ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជា អធិបតីដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅទីស្តីការនាយករដ្ឋមន្ត្រី (វិមានសន្តិភាព) នាព្រឹក ថ្ងៃសុក្រ ៦កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីពិភាក្សា និងឆ្លង របៀបវារៈសំខាន់ៗ ដូចខាងក្រោម៖
១. សេចក្តីព្រាងច្បាប់ស្តីពីជលផល
សេចក្តីព្រាងច្បាប់នេះ មាន ១៥ជំពូក ១០៥មាត្រា និងឧបសម្ព័ន្ធចំនួន២ ត្រូវបានរៀបចំឡើងក្នុង គោលបំណងធានាសន្តិសុខស្បៀងប្រកបដោយនិរន្តរភាព សេដ្ឋកិច្ចនិងបរិស្ថាន ស្របនឹងបរិបទនៃការរីកចម្រើន សេដ្ឋកិច្ចសង្គម និងបច្ចេកវិទ្យា ក៏ដូចជាការទ្រទ្រង់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ តាមរយៈការគ្រប់គ្រង ការអភិរក្ស និងការអភិវឌ្ឍវិស័យជលផលប្រកបដោយប្រសិទ្ធភាព និរន្តរភាព និងបរិយាបន្ន ទាំងថ្នាក់ជាតិ តំបន់ និងអន្តរជាតិ ព្រមទាំងការការពារសិទ្ធិនិងផលប្រយោជន៍ជូនប្រជានេសាទ សហគមន៍នេសាទ វារីវប្បករ និងអាជីវករដែលធ្វើអាជីវកម្មផល ផលិតផលជលផល។
សេចក្តីព្រាងច្បាប់នេះ ធ្វើឡើងស្របតាមយុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល និងគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ សំដៅ ញនិងលើកកម្ពស់ការចូលរួមទទួលខុសត្រូវរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការការពារ ការអភិរក្ស និង ការអភិវឌ្ឍធនធានជលផល និងចូលរួមជាមួយបណ្តាប្រទេសដៃគូអភិវឌ្ឍនានា ក្នុងការគ្រប់គ្រងនិងអភិរក្ស ធនធានជលផលប្រកបដោយនិរន្តរភាព ទាំងក្នុងក្របខ័ណ្ឌជាតិ តំបន់ និងអន្តរជាតិ ជាពិសេសប្រឆាំង សកម្មភាពពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានបញ្ញត្តិ។
ក្រោយពីកិច្ចពិភាក្សារួចមក សម្តេចធិបតី បានប្រគល់ភារកិច្ចជូន ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រី ប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ដឹកនាំសម្របសម្រួលកិច្ចប្រជុំអន្តរក្រសួងរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង ក្រសួងសាធារណៈការនិងដឹកជញ្ជូន ពិនិត្យលម្អិតនិងកែសម្រួលនូវមាត្រាមួយចំនួន ដើម្បីធានាសង្គតិភាពក្នុងការអនុវត្ត មុននឹងបញ្ជូនទៅកាន់ សម្តេចធិបតី ផ្ទាល់ ដើម្បីពិនិត្យនិងសម្រេចចុងក្រោយៗ។
២. សេចក្តីព្រាងច្បាប់ស្តីពីការទទួលខុសត្រូវលើផលិតផលមានវិការៈ បន្ទាប់ពីកិច្ចពិភាក្សារួចមក សេចក្តីព្រាងច្បាប់ស្តីពីការទទួលខុសត្រូវលើផលិតផលមានវិការៈនេះ ត្រូវបាន អង្គប្រជុំគណៈរដ្ឋមន្ត្រី សម្រេចរក្សាទុកមួយអន្លើសិន ដោយត្រូវបន្តអនុវត្តច្បាប់ដែលមានស្រាប់។
៣. បញ្ហាផ្សេងៗ៖
ជាកិច្ចចាប់ផ្តើមបើកកិច្ចប្រជុំ៖ សម្តេចធិបតី បានកត់សម្គាល់ថា ក្នុងរយៈពេលជាងមួយខែចុងក្រោយនេះ កម្ពុជាពិតជាមានមោទនភាពយ៉ាងក្រៃលែង ដែលសម្រេចបាននូវព្រឹត្តិការណ៍ដ៏សំខាន់ៗចំនួន ៤ រួមមាន៖
