ភ្នំពេញ៖ ជនសង្ស័យ៦នាក់ចូលលួចសម្ភារក្នុងរោងចក្រត្រូវបានថៅកែចិនតាមទាន់បានវាយគ្នាទៅវិញទៅមកបណ្តាលឲ្យរបួសទាំងសងខាងចាប់ជនសង្ស័យម្នាក់។
ករណីចូលលួចសម្ភារនេះបានកើតឡើងនៅវេលាម៉ោង២ និង១០នាទីយប់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦ នៅចំណុចរោងចក្រមួយកន្លែងជាប់របងវត្តអង្គតាមិញ ភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
តាមសាក្សីនៅកន្លែងបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញជនសង្ស័យមានគ្នា៣នាក់រត់ចេញពីក្នុងរោងចក្រដោយស្ថានភាពរបួសពេញខ្លួន ហើយម្នាក់បានទៅសំងំនៅក្រោយផ្ទះប្រជាពលរដ្ឋដោយឃើញបែបនេះម្ចាស់ផ្ទះក៏បានខលហៅសមត្ថកិច្ចចុះមកដល់ចំណុចកើតហេតុភ្លាម។
សាក្សីដដែលបានបន្តថា បន្ទាប់ពីសមត្ថកិច្ចចុះមកដល់ប្រជាពលរដ្ឋបានប្រាប់ឲ្យទៅមើលក្នុងរោងចក្រខណៈបើកមើលស្រាប់តែឃើញជនជាតិចិនចំនួន២នាក់ប្តីប្រពន្ធរងរបួសដោយត្រូវជនសង្ស័យវាយបណ្តាលឲ្យបាក់ជើងទាំង២នាក់។
តាមការសារភាពពីជនសង្ស័យឈ្មោះចេក ចន្នី ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរត់ម៉ូតូឌុប ស្នាក់ម្តុំលូប្រាំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ នៅមុនពេលកើតហេតុ ប៉ុន្មានថ្ងៃមុនពួកគេបានមកលួចម្តងរួចមកហើយ ដោយយកបានទូរស័ព្ទដៃនិងលេបថបមួយគ្រឿង លុះរហូតមកដល់ថ្ងៃកើតហេតុពួកគេមានគ្នា៦នាក់បានផឹកសីុស្រវឹងហើយក៏បបួលគ្នាមកចូលក្នុងរោងចក្រដើម្បីលួចលុយនិងសម្ភារ ។ បន្ទាប់មកពួកគេក៏ព្រមព្រៀងគ្នាហើយបានជិះម៉ូតូ២គ្រឿងមកធ្វើសកម្មភាពតែម្តង។
ជនសង្ស័យបានបន្តថា ខណៈមកដល់ពួកគេ៤នាក់បានចូលទៅខាងក្នុងដើម្បីធ្វើសកម្មភាព ចំណែក២នាក់ទៀតនៅចាំមើលផ្លូវ ។ ខណៈដែលពួកគេចូលទៅដល់កំពុងធ្វើសកម្មភាពស្រាប់តែជនជាតិចិនដែលនៅខាងក្នុងដឹងខ្លួន ហើយពួកគេក៏បានព្រួតវាយបណ្តាឲ្យរងរបួស២នាក់ ចំណែកម្នាក់ទៀតមិនមានរងបួសទេ។ ហើយពួកគេបានរត់ផ្លោះរបងចេញមកក្រៅតែម្តង។
ក្រោយពេលកើតហេតុជនរងគ្រោះរួមទាំងជនសង្ស័យដែលរបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្គ្រោះ។ ដោយឡែកជនសង្ស័យដែលគេចខ្លួនសមត្ថកិច្ចកំពុងកំណត់មុខសញ្ញាតាមចាប់យកមកផ្តន្ទាទោសតាមច្បាប់៕
ដោយ៖ សុខាសែនជ័យ
...