សេចក្តីប្រកាសព័ត៌មានស្តីពី «ការចុះអនុស្សរណៈនៃការយោគយល់រវាងក្រសួងព័ត៌មាន និងសាកលវិទ្យាល័យភ្នំពេញអន្តរជាតិស្តីពីកិច្ចសហប្រតិបត្តិការលើកម្មវិធីបណ្តុះបណ្តាលជំនាញក្នុងក្របខណ្ឌវិស័យព័ត៌មាននិងសោតទស្សន៍»

ចែករំលែក៖

ភ្នំពេញ​៖​ ធនធានមនុស្សជាកត្តាដ៏ចាំបាច់បំផុតមួយក្នុងការអភិវឌ្ឍវិស័យព័ត៌មាននិងសោតទស្សន៍កម្ពុជាហើយ សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ ក៏ដូចជាគ្រឹះស្ថានឧត្តមសិក្សាផ្សេងទៀត មានតួនាទីសំខាន់ក្នុងការចូលរួម ចំណែកបណ្តុះបណ្តាលធនធានមនុស្សតាមរយៈការបង្កើតកម្មវិធីសិក្សា និងផ្តល់ការបណ្តុះបណ្តាលជំនាញ ផ្នែកព័ត៌មាននិងសោតទស្សន៍ ដើម្បីធ្វើឱ្យធនធានមនុស្សសម្រាប់វិស័យព័ត៌មាននៅកម្ពុជាមានការរីកចម្រើន ឡើងទាំងបរិមាណ និងគុណភាព។ នេះជាប្រសាសន៍របស់ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន លើក ឡើងក្នុងឱកាសក្រសួងព័ត៌មាន និងសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (ស.ភ.ព.អ.) ចុះអនុស្សរណៈនៃការ យោគយល់ជាផ្លូវការលើកិច្ចសហប្រតិបត្តិការលើកម្មវិធីបណ្តុះបណ្តាលជំនាញ ក្នុងក្របខណ្ឌវិស័យព័ត៌មាន និងសោតទស្សន៍។

ពិធីចុះហត្ថលេខាបានប្រព្រឹត្តទៅ ក្រោមអធិបតី លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង ព័ត៌មាន និង លោកជំទាវ ទេព កូលាប សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិដោយមានការ ចូលរួមពីថ្នាក់ដឹកនាំក្រសួងព័ត៌មាន នាព្រឹកថ្ងៃពុធ ទី០៤ ខែធ្នូ ឆ្នាំ២០២៤ នៅសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ។

អនុស្សរណៈនៃការយោគយល់នេះត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការ ក្នុងភាពជាដៃគូ រវាងស្ថាប័នរដ្ឋ និងឯកជន សំដៅចូលរួមចំណែកដល់ការបណ្តុះបណ្តាលធនធានមនុស្សក្នុង វិស័យព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ ឱ្យស្របតាមការវិវត្តិយ៉ាងលឿន និងអត់ឈប់ឈរក្នុងវិស័យនេះ ដែលកំពុងត្រូវបានជំរុញដោយបច្ចេកវិទ្យាទំនើប និងបញ្ញាសិប្បនិម្មិត (Artificial Intelligence: AI)។

ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់នេះ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីសារៈ សំខាន់ និងភាពចាំបាច់ ក្នុងការបង្កើតកម្មវិធីសិក្សាសមស្រប សម្បូណ៍បែប និងទំនើប ដើម្បីឱ្យយុវជនជំនាន់ ក្រោយ ដែលមានចំណាប់អារម្មណ៍លើជំនាញនេះ មានឱកាសក្នុងការទទួលបានការបណ្តុះបណ្តាល ទាំងក្នុង កម្រិតបរិញ្ញាបត្រ បរិញ្ញាបត្ររង និងកម្រិតវិជ្ជាជីវៈ។

