ខេត្តបាត់ដំបង៖ ជនជាតិថៃម្នាក់មានឈ្មោះ សារ៉ា វុធខាំសិង ភេទប្រុស អាយុ២៨ឆ្នាំ ត្រូវបាននគរបាលស្រុកសំពៅលូន ខេត្តបាត់ដំបង ចាប់ខ្លួននិងត្រូវបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី។
ជនជាតិថៃរូបនោះបើករថយន្តឆ្លងដែនពីប្រទេសថៃចូលមកស្រុកសំពៅលូន ខេត្តបាត់ដំបង ដើម្បីដឹកដំឡូងមីហើយបានបើករថយន្តបង្កការគ្រោះថ្នាក់បុកជនជាតិខ្មែរជិះម៉ូតូម្នាក់ឯងស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។
ជនរងគ្រោះឈ្មោះ នៅ លឹម អាយុ៦៥ឆ្នា រស់នៅភូមិកូនភ្នំខាងត្បូង ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង បានស្លាប់នៅចំណុចផ្លូវបត់កែងស្ថិតក្នុងភូមិកូន ភ្នំខាងជើង ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង កាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦ ខណ:ជនរងគ្រោះជិះម៉ូតូក្នុងគោលបំណងទៅចម្ការ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុឲ្យដឹងថា មុនពេលកើតហេតុជនគ្រោះជិះម៉ូតូពីត្បូងទៅជើងលុះមកដល់ចំណុចផ្លូវកែងក្នុងភូមិឃុំខាងលើ ក្នុងល្បឿនលឿននៅពេលនោះក៏មានរថយន្តសណ្តោងដឹកដំឡូងមីជនជាតិថៃ បើកបរក្នុងល្បឿនលឿនដូចគ្នា ក្នុងទិសដៅផ្ទុយគ្នាបានជ្រុលចង្កូតទៅបុកគ្នាពេញទំហឹងបណ្តាលឲ្យជនរងគ្រោះដួលខ្ទាតបោកក្បាលលើថ្នល់ស្លាប់នៅកន្លែងកើតហេតុតែម្តង។
ក្រោយកើតហេតុអ្នកបើកបរជាជនជាតិថៃ ឈ្មោះ សារាវុធ ខាំសិង ត្រូវបានសមត្ថកិច្ចនគបាលអធិការដ្ឋានស្រុកសំពៅលូន ឃាត់់ខ្លួននៅអធិការដ្ឋានដើម្បីសាកសួរនិងអនុវត្តតាមនីតិវិធី៕
ដោយ៖ សំវិច្ឆិកា