ខេត្តស៊ីនជាំង ៖ អនុលេខាកម្មាធិការបក្សកម្មុនីស្តចិន ប្រចាំខេត្តស៊ីងជាំង នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានបង្ហាញអំពីសក្តានុពល នៃខេត្តមួយនេះ ដល់ភាគីកម្ពុជា ហើយបានគូសបញ្ជាក់ថា ខេត្តស្ថិតនៅភាគពាយព្យ ប្រទេសចិន មួយនេះ ចង់រួមចំណែកក្នុងការកសាងសហគមន៍ចិន-កម្ពុជា ជាមួយនឹងអនាគតរួមគ្នា ក្នុងយុគសម័យថ្មី។
ថ្លែងក្នុងកម្មវិធី «ស៊ីនជាំង គឺជាទឹកដីដ៏អស្ចារ្យ» រៀបចំឡើង នៅរាជធានីភ្នំពេញ លោក Zhang Zhu បានលើកឡើងថា វេទិកានេះត្រូវបានរៀបចំឡើង ដើម្បីអនុវត្តតាមគោលការណ៍រួម របស់ថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ និងបង្ហាញពីមិត្តភាពរបស់ប្រជាជន នៅខេត្តស៊ីងជាំង មានចំពោះប្រជាជនកម្ពុជា។ តាមរយៈវីដេអូ និងរូបភាព ដែលបានផ្សព្វផ្សាយ នាពេលនោះ ឃើញថា ខេត្តស៊ីនជាំងនឹងជំរុញកិច្ចសហប្រតិបត្តិការជាមួយខេត្ត-ក្រុងរបស់កម្ពុជា និងធ្វើការរួមចំណែកជាមូលដ្ឋាន នៃការកសាងសហគមន៍រួមជោគវាសនាកម្ពុជា-ចិន ក្នុងយុគ្គសម័យថ្មី។
លោក Zhang Zhu សង្ឃឹមថា បណ្តាសហគ្រាស និងសមាគមអាជីវកម្មកម្ពុជា ដែលបានចូលរួមនឹងចាប់យកឱកាសជួបជុំគ្នានេះ ចាត់ទុកជាស្ពានតភ្ជាប់ ដើម្បីសហការយ៉ាងទូលំទូលាយ ជាមួយសហគ្រាស និងឧស្សាហកម្មចិន នៅខេត្តស៊ីនជាំង ស្វែងរកឱកាសធ្វើអាជីវកម្ម ក្នុងការអភិវឌ្ឍវិស័យថាមពលបៃតង កសិកម្ម ដែលប្រើគ្រឿងយន្តវ័យឆ្លាត ផលិតផលកសិកម្ម ពាណិជ្ជកម្ម វាយនភណ្ឌ និងសម្លៀកបំពាក់ ។ល។ ដែលជាការបើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការ ដែលមានផលប្រយោជន៍ទៅវិញទៅមក និងការអភិវឌ្ឍរួម។
លោកបានបន្ថែមទៀតថា កម្ពុជានិងខេត្តស៊ីនជាំង គឺជាកន្លែងដែលសម្បូរដោយធនធានទេសចរណ៍ ហើយមានសក្តានុពលខ្លាំង សម្រាប់កិច្ចសហប្រតិបត្តិការទេសចរណ៍ រវាងភាគីទាំងពីរ។
«យើងមានឆន្ទៈ ធ្វើការជាមួយរដ្ឋាភិបាលកម្ពុជា គ្រប់ជាន់ថ្នាក់ ដើម្បីលើកម្ពស់ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការវប្បធម៌ និងទេសចរណ៍ ព្រមទាំង ពង្រឹងការផ្លាស់ប្តូរយុវជន និងកិច្ចសហប្រតិបត្តិការអប់រំ លើកកម្ពស់ទំនាក់ទំនងមិត្តភាព រវាងប្រជាជន និងប្រជាជន នៃសហគមន៍ចិន-កម្ពុជា ជាមួយនឹងអនាគតរួមគ្នា។
ក្នុងពេលនោះដែរ ទាំងលោក អនុលេខាកម្មាធិការបក្ស និងមន្ត្រីខេត្តស៊ីនជាំង មួយចំនួនទៀត បានបង្ហាញអំពីសក្តានុពលនៃខេត្តស៊ីនជាំង ជូនដល់អង្គពិធីទាំងមូល ជាពិសេស វិស័យកសិកម្ម និងធនធានទឹក ព្រមទាំង តំបន់ភូមិសាស្ត្រសំខាន់ៗ របស់ខេត្ត។
លោក ឯក សំអុល ប្រធានសមាគមមិត្តភាពកម្ពុជា-ចិន និង លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីនោះ។ ក្រៅពីនេះ ក៏មានការអញ្ជើញចូលរួមពីអ្នកពាក់ព័ន្ធ ក្នុងវិស័យវិនិយោគ ទេសចរណ៍ និងសង្គមស៊ីវិលចូលរួមជាច្រើនរូបទៀត។
លោក Wang Wenbin បានថ្លែងថា កិច្ចសហប្រតិបត្តិការរវាងខេត្តស៊ីនជាំងនិងកម្ពុជា កំពុងអភិវឌ្ឍន៍ជាលំដាប់ ហើយភាគីទាំងពីរមានសក្តានុពល និងទស្សនវិស័យទូលំទូលាយ សម្រាប់កិច្ចសហប្រតិបត្តិការ លើវិស័យកសិកម្ម អភិរក្សទឹក សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងវិស័យផ្សេងៗទៀត។ លោកចាត់ទុកថា ការផ្សព្វផ្សាយ នាពេលនេះ គឺចំពេលវេលាល្អ។
អ្នកឧកញ៉ា លី ឃុនថៃ អនុប្រធានសហព័ន្ធខ្មែរ-ចិននៅកម្ពុជា ដែលបានអញ្ជើញចូលរួមដែរ បានមានប្រសាសន៍ថា កម្ពុជាមានតំបន់ទេសចរណ៍ ដ៏សម្បូរបែប ដែលអាចចាប់ដៃគូជាមួយខេត្តស៊ីនជាំង ជំរុញការផ្លាស់ប្តូរទេសចរណ៍ ទៅវិញទៅមក។ ក្រៅពីនេះ វិនិយោគ គឺជាវិស័យដ៏មានសក្តានុពលរវាងភាគីទាំងពីរ។ តាមរយៈកិច្ចសហការនេះ អាចនាំឲ្យប្រជាជននិងប្រជាជនអាចស្វែងយល់ ចាប់ដៃគូ ធ្វើពាណិជ្ជកម្ម ហើយក៏ចូលរួមសំខាន់ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការត្បូងពេជ្រ រវាងប្រទេសកម្ពុជានិងចិន កាន់តែមានចំណងមិត្តភាពកាន់តែល្អប្រសើរ ជាពិសេស ទាក់ទាញអ្នកវិនិយោគ និងទេសចរ មកពីខេត្តស៊ីនជាំង មកប្រទេសកម្ពុជា កាន់តែច្រើន។ លោកក៏ចង់ឲ្យប្រទេសកម្ពុជានិងចិន មានការចងមេត្រីភាព រវាងខេត្តនិងខេត្ត ក្រុងនិងក្រុង កាន់តែច្រើនបន្ថែមទៀត ដើម្បីស្វែងយល់ពីគ្នា តាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ច ផ្សព្វផ្សាយ និង ជំនួបពាណិជ្ជកម្ម ផ្សេងៗ៕
ប្រភព ៖ «CCFR China state-controlled media »