លោករដ្ឋមន្ត្រី បានមានប្រសាសន៍ថា៖ «កិច្ចសហប្រតិបត្តិការនេះ នឹងចូលរួមធ្វើឱ្យកម្ពុជាមាន ធនធានមនុស្ស ក៏ដូចជាកសាងអ្នកបន្តវេនក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ ប្រកបដោយគុណភាព សមត្ថភាព និងចំណេះជំនាញពិតប្រាកដ ដើម្បីចូលរួមបង្កើនជំនឿទុកចិត្តពីសាធារណជនមកលើវិស័យព័ត៌មាននៅកម្ពុជា»។

កម្មវិធីសិក្សាដែលនឹងរៀបចំឡើងក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការនេះផ្តល់សារៈសំខាន់ទាំងលើទ្រឹស្តី និងការអនុវត្តផ្ទាល់ ដោយមិនត្រឹមតែលើផ្តោតជំនាញសារព័ត៌មាន ការសរសេរអត្ថបទ ផលិតនិងការផ្សាយ ព័ត៌មានបែបប្រពៃណីប៉ុណ្ណោះទេ ក្រសួងព័ត៌មាន និងសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ នឹងដាក់បញ្ចូល ការបណ្តុះបណ្តាលជំនាញពហុព័ត៌មាន និងទិដ្ឋភាពប្រព័ន្ធផ្សព្វផ្សាយគ្រប់ទម្រង់សំខាន់ៗក្នុង វិស័យព័ត៌មាន និងសោតទស្សន៍ ដើម្បីឆ្លើយតបនឹងតម្រូវការក្នុងយុគសម័យឌីជីថល ក្នុងនោះរាប់បញ្ចូលទាំងមុខវិជ្ជាស្នូល ដែលមានដូចជា៖ សារព័ត៌មាន, ជំនាញផលិតកម្មវិធីទូរទស្សន៍, សារព័ត៌មានឌីជីថល, ទំនាក់ទំនងសាធារណៈ និងទីផ្សារផ្សព្វផ្សាយពាណិជ្ជកម្ម, ប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍ (Interactive Media)។

នាឱកាសនោះដែរ លោកស្រី ទេព កូលាប សាកលវិទ្យាធិការ បានបង្ហាញនូវភាពរីករាយ និងបានថ្លែង អំណរគុណជូនចំពោះ លោករដ្ឋមន្ត្រី ដែលបានផ្តល់សេចក្តីទុកចិត្ត និងចាប់ដៃគូជាមួយសាកលវិទ្យាល័យ ភ្នំពេញអន្តរជាតិក្នុងក្របខណ្ឌនៃការបណ្តុះបណ្តាលធនធានមនុស្សដ៏មានសារៈសំខាន់នេះ។ លោកស្រីសាកល វិទ្យាធិការ បានបង្ហាញពីការប្តេជ្ញាចិត្តធ្វើយ៉ាងណាឱ្យវគ្គសិក្សាអាចបើកជូនសិស្ស និស្សិតបានក្នុងពេលឆាប់ៗ នេះ ព្រមទាំងរៀបចំផែនការយុទ្ធសាស្ត្រ ដើម្បីធានានិរន្តភាពនៃកម្មវិធីសិក្សានេះ។

...

គួររំលឹកផងដែរថា ក្រៅពីកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ ក្នុងក្របខណ្ឌ អភិវឌ្ឍធនធានមនុស្សក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ ក្រសួងព័ត៌មានបានដំណើរការមជ្ឈមណ្ឌលបណ្តុះ បណ្តាលវិក្រឹត្យការវិជ្ជាជីវៈសារព័ត៌មានរបស់ខ្លួនឡើងវិញ កាលពីចុងឆ្នាំ២០២៣កន្លងទៅនេះ។ ជាមួយគ្នានេះដែរ ក្នុងក្របខណ្ឌនៃការអភិវឌ្ឍនិងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ក្រសួងព័ត៌មាននឹងបន្តយកចិត្តទុកដាក់ ព្រមទាំង បើកទូលាយលើកិច្ចសហប្រតិបត្តិជាមួយតួអង្គពាក់ព័ន្ធដទៃទៀត ដើម្បីចូលរួមលើកកម្ពស់វិស័យព័ត៌មាននិង សោតទស្សន៍នៅកម្ពុជាឱ្យកាន់តែរីកចម្រើនឡើង រួមចំណែកដល់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចប្រកបដោយចីរភាព៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print