ពិធីបើកជាផ្លូវការសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាមួយការចែករំលែកបទពិសោធពិសេស និងកម្រ ពីការស្វែងរកសន្តិភាព ការផ្សះផ្សាជាតិ និងការអភិវឌ្ឍនៅកម្ពុជាដោយ សម្តេចតេជោ ហ៊ុន សែន ក្នុងរយៈពេលជាង៤០ឆ្នាំមកនេះ

ចែករំលែក៖

ភ្នំពេញ ៖ សម័យប្រជុំពេញអង្គសភាអន្តរជាតិដើម្បីភាពអត់ឱននិងសន្តិភាព (IPTP) លើកទី១១ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានប្រារព្ធពិធីបើកជាផ្លូវការនៅព្រឹកថ្ងៃអាទិត្យ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ នៅសណ្ឋាគារសុខាភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងជាប្រធានសម័យប្រជុំពេញអង្គ IPTP លើកទី១១ និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដោយមានវត្តមានភ្ញៀវជាតិ អន្តរជាតិជិត២០០នាក់ ដែលជាសភាសមាជិក IPTP និងដៃគូនានា មកពីប្រទេសជិត៦០ បានចូលរួម។

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានសព្វព្រះរាជហឫទ័យផ្ញើព្រះរាជសារជូនសម័យប្រជុំពេញអង្គជាប្រវត្តិសាស្រ្ត និងប្រកបដោយអត្ថន័យនេះ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា រួមនឹងថ្នាក់ដឹកនាំវេទិកាអន្តរជាតិមួយចំនួន បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះជូនអង្គពិធីមានដូចជាប្រធានក្រុមប្រឹក្សាសកលដើម្បីភាពអត់ឱន និងសន្តិភាព(GCTP) លោកប្រធានរដ្ឋសភាប្រទេសវៀតណាមជាដើម។

អ្វីដែលពិសេសនោះ សម័យប្រជុំពេញអង្គសភាអន្តរជាតិដើម្បីភាពអត់ឱននិងសន្តិភាពលើកទី១១ បានស្តាប់នូវបាឋកថាពិសេស និងកម្ររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាអតីតនាយករដ្ឋមន្រ្តីកម្ពុជា ពីបទពិសោធ និងពលិកម្មរបស់សម្តេច ដោយយកអាយុជីវិតជាដើមទុននៅក្នុងការស្វែងរកសុខសន្តិភាព ការផ្សះផ្សាជាតិ ជូនប្រជាជននិងប្រទេសជាតិនៅក្នុងរយៈពេលប្រមាណជាង៤០ឆ្នាំកន្លងមកនេះ។

ក្នុងបាឋកថាពិសេសជូនសម័យប្រជុំ IPTP សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ស្ទើរពេញមួយជីវិតរបស់សម្តេច បានដឹកនាំកម្ពុជាក្នុងឋានៈជានាយករដ្ឋមន្រ្តី ក្នុងរយៈពេល៣៨ឆ្នាំ ហើយរាប់បញ្ចូលទំាងការចាប់ផ្តើមតស៊ូរំដោះប្រទេសពីរបបប្រល័យពូជសាសន៍ ប៉ុល ពត គឺជិតបួនទសវត្សរ៍កន្លះ។ មេរៀន និងបទពិសោធដ៏កម្ររបស់សម្តេចគឺយកអាយុជីវិតដាក់ជាដើមទុនដើម្បីជីវិតប្រទេសជាតិ និងពលរដ្ឋពិសេសការស្វែងរកសុខសន្តិភាពពេញលេញជូនប្រជាពលរដ្ឋ។

បន្ទាប់ពីកម្ពុជាទទួលបានសុខសន្តិភាពពេញផ្ទៃប្រទេសនៅឆ្នាំ១៩៩៨ តាមរយៈគោលនយោបាយឈ្នះ-ឈ្នះ សម្តេចតេជោ ហ៊ុន សែន ក៏បានយកចិត្តទុកដាក់នៅក្នុងការស្វែងរកយុត្តិធម៌ជូនប្រជាជន ជាពិសេស យុត្តិធម៌សម្រាប់អ្នកដែលបានបាត់បង់ជីវិតក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត និងសន្តិភាពសម្រាប់អ្នករស់រានមានជីវិត ដើម្បីជាការផ្សះផ្សាសង្គមជាតិក្រោយជម្លោះ ដោយបានបង្កើតសាលាក្តីកូនកាត់អន្តរជាតិដំបូងគេ ដែលមានឈ្មោះថា អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដោយសហការជាមួយអង្គការសហប្រជាជាតិដើម្បីកាត់ក្តីមេដឹកនាំនៃរបបខ្មែរក្រហម។

