ខេត្តបន្ទាយមានជ័យៈ ជនសង្ស័យ៣នាក់ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃពុធ ទី១១ ខែធ្នូ ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី។
សមត្ថកិច្ចបញ្ជាក់ថាៈនៅវេលាម៉ោង០៩និង៣០នាទី ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានធ្វើការស្រាវជ្រាវ មុខសញ្ញាពាក់ព័ន្ធករណី លួចម៉ូតូ និងទទួលផលចោរកម្ម ដែលជាក្រុមមុខសញ្ញាលួចយ៉ាងសកម្មក្នុងភូមិសាស្ដ្រក្រុងសិរីសោភ័ណ រហូតដល់ចំណុចភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ឈានដល់ការឃាត់ជនសង្ស័យបានចំនួន០១នាក់ ឈ្មោះ គុន្ធ ស្រីលិ ភេទស្រី អាយុ២៧ឆ្នាំ រស់នៅភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរិសោភ័ណ ហើយនាំខ្លួនមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីធ្វើការសួរនាំ។ ក្រោយស្តាប់ចម្លេីយសារភាពរបស់ជនសង្ស័យ លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានដឹកនាំកម្លាំងចុះប្រតិបត្តិការឃាត់ខ្លួនបក្ខពួកជាបន្ដបន្ទាប់ចំនួន ០២នាក់បន្ថែមទៀត ១/-ឈ្មោះ មិច គំនិត ភេទប្រុស អាយុ៤៣ឆ្នាំ និងឈ្មោះ ទិព្វ វឹលបែង ភេទប្រុស អាយុ ២៣ឆ្នាំ នៅចំណុចភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ព្រមទាំងចាប់យកវត្ថុតាង ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ ២០២៤ គ្មានផ្លាកលេខ ចំនួន០១គ្រឿង រួចនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដើម្បីធ្វើការសួរនាំ និងធ្វើតេស្តទឹកនោមរកសារធាតុញៀន បញ្ជាក់ថាវិជ្ជមាន(+)ចំនួនពីរនាក់គឺ ឈ្មោះ ទិព្វ វឹលបែង និងឈ្មោះ គុន្ធ ស្រីលិ ។លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ពិនិត្យឃើញថា ពិតជាមានការស៊ីសង្វាក់គ្នាយ៉ាងជាក់លាក់ពីករណីខាងលើ ហើយជនសង្ស័យឈ្មោះ គុន្ធ ស្រីលិ ភេទស្រី អាយុ២៧ឆ្នាំ និងឈ្មោះ ទិព្វ វឹលបែង ភេទប្រុស អាយុ២៣ឆ្នាំ រងការចោទ ប្រកាន់ពីករណីទទួលផលចោរកម្ម(ម៉ូតូ) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ ដោយឡែកឈ្មោះ មិច គំនិត ភេទប្រុស អាយុ៤៣ឆ្នាំ គឺជាមេក្លោង ទទួលផលចោរកម្ម នៃបទល្មើសលួចម៉ូតូ ដែលប្រព្រឹត្តយ៉ាងសកម្ម នៅក្នុងភូមិសាស្រ្ដក្រុងសិរីសោភ័ណ និងក្រុងប៉ោយប៉ែត។ ដោយផ្អែកលេីចម្លេីយសារភាពនិងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។ ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូង ដើម្បីអនុវត្តតាមនីតិវិធី៕
ដោយ៖ វណ្ណា