ភ្នំពេញ ៖ បុរសម្នាក់បានជិះម៉ូតូម៉ាកហុងដាឌ្រីម ជ្រុលទៅបុករថយន្តមួយគ្រឿងដែលធ្វើដំណើរស្របទិសគ្នា ខណៈពេលដែលបើកឆ្លងផ្លូវបណ្តាលឱ្យរងរបួសធ្ងន់ធរ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ។ ហេតុការណ៍នេះកើតឡើងនៅម៉ោង១១ ព្រឹក ត្រូវនឹងថ្ងៃទី ០៥ ខែធ្នូឆ្នាំ២០២៤ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៥១៦ ជិតមណ្ឌលសុខភាពសង្កាត់បឹងកក់១ ខណ្ឌទួលគោក ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ មានបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០២៣ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1X-4879 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៥១៦ ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន លុះធ្វើដំណើរមកដល់ចំនុចកើតហេតុក៏ជិះម៉ូតូទៅបុករថយន្តមួយគ្រឿងម៉ាក NISSAN NAVARA ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ រដ្ឋ18 2-0168 ដែលបត់ឆ្លងផ្លូវចំពីចំហៀងខាងឆ្វេងរថយន្ត បណ្ដាលឱ្យដួលអូសជិត៥ម៉ែត្រ រងរបួសសន្លប់ធ្ងន់ធ្ងរ ហើយភ្លាមៗនោះបងប្អូនប្រជាពលរដ្ឋបានទាក់ទងទៅកាន់រថយន្តសាមុយដើម្បីមកដឹកជនរងគ្រោះទៅសង្រ្គោះនៅមន្ទីរពេទ្យ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុ ហើយបានធ្វើការទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍មកធ្វើការវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ ៕ដោយ ៖ ភារ៉ា ដង្កោ