រឿង÷ ពេលដែលម៉ែឃ្លាតទៅ!

ចែករំលែក៖

ក្នុងខែមេសាឆ្នាំ 1975 ខ្ញុំមានអាយុ 8 ឆ្នាំ ខ្ញុំនៅចាំយ៉ាងច្បាស់ថាពេលនោះខ្ញុំកំពុងលេងផ្លុំភឿកនៅលើបង្កាន់ដៃសាលារៀនជាមួយមិត្តភក្តិប្រុសៗពីរបីនាក់ ចំណែកឯមិត្តភក្តិដទៃទៀត នាំគ្នាចុះទៅលេងនៅទីធ្លាមុខសាលារៀន។
ចូលដល់ក្នុងថ្នាក់ សំឡេងជជែកគ្នាពីការចេញលេងលាន់ឮកងរំពងរកស្ដាប់អ្វីមិនឮ ទាល់តែលោកគ្រូដើរចូលមកទើបសិស្សគ្រប់គ្នាស្ទុះក្រោកឈរព្រមៗគ្នាឮតែព្រឹបៗ ស្ងាត់មាត់ជ្រៀប។ លោកគ្រូឈានជើងដើរឡើងលើជើងទម្រពីមុខក្តារខៀនទើបឲ្យសិស្សអង្គុយតាមសម្រួល។
លោកគ្រូក៏ចាប់ផ្ដើមនិយាយផ្ដែផ្ដាំថា ចាប់ពីស្អែកទៅយើងវ៉ាកងតូចចូលឆ្នាំ រួចហើយបានយើងចូលរៀនវិញ។ នៅផ្ទះប្រឹងរៀនកុំទុកសៀវភៅចោលឮទេ! ។ សិស្សក៏ឆ្លើយបាទ.ចា៎ ព្រមៗគ្នា។ មិនបង្អង់យូរលោកគ្រូក៏បាននិយាយបន្តទៀតថា នៅផ្ទះកុំគេងទ្រមក់ឆាប់ក្រោកពីព្រលឹមរៀនសរសេរអក្សរផ្ចង់ ឧស្សាហ៍សរសេរពេលព្រឹកដើម្បីឲ្យធ្លាប់ដៃឲ្យស្អាតល្អ។ និយាយចប់សព្វគ្រប់លោកគ្រូក៏អនុញ្ញាតឱ្យយើងចេញទៅផ្ទះ។សំឡេងសិស្សស្រែកហ៊ោកញ្ជ្រៀវសប្បាយអរបានចេញទៅផ្ទះ និងឈប់សម្រាកក្នុងថ្ងៃបុណ្យចូលឆ្នាំប្រពៃណីខ្មែរ។
មិននឹកស្មានថាពាក្យ(វ៉ាកងតូច) របស់លោកគ្រូបានក្លាយទៅជាវិស្សមកាលយ៉ាងយូរដូច្នេះសោះ។ចប់ពិធីបុណ្យចូលឆ្នាំខ្មែរសឹងតែមិនទាន់គឺនៅថ្ងៃ 19 ខែមេសា ឆ្នាំ 1975 ខ្ញុំត្រូវហាមឃាត់មិនឲ្យទៅសាលារៀនទៀតទេព្រោះសភាពការណ៍ប្រែប្រួលខ្ញុំឮតែចាស់ៗនាំគ្នាជជែកពីរឿងកន្សែងក្រហមចូលមកដល់ណា។ ខ្ញុំមិនចាប់អារម្មណ៍នឹងរឿងមនុស្សចាស់ឡើយ។ ម៉ោងប្រហែល 2 រសៀលខ្ញុំឃើញរថក្រោះកង់កៅស៊ូបើកកាត់មុខផ្ទះរបស់ខ្ញុំបី គ្រឿងផ្ទុកដោយកងទ័ពស្លៀកពាក់ខោអាវខ្មៅពេញៗ។ ទៅបាត់បានប្រហែលមួយម៉ោងទើបឃើញពួកគេត្រឡប់មកវិញលឿនណាស់ធ្វើដំណើរឆ្ពោះចេញទៅខាងព្រំដែន។ មួយសន្ទុះក្រោយមកឪពុករបស់ខ្ញុំមកដល់ផ្ទះរួចប្រាប់ម្ដាយរបស់ខ្ញុំថា សៀមមកនិមន្តលោកតាឪទៅបាត់ហើយ។ ខ្ញុំតក់ស្លុតជាខ្លាំង។ពីព្រោះលោកតាឪជាព្រះចៅអធិការវត្តកោងកាងដែលមិត្តភក្តិនៅសាលារៀនរបស់ខ្ញុំធ្លាប់បានទៅជួយរើសថ្មនៅថ្ងៃធ្វើហត្ថកម្មដើម្បីកសាងសង់ស្ពានអូរតង ហើយពេលនោះព្រះតេជគុណក៏បានចែកឆាយាល័ក្ខណ៍របស់លោកដល់អ្នកចូលរួមម្នាក់មួយៗដើម្បីទុកជារបស់អនុស្សាវរីយ៍ដែរ។
ចាប់តាំងពីពេលនោះមក ខ្ញុំឃើញម្ដាយរបស់ខ្ញុំរវល់ណាស់រៀបចំមិនចេះចប់មិនចេះហើយទេ។ ជួនកាលខ្ញុំឃើញគាត់ដេរកូនថង់វែងៗរួចយកមកព័ទ្ធចង្កេះសាកលមើល។ ពេលខ្លះគាត់យកមកលនឹងចង្កេះរបស់ខ្ញុំក៏មានដែរ។ ក្រៅពីនោះខ្ញុំឃើញឪពុករបស់ខ្ញុំ។ដឹកអង្ករពីរទៅបីបាយឆ្នូតយកមកទុកក្នុងផ្ទះ។ គាត់ថាយ៉ាងណាៗមានអង្ករទុកឱ្យកូនស៊ី។ ខ្ញុំមិនខ្វល់អ្វីឡើយគិតតែពីលេងជាមួយប្អូនៗរបស់ខ្ញុំ។ ពេលនឹកដល់សម្ដីលោកគ្រូដែលប្រាប់កុំទុកសៀវភៅចោល ខ្ញុំពេលខ្លះក៏ចាប់កាន់សៀវភៅមកអានខ្លះៗកុំឲ្យភ្លេចមេរៀនដែលបានរៀន។
ព្រលឹមស្រាងៗថ្ងៃមួយក្នុងខែមេសាឆ្នាំ 1975 ខ្ញុំឃើញឡានហ្សីបមានដាក់មេក្រូ (ឧបករណ៍បំពងសំឡេង)ពាក់ពីលើឡានបើកចុះឡើងៗ ប្រកាសឲ្យប្រជាជនចាកចេញពីលំនៅឋាន។ ពួកគេប្រកាសថាបងប្អូនពុកម៉ែទាំងអស់គ្នា សូមប្រញាប់រួសរាន់ចាកចេញពីលំនៅឋាន ដើម្បីទុកទីកន្លែងឲ្យបក្សដើម្បីរៀបចំសណ្ដាប់ធ្នាប់ឡើងវិញ ព្រោះខ្លាចយន្តហោះអាមេរិកមកទម្លាក់គ្រាប់បែកសម្លាប់បងប្អូនពុកម៉ែម្ដងទៀត។ បងប្អូនអាចវិលត្រឡប់ទៅស្រុកកំណើតរបស់បងប្អូនរៀងៗខ្លួនបាន។ អ្នកណាកើតនៅស្រុកណាអាចវិលត្រឡប់ទៅស្រុកនោះវិញបាន បក្សមិនហាមឃាត់បងប្អូនពុកម៉ាយទេ តែបើបងប្អូនណាមិនព្រមចាកចេញបក្សនិងបោសសម្អាត ។ ហើយពួកគេក៏បានស្រែកបន្តដដែលៗថាសូមស្ដាប់ៗ បងប្អូនពុកម៉ែទាំងអស់គ្នា សូមរួសរាន់ចាកចេញពីលំនៅឋានឲ្យបានឆាប់។
