ភ្នំពេញ : សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា ការអនុវត្តនយោបាយឈ្នះ-ឈ្នះដែលដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន បានទទួលជោគជ័យ អាស្រ័យដោយសារការជឿទុកចិត្ត និងជឿជាក់លើគ្នាទៅវិញទៅមក។
ក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤ នៅរសៀលថ្ងៃសៅរ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការជឿទុកចិត្តនិងការយោគយល់អធ្យាស្រ័យឱ្យគ្នាទៅវិញទៅមកនេះដែរ ក៏កើតចេញពីគោលការណ៍នៃព្រះពុទ្ធសាសនាផងដែរ ដែលចំណុចទាំងនេះហើយបានធ្វើឱ្យកម្ពុជាថែរក្សាបាននូវសន្តិភាពរហូតមកដល់សព្វថ្ងៃនេះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា សាសនាគឺជាមធ្យោបាយសំខាន់នៅក្នុងការជួយឱ្យមានសុខដុមក្នុងសង្គម ហើយបើលុបបំបាត់សាសនា នឹងនាំឱ្យមានការកាប់សម្លាប់ដូចករណីរបបប្រល័យពូជសាសន៍ខ្មែរក្រហម និងធ្វើឱ្យសង្គមបាត់គុណតម្លៃសីលធម៌ផងដែរ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ជំនឿសាសនាមិនមែនជាឧបសគ្គរារាំងមិនឱ្យប្រទេសក្លាយទៅជាប្រទេសទំនើបនោះទេ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការអប់រំមនុស្សមាន៣ គឺនៅផ្ទះ សាលា និងសង្គម ប៉ុន្តែការអប់រំនៅផ្ទះ និងសាលា ជាគន្លឹះសំខាន់។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចាត់ទុកការផ្សព្វផ្សាយស្រាបៀរ ដោយយកនារីស្លៀកខ្លីលាងរថយន្ត ជារបៀបផ្សព្វផ្សាយហួសព្រំដែនប៉ះពាល់តម្លៃសីលធម៌។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការអប់រំតាមបែបសាសនាជាចំណែកដ៏សំខាន់នៃការអប់រំសីលធម៌របស់មនុស្ស។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា ការពង្រឹងតួនាទីរបស់ព្រះពុទ្ធសាសនា ជាចំណែកជួយពង្រឹងសីលធម៌រស់នៅរបស់មនុស្ស។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កោតសរសើរជប៉ុន ទោះបីរីកចម្រើនយ៉ាងណា ក៏សីលធម៌ វប្បធម៌ ប្រពៃណីរបស់ជប៉ុន មិនបាត់បាត់បង់នោះទេ។
សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គម្រោងព្រែកជីកហ្វូណន មិនរាំងស្ទះនោះទេ ក្រុមការងារកំពុងកំណត់និយាមការផលប៉ះពាល់លើប្រជាពលរដ្ឋ ដើម្បីដោះស្រាយ។សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ការធ្វើដោយគិតពីប្រយោជន៍ប្រជាជន និងការទទួលខុសត្រូវ ទើបជាការធ្វើប្រកបដោយធម៌។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យមានការយកចិត្តទុកដាក់ជំរុញការផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងបន្តអនុវត្តតាមខ្លឹមសារសង្ឃ ប្រកាសនៃមហាសន្និបាតឱ្យមានប្រសិទ្ធភាព ដោយតាមដាន និង វាយតម្លៃការអនុវត្តគ្រប់សកម្មភាព ខិតខំដោះស្រាយរាល់បញ្ហាប្រឈមនានា ដើម្បីធានាឱ្យបាននូវការលើកកម្ពស់គុណតម្លៃព្រះពុទ្ធសាសនា ដែលជាសាសនារដ្ឋ៕
ដោយ : សិលា