ភ្នំពេញ៖ រថយន្តម៉ាកJeep RUBICON ១គ្រឿង បានបើកបររេចង្កូតរហូតបុកឡើងខឿនសួនច្បារពុះចែកទ្រូងផ្លូវ ជ្រុលទៅបុកបង្គោលភ្លើង១ដើមនិងដើមឈើ រងការខូចខាតកាលពីវេលាម៉ោង៥ព្រឹកព្រលឹម ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦អា ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាកJEEP RUBICON ១គ្រឿង ពណ៌ប្រផេះ មិនចាំផ្លាកលេខ បានបើកបរតាមបណ្តោយផ្លូវជាតិលេខ៦ ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ រថយន្តខាងលើ ស្រាប់តែរេចង្កូតបុកឡើងខឿនសួនច្បារពុះចែកទ្រូងផ្លូវ ទៅបុកបង្គោលភ្លើង១ដើម បណ្តាលឲ្យវៀច និងប៉ះពាល់ដេីមឈេីនៅលើសួនច្បារពុះចែកទ្រូងផ្លូវរងការខូចខាតថែមទៀត។ បន្ទាប់ពីបុករួចរថយន្តបង្កខាងលើក៏បានកល់កង់ និងរងការខូចខាតមិនអាចបន្តដំណើរទៅមុខទៀតបាន ភ្លាមៗនោះគេឃើញម្ចាស់រថយន្តចុះមកបកផ្លាកលេខចេញ រួចក៏បានចេញពីទីតាំងកើតហេតុ ដោយបន្សល់ទុករថយន្តនៅកន្លែងកើតហេតុ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងបានទាក់ទងទៅកាន់សមត្ថកិច្ចជំនាញចរាចរណ៍ ដើម្បីចុះមកធ្វើការវាស់វែង យករថយន្តបង្កទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារជាបណ្តោះអាសន្ន ដើម្បីរង់ចាំម្ចាស់រថយន្តចូលខ្លួនទៅដោះស្រាយតាមនីតិវិធី៕ ដោយ៖ ភារ៉ា ដង្កោ