អ្នកវិនិយោគសហរដ្ឋអាមេរិកគ្រោង នឹងពង្រីកពាណិជ្ជកម្មរបស់ពួកគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍បន្ទាប់ពីទទួលបានចក្ខុវិស័យវិជ្ជមាននៅក្នុងកំណើនសេដ្ឋកិច្ចក្នុងតំបន់នេះ ខណៈដែលអាស៊ាន និងជប៉ុនបានយល់ស្របគ្នាក្នុងការពង្រីកកិច្ចសហប្រតិបត្តិការទៅលើសេវាកម្មនិងការវិនិយោគ។
បន្ទាប់ពីកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនៅក្នុងប្រទេសឡាវកាលពីសប្តាហ៍មុនមក លោក Apiradi Tantraporn រដ្ឋ មន្ត្រីក្រសួងពាណិជ្ជកម្មថៃបានមានប្រសាសន៍ថា អាស៊ាននិងប្រទេសជាដៃគូជា ច្រើនដែលរួមមានសហរដ្ឋអាមេរិក ជប៉ុន និងចិនបានពង្រឹងកិច្ចសហប្រតិបត្តិការទៅលើវិស័យជាច្រើន។
នៅក្នុងកិច្ចប្រជុំដាច់ដោយឡែកមួយ មន្ត្រីតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកបានរាយការណ៍ថា ការស្ទង់មតិចំពោះ ទស្សនវិស័យពាណិជ្ជកម្មអាស៊ានសម្រាប់ឆ្នាំ២០១៧ បានបង្ហាញថា អ្នកវិនិយោគ អាមេរិកមានទស្សនៈវិជ្ជមានទៅលើកំណើនសេដ្ឋកិច្ចក្នុងតំបន់នេះ ហើយគ្រោងនឹងផ្តោតការយកចិត្តទុកដាក់ទៅលើទីផ្សារធំៗបី គឺសិង្ហបុរី ហ្សាការតា និងបាងកក។
ក្រុមប្រឹក្សាពាណិជ្ជកម្មអាស៊ាន និងសហរដ្ឋអាមេរិកបានមានប្រសាសន៍ ថា ខ្លួននឹងបើកមជ្ឈមណ្ឌលសម្រាប់ទំនាក់ទំនងជាមួយនឹងអាស៊ាននៅក្នុងទីក្រុងធំៗទាំង៣នេះនៅខែក្រោយដើម្បីជួយពង្រឹង កិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិក នឹងសហគ្រាសអាស៊ីអាគ្នេយ៍ព្រមទាំងជំនួយដល់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម សហរដ្ឋអាមេរិកនៅក្នុងតំបន់នេះផងដែរ។ មជ្ឈមណ្ឌលនេះនឹងជួយផ្តល់ព័ត៌មានអំពីអាស៊ាន ដើម្បីជួយដល់អ្នកវិនិយោគ អាមេរិក។
ក្នុងកិច្ចប្រជុំនេះសហរដ្ឋអាមេរិកនិង អាស៊ានក៏បានយល់ព្រមពង្រីកតម្លាភាពនៅក្នុងការចេញនូវគោលនយោបាយនិងបទបញ្ញត្តិសម្រាប់សម្របសម្រួលដល់ កំណើននៃការវិនិយោគផងដែរ។ ដោយយោងទៅតាមក្រសួងពាណិជ្ជ កម្មនេះសហរដ្ឋអាមេរិកគឺជាដៃគូពាណិជ្ជ កម្មធំជាងគេបំផុតទី៤របស់អាស៊ាន។
ពាណិជ្ជកម្មទ្វេភាគីមានតម្លៃ២១២,៨ ពាន់លានដុល្លារសហរដ្ឋអាមេរិកាលពីឆ្នាំមុន។ សហរដ្ឋអាមេរិកគឺជាអ្នកវិនិយោគ បរទេសធំជាងគេបំផុតរបស់អាស៊ានដោយមានមូលធនវិនិយោគដំបូងចំនួន២៧៣,៤ពាន់លានដុល្លារសហរដ្ឋអាមេរិក។
ជាងនេះទៅទៀតនោះអំឡុងកិច្ចប្រជុំនេះអាស៊ាននិងជប៉ុនក៏បានយល់ព្រម ចំពោះការវិនិយោគផ្នែកសេវាកម្មនិងវិនិ យោគក្រោមកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចជប៉ុននិងអាស៊ានផងដែរ។
ភាគីទាំងពីរបានយល់ព្រមគ្នាទៅលើការធ្វើឱ្យមានភាពសេរីក្នុងវិស័យសារគមនាគមន៍និងហិរញ្ញវត្ថុហើយនិងបន្លាស់ប្តូរ ពលករជាដើម។
អាស៊ាននិងជប៉ុនក៏អនុញ្ញាតឱ្យមានផែនការមួយ ដើម្បីធ្វើកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច១០ឆ្នាំដែលនឹងចាប់ផ្តើមអនុវត្តចាប់ពីឆ្នាំ២០១៦នេះរហូតដល់ឆ្នាំ២០២៥ផង ដែរ។ ពួកគេនឹងធ្វើការជាមួយគ្នាដើម្បីជំរុញនូវសហគ្រាសធនតូចនិងមធ្យមកម្មសិទ្ធិ បញ្ញានិងបទដ្ឋានផ្សេងៗទៀតផងដែរ៕
ដោយ៖ រ័ត្ន