វៀងចន្ទន៍ ៖ វេលាម៉ោង ៧៖៣០នាទីយប់ថ្ងៃទី០៥ ខែធ្នូនេះ នៅពហុកីឡដ្ឋានជាតិឡាវថ្មី នាទីក្រុងវៀងចន្ទន៍ ប្រទេសឡាវក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា នឹងត្រូវជួបក្រុមជម្រើសជាតិនារីឥណ្ឌូនេស៊ីជាថ្មី ក្នុងវគ្គផ្ដាច់ព្រ័ត្រនៃការប្រកួតបាល់ទាត់នារីជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៤ (AFF Women’s Cup 2024) ចាំមើលតើក្រុមណា នឹងក្លាយជាម្ចាស់ពានប្រចាំតំបន់ផ្នែកបាល់ទាត់នារីនេះ?
គួរដឹងថា ក្រុមទាំងពីរបានជួបគ្នាក្នុងពូលម្ដងរួចមកហើយ ដោយលទ្ធផលស្មើគ្នា ០-០ កាលពីថ្ងៃទី២៣ ខែវិច្ឆិកាកន្លងទៅ។ ប៉ុន្ដែអ្នកគាំទ្រមើលឃើញថា ក្រុមបាល់ទាត់នារីកម្ពុជា មានប្រៀបជាង ដ្បិតជួបគ្នាក្នុងពូល កម្ពុជាបានដាក់សម្ពាធច្រើនលើឥណ្ឌូនេស៊ី។ ហេតុនេះ ពួកគេសង្ឃឹមក្រោមការដឹកនាំរបស់លោក ឃួន ឡាបូរ៉ាវី កម្ពុជានឹងអាចធ្វើបានកាន់តែល្អថែមទៀត ក្នុងវគ្គផ្ដាច់ព្រ័ត្រយប់នេះ ដើម្បីគ្រងជើងឯក។
ជាមួយគ្នាដែរ កីឡាការិនី ពឿន គន្ធា និង សឿន វីផា ដែលជាអ្នករកបានគ្រាប់បាល់យកឈ្នះទីម័រខាងកើត ៣-០ ជួយឲ្យក្រុមជម្រើសជាតិនារីកម្ពុជា បើកទំព័រប្រវត្ដិថ្មីឡើងមកដល់វគ្គផ្ដាច់ព្រ័ត្រនេះ បានបង្ហាញនូវការប្ដេជ្ញាចិត្តខ្ពស់ ដោយពួកគេនឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីទទួលបានជ័យជម្នះ ពិសេសពានរង្វាន់ AFF Women’s Cup 2024 ជូនជាតិមាតុភូមិ និងអ្នកគាំទ្រវិស័យបាល់ទាត់កម្ពុជាផងដែរ។
គួរដឹងថា ពាន AFF Women’s Cup ជាពានលើកដំបូង ដែលសហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ (AFF) បានរៀបចំការប្រកួតប្រជែងសម្រាប់ក្រុមមានកម្រិតទាងទាំង៦ គឺមានកម្ពុជា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ឡាវ សិង្ហបុរី និងទីម័រខាងកើត។ បន្ទាប់មកក្រុមជាប់លេខ១ លេខ២ និងលេខ៣ នឹងទទួលបានកៅអីលេងពាន AFF Women’s Championship 2025 ជាមួយបេក្ខភាព ៤ក្រុមទៀត ដែលកំពុងឈរចាំ។ ដូច្នេះកម្ពុជា និងឥណ្ឌូនេស៊ី គឺបានទទួលកៅអីលេងពានកម្រិតខ្ពស់ប្រចាំតំបន់នេះដោយស្វ័យប្រវត្តិហើយ។
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា សូមជម្រាបជូនបងប្អូនអ្នកគាំទ្រទាំងអស់ឱ្យបានជ្រាបថា សម្រាប់ការប្រកួតវគ្គផ្ដាច់ព្រ័ត្ររបស់ក្រុមកីឡាការិនីជម្រើសជាតិកម្ពុជា ក្នុងពានរង្វាន់ AFF Women’s Cup 2024 នៃវគ្គផ្តាច់ព្រ័ត្រ នឹងមានការផ្សាយផ្ទាល់នៅលើគេហទំព័រហ្វេសប៊ុកផេកផ្លូវការរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងផេកផលិតផលរបស់ក្រុមហ៊ុនVATTANAC ដែលការផ្សាយផ្ទាល់នេះ នាំមកជូនផ្ដាច់មុខដោយក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី Vattanac Brewer ! សូមអរគុណ! “ទាំងអស់គ្នាដើម្បីកម្ពុជា”។ ដោយឡែក ទូរទស្សន៍ជាតិកម្ពុជា នឹងផ្សាយបន្តផ្ទាល់ពីប្រទេសឡាវ ការប្រកួតបាល់ទាត់ពានរង្វាន់ AFF WOMAN’S CUP 2024 វគ្គផ្តាច់ព្រ័ត្រ ចាប់ពីម៉ោង ៧:៣០ នាទីយប់នេះតទៅ លេីកញ្ចក់ទូរទស្សន៍ជាតិកម្ពុជា នឹងផេកផ្លូវការទូរទស្សន៍ជាតិកម្ពុជា ទទក ។
លោក ឃួន ឡាបូរ៉ាវី គ្រូជម្រើសជាតិនារីកម្ពុជា បានបង្ហាញនូវក្តីសង្ឃឹមរួចទៅហើយ លោកថា កម្ពុជាត្រូវត្រឡប់មកវិញជាជ័យជម្នះពានមកកាន់កម្ពុជា ដើម្បីកិត្តិយសប្រទេសជាតិ ៕
ដោយ ៖ សិលា