ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជា មានកិត្តិយស សូមជូនដំណឹងដល់សាធារណជន ឱ្យបានជ្រាបថា នៅ ថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ គណបក្សប្រជាជនកម្ពុជា ដោយសហការជាមួយលេខាធិការដ្ឋាន សន្និសីទអន្តរជាតិនៃគណបក្សនយោបាយអាស៊ី (ICAPP) បានរៀបចំមហាសន្និបាត ICAPP លើកទី ១២ និងកិច្ចប្រជុំពាក់ព័ន្ធ ក្រោមប្រធានបទ “ការស្វែងរកសន្តិភាព និងការផ្សះផ្សា” នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនិងតំណាងពីគណបក្សនយោបាយ ចំនួន ៦២ នៃ ៤៥ប្រទេស មកពីតំបន់អាស៊ី អាហ្វ្រិក អឺរ៉ុប អាមេរិកឡាទីន ការ៉ាប៊ីន នៅតំបន់ផ្សេងៗ ទូទាំងពិភពលោក។
កម្មវិធីបើកមានកិត្តិយសដ៏ខ្ពង់ខ្ពស់ដោយវត្តមាននិងការចូលរួមថ្លែងសុន្ទរកថា ដោយ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានមហាសន្និបាត ICAPP កិត្តិយស សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជា ប្រធានមហាសន្និបាត ICAPP លើកទី១២ ឯកឧត្តម Chung Eui-yong ប្រធានគណៈកម្មាធិការ អចិន្ត្រៃយ៍ ICAPP ឯកឧត្តមMusahid Hussain Sayed សហប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ ICAPP និង ឯកឧត្តម Kwon Hee-seog អគ្គលេខាធិការ ICAPP និងថ្នាក់ដឹកនាំនយោបាយជាន់ខ្ពស់ជាច្រើន រូបទៀត។
សម័យប្រជុំពេញអង្គលើកទី១ បានប្រារព្ធឡើងក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ (តំណាងគណបក្សប្រជាជនកម្ពុជា) លោកជំទាវ Sun Haiyan (តំណាងគណបក្សកម្មុយនីស្តចិន) និងអ្នករាយការណ៍ ឯកឧត្តមបណ្ឌិត Rajan Bhattarai សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ ICAPP។ សម័យប្រជុំបានពិភាក្សាអំពីការប្តេជ្ញា ចិត្ត និងមធ្យោបាយឆ្ពោះទៅកាន់សន្តិភាព ការផ្សះផ្សា ភាពសុខដុមរមនា យុត្តិធម៌ សមធម៌ ការគោរព គ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការ តាមរយៈការសន្ទនាប្រកបដោយអត្ថន័យ និងចៀសវាង អំពើហិង្សា។ ករណីកម្ពុជាត្រូវបានបង្ហាញជារឿងជោគជ័យរបស់ប្រទេសមួយ ដែលធ្លាប់មានជម្លោះ ហើយបានប្រែក្លាយខ្លួន ជាប្រទេសមានសន្តិភាព និងវិបុលភាព តាមរយៈដំណោះស្រាយឈ្នះ-ឈ្នះ។
សម័យប្រជុំពេញអង្គលើកទី២ បានប្រារព្ធឡើងក្រោមអធិបតីភាព ឯកឧត្តម Musahid Hussain Sayed សហប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ និងអ្នករាយការណ៍ពិសេសនៃ ICAPP ឯកឧត្តមបណ្ឌិត Nalinee Taveesin សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ ICAPP និងអ្នករាយការណ៍ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ ICAPP។ សម័យប្រជុំបានពិភាក្សាអំពីបញ្ហាសំខាន់ៗដូចជាការយល់ដឹងអំពីវប្បធម៌ ការពង្រឹងភាពអង់អាចដល់យុវជនជំនាន់ក្រោយ និង ក្របខ័ណ្ឌច្បាប់ដែលបង្ហាញពីភាពចម្រុះនៃមតិយោបល់។ សម័យប្រជុំបានទទួលស្គាល់ពីសារៈសំខាន់ នៃការជំរុញការយល់ដឹងពីវប្បធម៌ និងការពង្រឹងភាពអង់អាច ដែលជាធាតុផ្សំចាំបាច់ក្នុងការកសាង សន្តិភាពយូរអង្វែង។
