ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់បានបាត់បង់ជីវិត រីឯម្នាក់ទៀតពុំរងរបួសអ្វីនោះទេ ចំណែកអ្នកអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ស្រមោល បន្ទាប់ពីពួកគេធ្វើដំណើរតាមរថយន្តដឹកជ្រុកមួយគ្រឿងដែលគ្មានការបង្ក្រាបនៅតាមច្រកអូរជ្រៅ ហើយបើកជែងកង់បីមួយគ្រឿង ហើយជ្រុលចង្កូតក្រឡាប់ធ្លាក់ចូលប្រឡាយទឹក ។
ករណីនេះបានកើតឡើងកលពីវេលាម៉ោង១២និង៣០នាទីរសៀល ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦ ស្ថិត នៅលើកំណាត់ផ្លូវលេខ258D ស្ថិតក្នុងភូមិយាងថ្មី ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
ប្រភពព័ត៌មានបានរាយការណ៍ថា រថយន្តដឹកជ្រូកបើកធ្លាក់ប្រឡាយដោយខ្លួនឯង ម៉ាកតូរីស ពណ៌ខៀវលាយក្រហម គ្មានស្លាកលេខ ធ្វើដំណើរពីជើងទៅត្បូង ក្រោយគ្រោះថ្នាក់រួចអ្នកបើកបររថយន្តរត់គេចខ្លួនបាត់ ។
មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកអូរជ្រៅ លោកវរ:សេនីយ៍ត្រី ជា ពិសី បានអោយដឹងថា ក្នុងរថយន្តនោះមានអ្នករួមដំណើរ២នាក់ ទី១-ឈ្មោះ បូ ផាន់ណា ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅស្រុកសំឡូត ខេត្តបាត់ដំបង (បណ្តាលឲ្យស្លាប់នៅនឹងកន្លែង) ទី២-ឈ្មោះ ខាត់ សល់ ភេទប្រុស អាយុ18ឆ្នាំ រស់នៅស្រុកសំឡូត ខេត្តបាត់ដំបង (មិនរងរបួសទេ) ។ ចំណែកអ្នកបើកបរ មិនស្គាល់អត្តសញ្ញាណនោះទេ ។
លោកបន្តថា រថយន្តដឹកជ្រូកនោះឡើងជែងកង់បី ជ្រុលចង្កូតបណ្ដាលឲ្យធ្លាក់ក្រឡាប់ចូលប្រឡាយតែម្ដង ។ សាកសពត្រូវបានក្រុមគ្រួសារដឹកតាមរថយន្តពេទ្យទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី ។ ចំណែករថយន្តរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអូរជ្រៅ ។
ប្រជាពលរដ្ឋពលរដ្ឋបានលើកឡើងថា រថយន្តដឹកជ្រូកឆ្លងដែនពីប្រទេសសៀមតាមច្រកអូរជ្រៅ នៅតែបន្តកើតមានរាល់ថ្ងៃ ។ រថយន្តទាំងនេះបើកបរក្នុងល្បឿនលឿនៗណាស់ ប៉ុន្តែពុំឃើញមានការបង្ក្រាបនោះទេ ៕
ដោយ៖ វណ្ណា