ទី១- កម្ពុជាបានធ្វើជាម្ចាស់ផ្ទះ និងជាប្រធានដឹកនាំកិច្ចប្រជុំប្រកបដោយជោគជ័យ ចំនួន ៤ គឺ ១. កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ នៃអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (IDC-CDI) ២. មហាសន្និបាតសន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ីលើកទី១២ (ICAPP12) ៣. សម័យ ប្រជុំពេញអង្គ នៃសភាអន្តរជាតិសម្រាប់ការអត់ឱន និងសន្តិភាពលើកទី១១ (IPTP11) និង ៤. កិច្ចប្រជុំកំពូល សៀមរាប-អង្គរស្តីពី ពិភពលោកមួយដែលគ្មានមីន។ សម្តេចធិបតី បានកត់សម្គាល់ថា ព្រឹត្តិការណ៍ទាំងនេះ ផ្តោតសំខាន់លើ សន្តិភាព ការផ្សះផ្សាជាតិ និងការអត់ឱន ដែលសុទ្ធសឹងជាគោលការណ៍គ្រឹះនៃនយោបាយ ឈ្នះ-ឈ្នះ និងជាបទពិសោធន៍សម្រាប់ការចែករំលែកជាសាកល ជាពិសេសបណ្តាប្រទេសដែលកំពុងជួបប្រទះ ជម្លោះនិងសង្គ្រាមស៊ីវិល។ លើសពីនេះ លទ្ធផលគួរជាទីមោទនៈដែលគួររំលេចនោះគឺ សម័យប្រជុំពេញអង្គនៃ សភាអន្តរជាតិសម្រាប់ការអត់ឱន និងសន្តិភាពលើកទី១១ បានគាំទ្រការអនុម័តធម្មនុញ្ញសន្តិភាពសកល (UPC) ជាគំនិតផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលអាចក្លាយជាក្របខ័ណ្ឌនៃកិច្ចសហ ប្រតិបត្តិការអន្តរជាតិ ដើម្បីលើកកម្ពស់សន្តិភាព សន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍ ក្នុងចំណោមប្រជាជាតិ សហគមន៍ និងសកលលោក។
ទី២- ការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក
ទី៣- ការរៀបចំ «ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរវត្តលើកទី២៩ ឆ្នាំ២០២៤»
ទី៤- ការចុះបញ្ជី «ក្រមា» របស់ជាតិខ្មែរ តំណាងបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ របស់អង្គការ យូណេស្កូ កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ នៅទីក្រុងអាសង់ស្យុង សាធារណរដ្ឋប៉ារ៉ាហ្គាយ។
– សម្តេចធិបតី បានណែនាំឱ្យបន្តការយកចិត្តទុកដាក់ក្នុងការទប់ស្កាត់ និងបង្ក្រាបល្បែងស៊ីសងខុសច្បាប់ ល្បែងអនឡាញ ល្បែងផ្សងសំណាង និងការជួញដូរគ្រឿងញៀន គ្រប់ប្រភេទនៅតាមមូលដ្ឋាន។
– សម្តេចធិបតី បានណែនាំអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ធានាឱ្យបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ សាធារណៈ និងអនាម័យ ដើម្បីសម្រួលដល់ការចូលរួមកម្សាន្តរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងឱកាសនៃពិធីបុណ្យ សមុទ្រលើកទី១១ (ថ្ងៃទី១៣-១៥ ខែធ្នូ ឆ្នាំ២០២៤ ខេត្តកំពត) ការប្រកួតបាល់ទាត់មិត្តភាពអបអរសាទរ ទិវាសន្តិភាពនៅកម្ពុជាលើកទី១ (ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ រាជធានីភ្នំពេញ) និងពិធីបុណ្យចូលឆ្នាំសកល ២០២៥។ ជាមួយគ្នានេះ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្ត ចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយនៅព្រឹត្តិការណ៍ ដ៏សំខាន់ទាំងនេះ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកចូលរួមឱ្យបានច្រើនគរ។- សម្តេចធិបតី បានណែនាំរដ្ឋបាលរាជធានី-ខេត្តពិនិត្យការផ្សព្វផ្សាយប៉ាណូពាណិជ្ជកម្មស្រាបៀរ គួរកំណត់ ឱ្យមានអប្បបរមានៅតាមផ្លូវនិងទីសាធារណៈ ជំនួសមកវិញត្រូវផ្សព្វផ្សាយអំពីសមិទ្ធផល និងអត្តសញ្ញាណទេសចរណ៍ នៅតាមរាជធានី-ខេត្តរបស់ខ្លួន ឱ្យបានជាអតិបរមា៕ដោយ៖តារា