ខេត្តបាត់ដំបង៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងថា កម្លាំងជំនាញ នគរបាលស្រុកថ្មគោល នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤នេះ បានអនុវត្តដីកាចាប់ខ្លួនពិរុទ្ធជនម្នាក់ តាមអំណាចតុលាការ ក្នុងករណីហិង្សា។
ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ កម្លាំងជំនាញផ្នែកយុត្តិធម៌ រួមជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលអូរតាគី នៃអធិការដ្ឋាននគរបាលស្រុកថ្មគោល ដឹកនាំដោយលោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល បានចុះអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ ១០៩០ ត.ព្រ ចុះថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ របស់លោកស្រី សេង ស៊ឹមសុរិយា ចៅក្រមជំនុំជម្រះ នៃសាលាដំបូងខេត្តបាត់ដំបង ដែលបង្គាប់ឲ្យចាប់ខ្លួន-ឃុំខ្លួន ពិរុទ្ធជនម្នាក់ឈ្មោះ ផុន សារិន ហៅស្រួច ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិព្រៃដាច់ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ពីបទលួច (ដែករបង) ប្រព្រឹត្តនៅចំណុចចំការដូងក្រុមទី១៤ ភូមិត្រស់ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ តាមមាត្រា ៣៥៣ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ។
បច្ចុប្បន្ន សមត្ថកិច្ចជំនាញបានបញ្ជូនខ្លួនពិរុទ្ធជនខាងលើទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីអនុវត្តបន្តតាមនីតិវិធី៕អរុណរះ