សម័យប្រជុំពេញអង្គលើកទី៣ បានប្រារព្ធឡើងក្រោមអធិបតីភាព ឯកឧត្តម Andrey Klimov អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ ICAPP និងឯកឧត្តម Theo Sambuaga សមាជិកគណៈកម្មា ធិការអចិន្ត្រៃយ៍ ICAPP។ សម័យប្រជុំនេះបានសង្កត់ធ្ងន់លើតួនាទីយ៉ាងសំខាន់របស់ ICAPP ក្នុងការ នាំឱ្យមានជំនួបរបស់ថ្នាក់ដឹកនាំ មកពីទូទាំងពិភពលោក ពិភាក្សា និងធ្វើសកម្មភាពលើចក្ខុវិស័យ និង ការប្តេជ្ញាចិត្តរួមគ្នា ក្នុងការលើកកម្ពស់សន្តិភាព និងការផ្សះផ្សាជាតិ ខណៈការដោះស្រាយបញ្ហា បម្រែបម្រួលអាកាសធាតុ និងយុត្តិធម៌សង្គម ក៏ជាកត្តាសំខាន់សម្រាប់ការកសាងសន្តិភាពផងដែរ។ ការលើកម្ពស់ការប្រើប្រាស់វេទិកា ដូចជា ICAPP និងការដោះស្រាយបញ្ហាប្រឈមជាសកលជាមួយគ្នា ធ្វើឱ្យការស្វែងរកសន្តិភាព និងការផ្សះផ្សា មិនមែនគ្រាន់តែជាលទ្ធភាពមួយប៉ុណ្ណោះទេ ប៉ុន្តែវាជា ការពិត ដែលអាចសម្រេចបានពិតប្រាកដ។
កិច្ចប្រជុំតុមូលក្រោមប្រធានបទ “តួនាទីរបស់គណបក្សនយោបាយក្នុងការកសាងសន្តិភាព និងការផ្សះផ្សា” ដែលជាកិច្ចប្រជុំពាក់ព័ន្ធមួយនៃមហាសន្និបាត បានប្រមូលផ្តុំតំណាងគណបក្ស នយោបាយ មកពីអាស៊ី អាហ្វ្រិក អឺរ៉ុប អាមេរិកឡាទីន និងការាបៀន ក្នុងការជំរុញកិច្ចសន្ទនាដោយ សន្តិវិធី ពង្រឹងស្មារតីការទូតសន្តិភាព និងផ្តល់គោលការណ៍ណែនាំសម្រាប់កិច្ចសហការនយោបាយ ជាសកល ដើម្បីលើកកម្ពស់សន្តិភាព និងការផ្សះផ្សា។ លទ្ធផល និងការពិភាក្សាសំខាន់ៗ រួមមាន ១) ការយល់ដឹងអំពីការកសាងសន្តិភាព ២) កិច្ចសហការផ្នែកនយោបាយជាសកល ៣) ការតភ្ជាប់ ឌីជីថល ៤) ធម្មនុញ្ញសន្តិភាពសកល ដែលមានសសរស្តម្ភចំនួនប្រាំ៖ ការទប់ស្កាត់ជម្លោះ ដំណើរការ កសាងសន្តិភាព យុត្តិធម៌អន្តរកាល ការកសាងជាតិឡើងវិញក្រោយជម្លោះ និងការអភិវឌ្ឍប្រកប ដោយចីរភាព និង ៥) ការអនុម័តសេចក្តីថ្លែងការណ៍រួម ដែលបានអះអាងឡើងវិញនូវតួនាទីរបស់ គណបក្សនយោបាយ ក្នុងការជំរុញសន្តិភាព បរិយាប័ន្ន និងការផ្សះផ្សា រួមជាមួយការប្តេជ្ញាចិត្តចំពោះ ការចូលរួមប្រកបដោយសកម្ម នៅមុននិងក្រោយជម្លោះ។
ថ្នាក់ដឹកនាំ ICAPP បានសង្កត់ធ្ងន់សារជាថ្មី ពីការស្វែងរកឋានៈជាអ្នកសង្កេតការណ៍នៅក្នុង មហាសន្និបាតអង្គការសហប្រជាជាតិសំដៅរួមចំណែកកាន់តែមានប្រសិទ្ធភាពដល់កិច្ចខិតខំប្រឹងប្រែង កសាងសន្តិភាពសកល និងការអភិវឌ្ឍប្រកបដោយចីរភាព។ មហាសន្និបាតបានបញ្ចប់ដោយការប្តេជ្ញា ចិត្តរួមគ្នា ក្នុងការពង្រីកឥទ្ធិពលរបស់ICAPP តាមរយៈភាពជាដៃគូជាមួយអង្គការតំបន់ ដូចជាអាស៊ាន និងសមាគមកិច្ចសហប្រតិបត្តិការអាស៊ីខាងត្បូង (SAARC) ក៏ដូចជាស្ថាប័នពិភពលោកដូចជា អង្គការ សហប្រជាជាតិ និងអង្គការយូណេស្កូ ជាដើម។
