មន្ត្រីបាននិយាយថា យ៉ាងហោចណាស់មនុស្ស២៦នាក់បានស្លាប់ និង៤២នាក់ផ្សេងទៀតនៅបាត់ខ្លួនបន្ទាប់ពីមានការបាក់ដីជាច្រើនកន្លែងស្ថិតនៅភាគខាងលិចនេប៉ាល់កាលពីចុងសប្តាហ៍មុននេះ។.
មន្ត្រីស្ថិតក្នុងក្រុមធ្វើប្រតិបត្តិការជួយសង្គ្រោះបាននិយាយថា សាកសពប្រមាណ២០ត្រូវបានរកឃើញនៅតំបន់ Lumle និងនៅ Kaski រហូតមកដល់ពេលនេះ ។ តំបន់ Lumle មានចម្ងាយ៣០គីឡូម៉ែត្រភាគខាងលិចទីក្រុង Pokhara ជាតំបន់រមណីយដ្ឋានទេសចរណ៍ដ៏ទាក់ទាញ់បំផុត របស់នេប៉ាល់ ដែលទាក់បានទាំងភ្ញៀវក្នុងស្រុក និងអន្តរជាតិទៅកាន់ទីនោះរាប់ពាន់នាក់ក្នុងមួយឆ្នាំៗ ។ ទោះបីយ៉ាងណា ក្នុងហេតុការណ៍បាក់ដីនៅពេលនេះមិនបណ្តាលឲ្យជនបរទេសណាម្នាក់ស្លាប់នោះទេ ។
លោក Krishna Bahadur Raut មន្ត្រីទទួលបន្ទុកនៅក្នុងតំបន់បាននិយាយថា ស្ថិតនៅតំបន់Lumle តែមួយកន្លែង ក្រុមជួយសង្គ្រោះបានរកឃើញសាកសពជនរងគ្រោះ១៥នាក់ និងប្រមាណជាង២៨នាក់ផ្សេងទៀត កំពុងនៅបាត់ខ្លួន បន្ទាប់ពីលំនៅឋានពលរដ្ឋ១៤ខ្នងត្រូវដីបាក់សង្កត់ពីលើតែម្តង ។
ប្រភពបន្តថា ដោយឡែកស្ថិតនៅតំបន់ Bhadaure Tamaghi គ្រោះថ្នាក់ស្រដៀងគ្នានេះដែរបានបណ្តាលឲ្យស្លាប់មនុស្ស៥នាក់ និង១៤នាក់រងរបួស ។ លំនៅឋាន៥ខ្នងរងការបំផ្លាញទាំងស្រុង ខណៈដែលសាលារៀន និងព្រះវិហារខ្លះទៀតស្ថិតនៅតំបន់ដាច់ស្រយាលក៏មានសេចក្តីរាយការណ៍ថា រងការខូចខាតដោយសារតែការបាក់ដីនេះផងដែរ ។
មន្ត្រីបានលើកឡើងថា នៅពេលបច្ចុប្បន ក្រុមជួយសង្គ្រោះនៅតែបន្តធ្វើប្រតិបត្តិការរបស់ខ្លួនស្វែងរកអ្នកបាត់ខ្លួន ហើយដែលគ្មានសង្ឃឹមថានឹងនៅរស់រានមានជីវិតឡើង ។ .
កាលពីប៉ុន្មានថ្ងៃកន្លងទៅថ្មីៗនេះផងដែរ ស្ថិតនៅតំបន់ Mudi និង Muna ស្រុក Myagdi មានសេចក្តីរាយការណ៍ថា ការបាក់ដីបណ្តាលឲ្យស្លាប់មនុស្ស៦នាក់ និងកប់លំនៅឋានពលរដ្ឋអស់ជាច្រើនខ្នងផងដែរ ៕