ក្រៅពីការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ សម្តេចតេជោ ហ៊ុន សែន បានធ្វើសមាហរណកម្មកម្ពុជាទៅក្នុងតំបន់ និងអន្តរជាតិ ដើម្បីបង្កើតជាកាលានុវត្តភាពថ្មីៗសម្រាប់ទំនាក់ទំនងការទូត កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាព។ កម្ពុជាបានចូលក្នុងសមាគមអាស៊ាននៅឆ្នាំ១៩៩៩ និងបានធ្វើជាប្រធានប្តូរវេនអាស៊ាន៣ដង។ តាមរយៈអាស៊ាន កម្ពុជាទទួលផលប្រយោជន៍យ៉ាងច្រើន ជាមួយដៃគូអន្តរជាតិនានា ហើយកម្ពុជា បានបង្កើតទំនាក់ទំនងប្រទាក់ក្រឡា តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនិងពហុភាគីជាច្រើន។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថាកម្ពុជាបានផ្លាស់ប្តូរពីសង្គមក្រីក្រនិងងាយមានជម្លោះទៅជាសង្គមមួយដែលមានស្ថិរភាព សន្តិភាព និងសុវត្ថិភាពហើយប្រជាពលរដ្ឋផ្តើមទទួលផ្លែផ្កាពីសន្តិភាពនិងការអភិវឌ្ឍ។ អត្រានៃភាពក្រីក្រត្រូវបានកាត់បន្ថយមកនៅក្រោម១០%នៅមុនពេលការផ្ទុះឡើងនៃជំងឺរាតត្បាតកូវីដ-១៩ ហើយកម្ពុជាបានកំពុងឈានទៅបញ្ចប់ឋានៈជាប្រទេសមានការអភិវឌ្ឍតិចតូច ដោយពេញលេញនៅឆ្នាំ២០២៩ ខាងមុខ។ រាជរដ្ឋាភិបាលថ្មី អាណត្តិទី៧ បានដាក់ចេញយុទ្ធសាស្រ្តបញ្ចកោណ ដែលជារបៀបវារៈនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជា ដើម្បីកំណើនសេដ្ឋកិច្ច ការងារ សមធម៌ ប្រសិទ្ធភាពនិងចីរភាព ដោយកំណត់យកអាទិភាពគន្លឹះចំនួន៥គឺ មនុស្ស ផ្លូវ ទឹក ភ្លើងនិងបច្ចេកវិទ្យានិង ផ្តោតការយកចិតទុកដាក់ជាពិសេសលើការអភិវឌ្ឍមូលធនមនុស្ស សំដៅឆ្ពោះទៅសម្រេចបាននូវគោលដៅនៃការកសាងជាតិ ដែលជាប្រាថ្នារបស់ប្រជាជនកម្ពុជាក្នុងការប្រែក្លាយប្រទេសកម្ពុជា ជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។

សម្តេចប្រធានព្រឹទ្ធសភា បានមានប្រសាសន៍ថា សម្តេចនៅតែបន្តនូវវប្បធម៌សន្ទនាជាមួយគណបក្សនានា ដែលមាននៅកម្ពុជា ដើម្បីបង្កើតភាពសុខដុម ពង្រឹងឯកភាពជាតិ និងបណ្តុះលទ្ធិប្រជាធិបតយេ្យ។ សម្តេចបានគូសបញ្ជាក់ថាបាឋកថារបស់សម្តេចនៅពេលនេះនឹងអាចចូលរួមផ្តល់ជាពុទ្ធិដល់ការយល់ដឹងកាន់តែជ្រាលជ្រៅឡើងពីគុណតម្លៃសន្តិភាព និងការពិបាកនៅក្នុងការកសាងសន្តិភាព បង្រួបបង្រួមនិងផ្សះផ្សាជាតិ ក៏ដូចជាការពិបាកនៅក្នុងការរក្សាសន្តិភាពឱ្យបានគង់វង្សយូរអងង្វែងជាពិសេសសម្រាប់ប្រទេសកំពុងអភិវឌ្ឍ។ បាឋកថារបស់សម្តេច ក៏ជាធាតុចូលសម្រាប់ការកសាងឯកសារ “ធម្មនុញ្ញសន្តិភាព ដើម្បីមនុស្សជាតិនិងភពផែនដី” ដែលមានសសរស្តម្ភសំខាន់ៗចំនួន៥ មាន ១)ការទប់ស្កាត់ជម្លោះ ២)ដំណើរការកសាងសន្តិភាពនិងការសម្របសម្រួលល្អ ៣)យុត្តិធម៌អន្តរកាល ៤)ការកសាងឡើងវិញក្រោយជម្លោះនិងការឆ្លើយតបទៅកាន់បញ្ហាមនុស្សធម៌និងគ្រោះមហន្តរាយនិងទី៥) សន្តិសុខស្បៀងនិងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថាធម្មនុញ្ញសន្តិភាព នេះនឹងក្លាយទៅជាទ្រព្យមួយដែលមិនអាចកាត់ថ្លៃបានសម្រាប់ការអនុវត្តជាក់ស្តែង ក្នុងការលើកកម្ពស់ការគោរពច្បាប់អន្តរជាតិនិងអាចយកទៅប្រើប្រាស់បានគ្រប់ភូមិសាស្រ្តនិងស្របតាមលក្ខណៈពិសេសរបស់ប្រទេសនីមួយៗ ដោយយកផលប្រយោជន៍ប្រជាពលរដ្ឋជាស្នូល។

សូមជម្រាបថាសភាកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះសម័យប្រជុំពេញអង្គ IPTP លើកទី១១ ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ។ នៅក្នុងវេទិកាអន្តរសភាជាប្រវត្តិសាស្រ្តនេះ នឹងអនុម័តឯកសារសំខាន់ៗចំនួនពីរ រួមមាន ១)ធម្មនុញ្ញសន្តិភាព៖ សម្រាប់មនុស្សជាតិ និងភពផែនដី និង ២) សេចក្តីប្រកាសទីក្រុងភ្នំពេញ។ ឯកសារទាំងនេះបញ្ជាក់យ៉ាងមុតមាំនូវការប្តេជ្ញាចិត្តរួមរបស់ IPTP ក្នុងការជំរុញសន្តិភាព៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print