រឿង ពេលដែលម៉ែឃ្លាតទៅ(ត)

ចែករំលែក៖

ថ្ងៃនោះ ទៅដល់រោងបាយយាយចុងភៅនោះសម្លឹងមកខ្ញុំគ្មានដាក់ភ្នែកទេ។ ចំណែកខ្ញុំឱនមុខចុះមិនហ៊ានសម្លឹងទៅគាត់វិញឡើយ។ ខ្ញុំលើកចានបបរហុតរួចក៏នាំប្អូនម្នីម្នាប្រញាប់ត្រឡប់ទៅផ្ទះវិញ។ យប់នោះប្អូនស្រីរបស់ខ្ញុំក្តៅខ្លួនខ្លាំងណាស់មមើមមាយនិយាយផ្ដេសផ្ដាសទាំងយប់។ ខ្ញុំភ័យជាខ្លាំងក៏រត់ទៅហៅយាយជិតរោងបាយទាំងយប់។ ខ្ញុំមិនដែលមករំខានគាត់ទេតាំងពីឪពុកម្ដាយខ្ញុំចាកចេញទៅ។ ពេលនោះខ្ញុំមិនដឹងធ្វើយ៉ាងណាឡើយ នឹកឃើញតែបណ្ដាំម្ដាយថា បើមានការអីកូនទៅប្រាប់យាយនៅជិតរោងបាយនោះទៅនឹងបានដំណឹងដល់ម៉ែហើយ។ យាយចិត្តល្អណាស់។ គាត់ដើរយ៉ាងលឿនខ្ញុំរត់ពីក្រោយគាត់សឹងមិនទាន់។ ទៅដល់ផ្ទះរបស់ខ្ញុំគាត់លូកដៃស្ទាបប្អូនរបស់ខ្ញុំភ្លាមហើយលាន់មាត់ថា អូយ!ក្តៅណាស់ថ្ងៃមិញចៅឯងឱ្យប្អូនហូបអីខ្លះ?គាត់និយាយបណ្ដើរទាញយកក្រមាជ្រលក់ទឹកពូតមកគ្របឲ្យប្អូនរបស់ខ្ញុំបណ្តើរ ហើយគាត់ងាកមកនិយាយប្រាប់ខ្ញុំថា ចាំមើលគ្របក្រមាទទឹកបន្តិចមើលបើមិនត្រជាក់ទេត្រូវដើររកថ្នាំហើយ។ ខ្ញុំស្ដាប់ឮគាត់និយាយធ្វើឲ្យខ្ញុំភ័យណាស់ ភ័យពីរឿងប្អូនឈឺមិនដឹងថ្នាំសង្កូវនៅឯណា។ មួយស្របក់ក្រោយមកខ្ញុំឃើញប្អូនស្រីរបស់ខ្ញុំដូចជាមានសភាពស្ងៀមស្ងាត់។យាយគាត់ងាកមកនិយាយជាមួយខ្ញុំទៀតថា អន់ក្តៅបន្តិចហើយវាសំងំដេកហើយ ចៅឯងដេកដែរទៅចាំយាយមើលប្អូនឱ្យដល់ភ្លឺចាំទៅរកស្លឹកត្រដិតមកបុក។តាមពិតខ្ញុំងងុយដេកស្ទើរបើកភ្នែកមិនរួចផង។ ខ្ញុំអង្គុយយកទៅមុខយោគទៅក្រោយ តែមិនហ៊ានដេកទេ ព្រោះភ័យពីប្អូនរបស់ខ្ញុំ។ ខ្ញុំសុខចិត្តទ្រាំអង្គុយជាមួយនឹងយាយ ប៉ុន្តែស្រាប់តែភ្ញាក់ដឹងខ្លួនឡើងភ្លឺចែសមិនដឹងដេកលក់តាំងពីពេលណាឡើយ។ ពេលយាយឃើញខ្ញុំភ្ញាក់ពីដេក គាត់ក៏ប្រាប់ខ្ញុំថា មើលប្អូនណា យាយទៅសុំច្បាប់អង្គការសិន រួចយាយហួសទៅរកស្លឹកត្រដិតយកមកបុកឲ្យមីទូចផឹក។ និយាយហើយគាត់ក៏ដើរចេញទៅ។ ខ្ញុំមិនយល់ពីយាយនិយាយរឿងសុំច្បាប់អ្វីទេតែខ្ញុំនឹកអាណិតគាត់ព្រោះយប់មិញប្រហែលជាគាត់មិនបានសម្រាន្តទេ។ រំពេចនោះប្អូនស្រីរបស់ខ្ញុំក៏ក្រោកឡើង មមីងមមាំងស្រែករកម៉ែ។ ខ្ញុំលូកដៃលួងប្អូនពវាឲ្យដេកវិញ។ ចំណែកអាប្អូនពីរនាក់ទៀតរបស់ខ្ញុំក្រោកឡើងអង្គុយក្បែរគ្នាមិនបានលាងមុខមាត់ទេ។ ថ្ងៃបន្តិចយាយបានត្រឡប់មកវិញដាក់ស្លឹកត្រដិតបុកឡើងហ្មត់ក្នុងផ្តឹលយកមកលាយទឹកហើយដាក់ក្រមាត្រងយកទឹកបានកន្លះផ្តិលរួចលាយអំបិលតិចៗយកមកបញ្ច្រកប្អូនរបស់ខ្ញុំអស់ចំនួនពីរស្លាបព្រា។ ប្អូនរបស់ខ្ញុំយំខ្លាំងណាស់ព្រោះវាមិនចង់ផឹក។ បន្ទាប់ពីបញ្ច្រករួចរាល់គាត់ក៏ដាក់ឲ្យប្អូនរបស់ខ្ញុំដេករួចយកកាកស្លឹកត្រដិតមកបំពោកលើខ្លួនឡើងពេញ។
ខ្ញុំត្រឡប់មកពីហូបបបរយាយក៏ដើរចេញទៅវិញ។ មួយសន្ទុះធំគាត់បានមកដល់ហើយមានបបរជិតមួយចាន។ ខ្ញុំត្រេកអរណាស់ព្រោះគិតថាប្អូនរបស់ខ្ញុំបានហូបឆ្អែតហើយ។ គាត់បញ្ចុកបបរប្អូនរបស់ខ្ញុំហូបជិតអស់មួយចាន។ ចំណែកអាប្អូនទាំងពីរនាក់ទៀតប្រឹងនាំគ្នារំកិលចូលជិត ព្រោះវាចង់ស៊ីបបរដែរ តែខ្ញុំចេះតែកេះវាចេញកុំឲ្យរំខានប្អូន។ បបរនៅសល់បន្តិចយាយក៏លើកហុតអស់ទៅ។ យាយទាញយកក្រមាទទឹកមករុំខ្លួនឲ្យប្អូនស្រីខ្ញុំរួចដាក់ឲ្យដេកទើបងាកមករកខ្ញុំហើយនិយាយថា មើលប្អូនណាចៅណា ! បើមានការអីទៅហៅយាយ យាយរកទៅសម្រាកបន្តិចយប់មិញគ្មានបានដេកទេ។ ឮដូច្នោះ ខ្ញុំក៏បានអរគុណយាយដែលខំជួយប្អូនរបស់ខ្ញុំ។ថ្ងៃបាក់រសៀលបន្តិច ប្អូនស្រីរបស់ខ្ញុំមានអារម្មណ៍ប្រក្រតីឡើងវិញ ។ ខ្ញុំកំពុងពវាលេងខាងមុខផ្ទះឲ្យស្រឡះខ្លួន ស្រាប់តែពេលនោះឃើញម៉ែមកដល់ស្លៀកពាក់អាវខ្មៅខោខ្មៅ។ យើងអរណាស់ អររកអ្វីប្រៀបពុំបានក៏នាំគ្នាទៅអោបម៉ែទាំងទឹកភ្នែក។
ខ្ញុំយំរៀបរាប់ប្រាប់ម៉ែថា ម៉ែអើយខ្ញុំនឹកម៉ែណាស់ ម៉េចបានម៉ែទៅយូរម៉្លេះ ចុះឯណាពុក? អាអូនវាឈឺបានយាយមកជួយមើល។ ម៉ែដឹងហើយយាយគាត់ផ្ដាំតាមគេឲ្យប្រាប់ម៉ែ ម៉ែក៏សុំគេមកមើលកូនពុកកូនមកមិនបានទេ ! ។ ម៉ែរបស់ខ្ញុំនិយាយរួចហើយក៏ចាប់ឱបប្អូនស្រីរបស់ខ្ញុំ។ ឱបថើបៗបីបួនដងទើបគាត់និយាយថា កូនឈប់ឈឺហើយមែនទេ? ម៉ែនឹកកូនណាស់យល់សប្តិឃើញកូនស្ទើររាល់យប់។ ខ្ញុំចាប់ដៃម៉ែរបស់ខ្ញុំជាប់ហើយរៀបរាប់ពីហេតុការណ៍ទាំងឡាយឱ្យគាត់ស្ដាប់តាំងពីគាត់ឃ្លាតទៅរហូតមកដល់ពេលនេះ។ យើងនាំឱបម្ដាយជាប់មិនចេញទៅណាឡើយ ស្រាប់តែយាយមកដល់” អូ! ម៉ែវាមកដល់ហើយ “យាយសួរ។ ម្ដាយខ្ញុំនិយាយតបទាំងដកដង្ហើមធំថាចា៎ ចា៎ មកដល់អម្បាញ់មិញនេះឯងបង ហ៊ឺ រំខានបងពេកហើយ។ យាយតបវិញថា មិនអីទេ កូនវាបានត្រជាក់ខ្លួនហើយសល់ទឹកត្រដិតបន្តិចចាំឱ្យវាផឹកថែមទៀតផងឱ្យអស់កម្តៅ ព្រឹកមិញហូបបបរបានច្រើនទាំងបបរខ្ញុំផងជិតអស់។ ឮនិយាយដូច្នេះទើបខ្ញុំភ្ញាក់ខ្លួនថាខ្ញុំស្មានតែយាយសុំគេបានច្រើនតាមពិតជារបបរបស់គាត់សោះ។ ពុទ្ធោយាយពិតជាចិត្តល្អណាស់។
