តសញ្ញាណ ទំនៀមប្រពៃណី វប្បធម៌ អរិយធម៌ ជាតិសាសន៍របស់ខ្លួននោះឡើយ។
-សម្ដេចធិបតី ថ្លែងថា គម្រោងព្រែកជីកហ្វូណនតេជោ នឹងដំណើរការជីកប្រកបដោយធម៌ ដោយការ ដោះស្រាយផលប៉ះពាល់ជូនប្រជាពលរដ្ឋឱ្យបានរួចរាល់ ទើបចាប់ផ្ដើម ម្យ៉ាងទៀត រដូវនេះ ជារដូវទឹកឡើង គឺមិនអាចដំណើរការជីកព្រែកនេះទេ ។
-សម្ដេចធិបតី ថ្លែងថា គម្រោងព្រែកជីកហ្វូណនតេជោ ក្រោយសម្ពោធរួច គឺអ្នកជំនាញត្រូវចុះពិនិត្យ និងកែសម្រួលនៅតាមចំណុចមួយចំនួនឡើងវិញ ឧទាហរណ៍ ក្រោយសម្ពោធហើយ អ្នកជំនាញបានចុះពិនិត្យ ដោយរកឃើញតំបន់ខ្លះប៉ះទួលបុរាណ និងវត្តបុរាណ ហេតុនេះត្រូវកែសម្រួលតម្រាយផ្លូវដែលនឹងត្រូវជីកឡើងវិញ។ អ្នកជំនាញមិនត្រឹមតែពិនិត្យកែសម្រួល លើការងារបច្ចេកទេសប៉ុណ្ណោះនោះទេ គឺត្រូវពិនិត្យលើផលប៉ះពាល់ដល់ពលរដ្ឋនៅតាមតម្រាយផ្លូវ ថែមទៀត។ ក្រោយដោះស្រាយចប់សព្វគ្រប់រួចរាល់ហើយ ក្រុមការងារជំនាញនឹងដាក់គ្រឿងចក្រចុះ ជីកតែម្ដង។
-សម្ដេចធិបតីបញ្ជាក់បន្ថែមថា គម្រោងព្រែកជីកហ្វូណនតេជោ ដែលមិនទាន់បានជីកបន្ត ក្រោយសម្ពោធរួច គឺដោយសារអ្នកជំនាញចុះពិនិត្យ និងកែសម្រួលលើចំណុចមួយចំនួន ព្រមទាំងដោះស្រាយផលប៉ះពាល់ដល់ប្រជាពលរដ្ឋឱ្យចប់សព្វគ្រប់ មិនមែនមកពីមិនមានថវិកានោះទេ។
-សម្ដេចធិបតី ថ្លែងថា តើអ្នកបង្កើតព័ត៌មានមិនពិតកុហកពលរដ្ឋធ្វើឱ្យពលរដ្ឋរស់នៅគ្មានក្ដីសុខតើបាបទេ? ខណៈក្រុមជ្រុលនិយមនៅក្រៅប្រទេសមួយថ្ងៃៗ បង្កើតតែរឿងមិនពិតកុហកពលរដ្ឋ ឱ្យពលរដ្ឋភិតភ័យ ដើម្បីតែផលចំណេញនយោបាយរបស់ពួកគេ។
គួរជម្រាបជូនថា អនុសំវច្ឆរមហាសន្និបាតមន្ដ្រីសង្ឃទូទាំងប្រទេស លើកទី៣២ រៀបចំឡើងរយៈពេល ៣ចាប់ពីថ្ងៃទី២១ ដល់ ២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយសម្ដេចតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា កាលពីព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអញ្ជើញជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បើកអនុសំវច្ឆរមហាសន្និបាតមន្ដ្រីសង្ឃទូទាំងប្រទេស លើកទី៣២។
អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស តែងប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ដោយមានកិច្ចសហការរវាងក្រសួងធម្មការ និងសាសនា មានការយាង និមន្ត និងអញ្ជើញចូលរួមជាកិត្តិយស ពីសំណាក់ សម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ សម្តេចសង្ឃនាយកទាំងពីរគណៈ សម្តេច ព្រះរាជាគណៈ ព្រះមន្ត្រីសង្ឃគ្រប់ឋានានុក្រម ថ្នាក់ដឹកនាំ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត តំណាងអង្គទូត និងថ្នាក់ដឹកនាំ មន្ត្រីរាជការតាមបណ្តា ក្រសួង-ស្ថាប័ន រាជធានី ខេត្ត និងសាសនិកគ្រប់និកាយសាសនា ព្រមទាំងភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ សរុបចំនួនប្រមាណ ១ ២០០ អង្គ/នាក់៕ដោយ៖តារា