អន្តរជាតិ ៖ នាព្រឹកថ្ងៃទី២៩ ខែវិច្ឆកា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ លោកTedros អគ្គនាយកអង្គការសុខភាពពិភពលោកបានថ្លែងកាលពីថ្ងៃទី២៨ខែវិច្ឆិកាថា តំបន់ហ្កាហ្សាកំពុងប្រឈមមុខនឹងតម្រូវការយ៉ាងខ្លាំងក្លាខាងសេវាកម្មសុខាភិបាល ហើយ”ឱសថដែលល្អបំផុតសម្រាប់ដោះស្រាយទុក្ខលំបាករបស់ប្រជាជនក្នុងតំបន់គឺសន្តិភាព” ។
គេហទំព័រ «CCFR China state-controlled media » លោក Tedros បានថ្លែងក្នុងសន្និសីទសារព័ត៌មានរបស់អង្គការសុខភាពពិភពលោកនៅថ្ងៃដដែលថា នៅតំបន់ហ្កាហ្សាបច្ចុប្បន្ន អ្នកបាត់បង់ទីជម្រកចំនួន៩០% កំពុងស្នាក់នៅក្នុងតង់ដែលប្រឈមមុខនឹងការគំរាមកំហែងពីជំងឺផ្លូវដង្ហើមនិងជំងឺផ្សេងៗទៀត ក្នុងពេលជាមួយគ្នានេះ អាកាសធាតុចុះត្រជាក់ និងទឹកភ្លៀងប្រហែលនឹងធ្វើឱ្យបញ្ហាកង្វះខាតស្បៀងនិងអាហារូបត្ថម្ភមានសភាពកាន់តែធ្ងន់ធ្ងរ ។ ទន្ទឹមនឹងនេះ ការបិទផ្លូវភាគខាងជើងនៃតំបន់ហ្កាហ្សាជាបន្តបន្ទាប់បានរឹតត្បិតដល់ការទទួលបានជំនួយសំខាន់ៗ ដូចជាគ្រឿងឧបភោគបរិភោគ ប្រេងឥន្ធនៈ និងសម្ភារៈប្រើប្រាស់ក្នុងរដូវរងាជាដើម។
លោកTedros បានថ្លែងថា អង្គការសុខភាពពិភពលោកកំពុងធ្វើកិច្ចខិតខំប្រឹងប្រែងយ៉ាងពេញទំហឹង ដើម្បីផ្តល់សេវាកម្មសុខាភិបាលនិងផ្គត់ផ្គង់សម្ភារៈដល់តំបន់ហ្កាហ្សា តាមរបៀបដូចជា រៀបចំចាត់ចែងក្រុមវេជ្ជសាស្រ្តជាបន្ទាន់ជាដើម។ ប៉ុន្តែដំណោះស្រាយចុងក្រោយដើម្បីរំដោះប្រជាជនចេញពីទុក្ខវេទនា មិនមែនជាជំនួយទេ គឺជាសន្តិភាព “ឱសថដែលល្អបំផុតគឺសន្តិភាព”។
គេហទំព័រ «CCFR China state-controlled media » លោកTedros បានថ្លែងបន្តថា អង្គការសុខភាពពិភពលោកស្វាគមន៍ចំពោះកិច្ចព្រមព្រៀងឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហេសបូឡាសលីបង់ ដែលបានចូលជាធរមាននៅថ្ងៃទី២៧ខែវិច្ឆិកា ហើយសង្ឃឹមថា កិច្ចព្រមព្រៀងនេះនឹងទទួលបានការគោរព ព្រមទាំងសម្រេចបាននូវសន្តិភាពយូរអង្វែង៕
ដោយ ៖ សិលា