អន្តរជាតិ ៖ នៅរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ លោកស្រី Mao Ningអ្នកនាំពាក្យក្រសួងការបរទេសចិន បានថ្លែងនៅថ្ងៃទី១០ខែធ្នូថា ចាប់តាំងពីខែតុលាឆ្នាំ២០២៣មក សហភាពអឺរ៉ុបបានដាក់ចេញចំណាត់ការរឹតត្បិតផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មចំនួនជាង ៤០ ចំពោះប្រទេសចិន។ សង្ឃឹមថាភាគីអឺរ៉ុបនឹងស្តាប់ដោយយកចិត្តទុកដាក់និងដោះស្រាយកង្វល់និងសំណូមពរដែលសមហេតុផលរបស់ក្រុមហ៊ុនចិន ព្រមទាំងផ្តល់បរិយាកាសពាណិជ្ជកម្មប្រកបដោយតម្លាភាព យុត្តិធម៌និងមិនរើសអើងសម្រាប់ក្រុមហ៊ុនចិនក្នុងការវិនិយោគនិងធ្វើអាជីវកម្មនៅអឺរ៉ុប។
គេហទំព័រ «CCFR China state-controlled media » លោកស្រី Mao Ning បានបន្តថា របាយការណ៍ពាក់ព័ន្ធដែលចេញផ្សាយដោយសភាពាណិជ្ជកម្មចិននៅសហភាពអឺរ៉ុបដែលបានឆ្លុះបញ្ចាំងពីការព្រួយបារម្ភយ៉ាងខ្លាំងរបស់សហគ្រាសទុនវិនិយោគចិននៅអឺរ៉ុបចំពោះការធ្លាក់ចុះជាបន្តបន្ទាប់នៃបរិយាកាសពាណិជ្ជកម្មសហភាពអឺរ៉ុប ដែលក្រុមហ៊ុនដែលផ្តល់បទសម្ភាសន៍ចំនួន ៦៨% បានយល់ឃើញថា បរិយាកាសអាជីវកម្មទាំងមូលនៅសហភាពអឺរ៉ុបកាន់តែយ៉ាប់យ៉ឺននៅឆ្នាំមុន មានជាងពាក់កណ្តាលបានសម្គាល់ថាទីផ្សារសហភាពអឺរ៉ុបលែងមានភាពយុត្តិធម៌ និងបើកចំហទៀតហើយ និងមានចំនួន៧៨% បានប្រើ ពាក្យ”មិនប្រាកដប្រជា” សម្រាប់ពិពណ៌នាពីអាជីវកម្មរបស់ពួកគេនៅអឺរ៉ុបក្នុងពេលបច្ចុប្បន្ន៕
ដោយ ៖ សិលា