ខ្ញុំមិនដែលឮនឹងឃើញព្រឹត្តិការណ៍បែបនេះទេ ហើយខ្ញុំភ័យណាស់មិនហ៊ានដើរទៅណាឆ្ងាយពីឪពុករបស់ខ្ញុំឡើយ។ កងទ័ពអាវខ្មៅមានកាំភ្លើងស្ពាយជាប់លើស្មាបានធ្វើសកម្មភាពបែបនេះពីរបីថ្ងៃធ្វើឲ្យទីប្រជុំជនទាំងមូលមានសភាពរំជើបរំជួលជាខ្លាំង ហើយនៅទីបំផុតគេក៏ប្រកាសដេញប្រជាពលរដ្ឋឲ្យចេញជាដាច់ខាត។ ក្រុមគ្រួសាររបស់ខ្ញុំក៏ដូចក្រុមគ្រួសារដទៃទៀត ត្រូវចាកចេញពីលំនៅឋានទាំងអស់គ្នាដោយក្តីអាឡោះអាល័យ ។ ព្រឹកព្រលឹមស្រាងៗសំឡេងខ្ញៀវខ្ញាកងរំពងពេញលើដងវិថីដោយមានចំនួនមនុស្សកកកុញ និងយានយន្តគ្រប់ប្រភេទប្រជ្រៀតគ្នាស្ទើរតែទៅមុខមិនរួច។ រថយន្តឡុងរវែលរបស់ឪពុកខ្ញុំ។បានលូនសន្សឹមៗពីក្រោយរថយន្តដទៃទៀតបន្តកន្ទុយគ្នាឥតដាច់។ កងទ័ពអាវខ្មៅធ្វើការយាមកាមយ៉ាងតឹងតែងបំផុតដោយសារស្រុករតន:មណ្ឌលនៅជាប់នឹងព្រំដែនថៃ ហើយពួកគេមិនឲ្យអ្នកធ្វើដំណើរឆ្ពោះទៅទិសខាងព្រំដែនឡើយ។ កងទ័ពអាវខ្មៅលើកដៃជាសញ្ញាឲ្យមនុស្សទាំងអស់ធ្វើដំណើរតម្រង់ចូលមកក្នុងខេត្ត។អ្នកដំណើរទាំងអស់មិនហ៊ានប្រឆាំងនឹងបទបញ្ជាកងទ័ពអាវខ្មៅទេ ព្រោះពួកគេមានកាន់កាំភ្លើងច្រូងច្រាងហើយក៏មានបាញ់កាំភ្លើងឡើងលើមួយគ្រាប់ពីរគ្រាប់ដើម្បីធ្វើឲ្យអ្នកដំណើរទាំងអស់ភ័យខ្លាចផងដែរ។ មិនយូរប៉ុន្មានស្រាប់តែមានការកកស្ទះរថយន្តទៅមុខមិនរួចនៅត្រង់ចំណុចភូមិស្ដៅ។ ឪពុករបស់ខ្ញុំចុះទៅមើលមួយសន្ទុះក្រោយមកគាត់ត្រឡប់មកប្រាប់ម្ដាយរបស់ខ្ញុំវិញថា ” ឯង! គេលែងឱ្យយើងយកឡានទៅមុខទៀតហើយ គេប្រមូលទុកច្រើនណាស់បន្តិចទៀតឯងឃើញហើយមួយវាលធំសុទ្ធតែឡាន កង់និង ម៉ូតូ។ គេឲ្យយើងទុកចោលនៅទីនោះហើយឱ្យយើងដើរទាំងអស់គ្នា” ។ អ៊ីចឹង យើងធ្វើយ៉ាងម៉េចទៅឯង?


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print