យប់នោះយើងទាំងអស់គ្នាពិតជាមានសេចក្តីសុខណាស់។មានភាពកក់ក្តៅខុសពីសព្វមួយដង។ យើងដណ្ដើមគ្នាដេកជិតម៉ែប្រជ្រៀតគ្នាចុះឡើងៗសើចក្អាយក្អាយ។ ម្តាយរបស់ខ្ញុំគិតតែពីចាប់ថើបកូនម្នាក់ម្ដងៗពុំមានការនឿយណាយឡើយ។ ព្រឹកឡើងខ្ញុំសុំម៉ែទៅរាវក្តាមខ្យងតែម្នាក់ឯងដើម្បីឲ្យម៉ែបានហូបម្ដង ហើយចង់បង្ហាញឲ្យម៉ែបានឃើញពីសមត្ថភាពរបស់ខ្ញុំ។ ខ្ញុំក៏កាន់កូនប៊ីដុងចាស់មួយដើរយ៉ាងលឿនចេញទៅ។ នៅពេលទៅដល់វាលស្រែ ខ្ញុំរួសរាន់ញាប់ដៃជើងរកក្តាម ខ្យង នឹងអាលបានត្រឡប់មកជួបជុំម្ដាយវិញ។ ពេលមកដល់ផ្ទះ ម៉ែខ្ញុំលាន់មាត់ថា កូនពូកែចាប់ក្តាម រាវខ្យង

ដូចឪពុកកូនអ៊ីចឹង។ម៉ែមិននឹកស្មានថាកូនអាចធ្វើបានសោះ។ ម៉ែនិយាយផងចោលភ្នែកក្រឡេកមើលជុំវិញខ្លួនផង ហាក់មានរឿងអ្វីអាថ៌កំបាំង ទើបឱនខ្សឹបដាក់ត្រចៀកខ្ញុំថា កូនដឹងទេមនុស្សដែលមានចំណេះវិជ្ជាជាមូលដ្ឋាន ងាយនឹងឈោងចាប់យកចំណេះជំនាញដទៃទៀតជាងអ្នកមិនដែលបានរៀនសូត្រ។ បើស្រុកយើងបានសុខសាន្តត្រាណឡើងវិញ ម៉ែនឹងឲ្យកូនចូលរៀនវិញហើយ តោះ!កូនយកទៅលាក់ទុកទៅចាំម៉ែចម្អិនឱ្យកូនហូប។ក្រោយវិលមកពីហូបបបរវិញយើងអង្គុយជុំវិញម្ដាយ ខ្លះឱនពីមុខខ្លះឱបពីក្រោយ។ ចំណែកម្ដាយរបស់ខ្ញុំបីប្អូនស្រីជាប់នឹងដៃ។ យើងកំពុងតែសប្បាយជុំគ្នាស្រាប់តែកងឈ្លបពីរនាក់និងយាយចុងភៅចូលមកដល់ស្រែកប្រាប់ម្ដាយរបស់ខ្ញុំខ្លាំងៗថា នែមិត្តនារី មិត្តឯងត្រូវត្រឡប់ទៅសមរភូមិមុខវិញនៅថ្ងៃស្អែក។កុំបីខានឮទេ ចំណែកកុមារាភានេះក៏ត្រូវទៅចូលកងចល័តកុមារដែរ។ឮដូច្នេាះ ម្ដាយរបស់ខ្ញុំនិយាយអង្វរថា សមមិត្តបង សុំឱ្យកូនភានៅផ្ទះជួយមើលប្អូនៗបានទេ? ព្រោះខ្ញុំនឹងពុកវាទៅសមរភូមិមុខហើយ។ឮម្ដាយរបស់ខ្ញុំនិយាយយ៉ាងដូច្នេះ យាយចុងភៅក៏ស្រែកជំទាលឡើងថាមិនបានទេ កុមារានេះធំហើយមួយថ្ងៃៗគ្មានបានធ្វើអ្វីជួយដល់អង្គការទេ ស៊ីដេកៗ ជិះជាន់កម្លាំងពលកម្មគេ ត្រូវតែយកកុមារតូចៗនេះទៅទុកឲ្យអង្គការមើល។ ដោយមិនអាចប្រកែកបាន ម៉ែរបស់ខ្ញុំក៏តបវិញថា មិនអីទេប៉ុន្តែខ្ញុំយកកូនទៅទុកនៅក្នុងមណ្ឌលកុមាររួចរាល់សិនបានចេញទៅសមរភូមិវិញ។ (នៅមានតទៅលេខក្រោយ វគ្គបញ្ចប់)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print