ខេត្តពោធិ៍សាត់៖ ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ នៅរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤នេះ បានឱ្យដឹងថា កម្លាំងសមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលស្រុកក្រគរ បានចុះស្រាវជ្រាវរហូតឈានដល់ការបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីប្រើប្រាស់ រក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀនចំនួន ០៣កញ្ចប់ ទម្ងន់ ១០,៦៩ក្រាម កាលពីម្សិលមិញនេះ។
ក្នុងប្រតិបត្តិការនោះ ដោយអនុវត្តតាមមតិដឹកនាំរបស់លោក ឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលស្រុកក្រគរ សហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយស ដឹកនាំដោយលោក វ.ឯក មោក ភារម្យ អធិការនគរបាលស្រុកក្រគរ និងដោយមានការសម្របសម្រួលពីឯកឧត្ដម កូយ កាន់យ៉ា ព្រះរាជាអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីប្រើប្រាស់ រក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចពោធិ៍ការប៉ែតស្ថិតក្នុងភូមិបឹងស្មុក ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ឃាត់ខ្លួនជនសង្ស័យម្នាក់
១- ឈ្មោះ ស៊ន ចយ ភេទប្រុស អាយុ២៩ ឆ្នាំ រស់នៅភូមិបឹងស្មុក ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិ៍សាត់។
វត្ថុតាងរួមមាន
១-ម្សៅក្រាមពណ៍សថ្លាសង្ស័យជាសារធាតុញៀនចំនួន ០៣កញ្ចប់ ទម្ងន់ ១០,៦៩ក្រាម (ថ្លឹងសាច់ថ្នាំសុទ្ធ)
២-ទូរស័ព្ទដៃចំនួន០១គ្រឿង
៣-ថង់សម្រាប់រំលែកថ្នាំញៀន០១ចំនួន
៤-អំពូលសម្រាប់ជក់ថ្នាំញៀនចំនួន០១
៥-ឆាំសម្រាប់ចូកថ្នាំញៀនចំនួន០៣
៦-កញ្ចប់បារីCamboចំនួន០១កញ្ចប់
៧-ជញ្ជីងអេឡិចត្រូនិចសម្រាប់ថ្លឹកថ្នាំញៀនចំនួន០១គ្រឿង
៨-ថង់ពណ៍ខ្មៅសម្រាប់ដាក់ថ្នាំញៀនចំនួន០១
៩-ប្រអប់ពណ៍ខ្មៅសម្រាប់ដាក់ថង់រំលែកថ្នាំញៀនចំនួន០១។
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង បានរៀបចំនិតិវិធីបញ្ជូនទៅការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់៕ដោយ៖តារា