កិច្ចប្រជុំលើកទី៧ នៃវេទិកាសារព័ត៌មាន ICAPP មានការចូលរួមពីតំណាងគណបក្សនយោ បាយ ចំនួន១៨ និងអង្គភាពសារព័ត៌មាន ចំនួន១៥ ដែលប្រារព្ធឡើង ក្រោមប្រធានបទ “ការប្រយុទ្ធ នឹងព័ត៌មានក្លែងក្លាយ ក្នុងយុគសម័យឌីជីថល ដើម្បីថែរក្សាសន្តិភាព”។ វេទិកានេះបានលើកឡើងពី ហានិភ័យនៃព័ត៌មានក្លែងក្លាយ ដែលត្រូវបានពង្រីកដោយបញ្ញាសប្បនិម្មិត ដោយអំពាវនាវឱ្យមានសកម្មភាពជាអន្តរជាតិ រួមទាំងក្រមប្រតិបត្តិសម្រាប់សុចរិតភាពព័ត៌មាន របស់អង្គការសហប្រជាជាតិ ក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិត ខណៈពេលដែលត្រូវការពារសិទ្ធិមនុស្ស និងសេរីភាពនៃការ បញ្ចេញមតិ។
យោងទៅលើសេចក្តីសម្រេចរបស់គណៈកម្មាធិការអចិន្ត្រៃយ៍ ICAPP លើកទី៤២ ដែលបាន អនុម័តក្នុងអំឡុងពេលមហាសន្និបាតលើកទី១២ របស់ ICAPP បានប្រកាសជាផ្លូវការនៅថ្ងៃទី២៣ ខែ វិច្ឆិកា ឆ្នាំ២០២៤ នូវការសម្រេចចិត្តប្រគល់ “ពានរង្វាន់សតវត្សអាស៊ី ICAPP” ជូនដល់ថ្នាក់ដឹកនាំឆ្នើម របស់ ICAPP៖ ១) សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ២) ឯកឧត្តម José de Venecia ប្រធានស្ថាបនិក ICAPP និងជាអតីតប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ ICAPP ៣) សម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត ៤) ឯកឧត្តម Chung Eui-yong ៥) ឯកឧត្តម Mushahid Hussain Sayed។ ពានរង្វាន់ដ៏មានកិត្យានុភាព គឺជាសក្ខីភាពមួយសម្រាប់ការទទួលស្គាល់ និងការគោរពចំពោះការចូល រួមចំណែកដ៏ធំធេងរបស់ថ្នាក់ដឹកនាំឆ្នើម ក្នុងការពង្រឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការផ្នែក នយោបាយ ក្នុងចំណោមសមាជិកជាគណបក្សនយោបាយ និងដៃគូរបស់ ICAPP មកពីជុំវិញពិភព លោក ក្នុងកិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរកសន្តិភាព សន្តិសុខ និងវិបុលភាពសម្រាប់ប្រជាជន។
ពិធីបិទសន្និបាតនេះ ធ្វើឡើងក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុ ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានមហាសន្និបាត ICAPP លើកទី១២។ មហាសន្និបាត បានអនុម័តសេចក្តីប្រកាសសន្តិភាពទីក្រុងភ្នំពេញ ដោយសង្កត់ធ្ងន់លើតួនាទីរបស់ ICAPP ជាវេទិកា ពហុភាគីក្នុងការជំរុញការយោគយល់គ្នាទៅវិញទៅមក និងការដោះស្រាយបញ្ហាប្រឈមជាសកល។ ថ្នាក់ដឹកនាំបានលើកឡើងពី គំរូនៃសន្តិភាពនិងការផ្សះផ្សាជាតិរបស់កម្ពុជា ជាគំរូមួយចូលរួមចំណែក ក្នុងការដោះស្រាយជម្លោះទូទាំងពិភពលោក។ គំរូចេញពីប្រទេសខ្លួនឯង មានឫសគល់នៅក្នុងបរិយា ប័ន្ន នវានុវត្តន៍ និងឯករាជ្យភាព ឆ្លុះបញ្ចាំងពីភាពជោគជ័យជាប្រវត្តិសាស្ត្ររបស់កម្ពុជា ក្នុងការបង្រួប បង្រួមភាគីផ្សេងៗ ដើម្បីសម្រេចបានសន្តិភាពយូរអង្វែង។
មហាសន្និបាត ICAPP លើកទី១២ បានសម្រេចថា មហាសន្និបាតលើកទី១៣ នឹងប្រារព្ធធ្វើ ឡើង នៅសាធារណរដ្ឋកូរ៉េ នៅឆ្នាំ២០២៦ខាងមុខ ហើយបានថ្លែងអំណរគុណចំពោះគណបក្សប្រជា ជនកម្ពុជា និងលេខាធិការដ្ឋានICAPPសម្រាប់ការរៀបចំកិច្ចប្រជុំប្រកបដោយជោគជ័យនៃព្រឹត្តិការណ៍ ជាប្រវត្តិសាស្ត្រនេះ៕ដោយ៖តារា