ខេត្តកំពត ៖ នៅថ្ងៃសុក្រ ១៣កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ម្សិលមុិញ នេះ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីបុណ្យសមុទ្រលើកទី១១ ជុំទី៣ នៅខេត្តកំពត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។
សូមជម្រាបថា ពិធីបុណ្យសមុទ្រលើកទី១១ ជុំទី៣ នៅខេត្តកំពត ឆ្នាំ២០២៤ ប្រព្រឹត្តទៅពីថ្ងៃទី១៣ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ ក្រោមប្រធានបទ«អបអរបេតិកភណ្ឌ និងចីរភាពនៃតំបន់ឆ្នេរ»។ ព្រឹត្តិការណ៍ដ៏អធិកអធមនេះ បានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍តំបន់ឆ្នេរសមុទ្រកម្ពុជា និងជំរុញការយកចិត្តទុកដាក់ពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីរួមគ្នាអភិរក្សធនធានធម្មជាតិសមុទ្រ ថែរក្សាបរិស្ថានឆ្នេរឱ្យបានស្អាតល្អ និងអភិវឌ្ឍតំបន់ឆ្នេរប្រកបដោយចីរភាព ជាពិសេស ការពង្រឹង និងលើកកម្ពស់គុណភាពសេវាកម្មនានាក្នុងឧស្សាហកម្មទេសចរណ៍ ព្រមទាំងជួយជំរុញលើកតម្លៃផលិតផលខ្មែរ។
សូមបញ្ជាក់ថា ពិធីបុណ្យសមុទ្របានរៀបចំចំនួន ១០លើករួចមកហើយ ក្នុងនោះដែរខេត្តកំពតបានទទួលរៀបចំចំនួន៣លើក គឺនៅឆ្នាំ២០១៥ ឆ្នាំ២០១៩ និងឆ្នាំ២០២៤។ ពិធីបុណ្យសមុទ្រឆ្នាំ២០២៤នេះ ក៏មានសកម្មភាព និងព្រឹត្តិការណ៍សំខាន់ៗដូចជា ការផ្សាយផ្ទាល់នូវការសម្តែងទស្សនីយភាពសិល្បៈ មហោស្រពម្ហូបអាហារ និងភេសជ្ជៈ និងសកម្មភាពកីឡាលើទឹកនិងលើឆ្នេរខ្សាច់ដែលមានការចូលរួមពីសំណាក់ក្រុមកីឡាករជាតិ និងអន្តរជាតិ ព្រមទាំងមានការអុជកាំជ្រួចជូនទស្សនាកម្សាន្តពេលរាត្រីផងដែរ៕
ដោយ ៖ សិលា