ប្រលោមលោកមនោសញ្ចេតនាបែបសម័យថ្មី
* វាចាអ្នកនិពន្ធ
សួស្ដីប្រិយមិត្តអ្នកអានជាទីមេត្រី ! ឋិតក្នុងយុគសម័យប្រព័ន្ធអេឡិចត្រូនិច(ឌីជីថល)កំពុងរីកចម្រើនដែលបង្កើតបានចេញនូវមាតិការឿងជាច្រើនក្នុងសង្គមបម្រើចក្ខុនិងសោតាបានលឿនឆាប់រហ័សទាន់សម័យដោយមិនបាច់ប្រើអារម្មណ៍ស្រមើស្រមៃតាមការអានឬសរសេរតែងនិពន្ធនោះ ខ្ញុំអ្នកនិពន្ធនៅតែមានសុទិដ្ឋិនិយមលើអក្សរសិល្ប៍ខ្មែរជានិច្ច។ ខ្ញុំចង់លើកតម្កើងវិស័យប្រលោមលោកដែលមនុស្សជំនាន់មុននិយមអានដើម្បីផ្ដោតមនោសញ្ចេតនាទៅតាមសាច់រឿងនីមួយៗ និងចង់ទុកអនុស្សាវរីយ៍ស្នាដៃនិពន្ធជូនមនុស្សជំនាន់ក្រោយបានអាននិងផ្ដោតអារម្មណ៍តាមសាច់រឿងតាមរយៈអានសំណេរអក្សរសិល្ប៍តែប៉ុណ្ណោះ(មិនទស្សនារូបភាពដូចវីដេអូ)។ ខ្ញុំក៏សូមអភ័យទោសចំពោះមិត្តអ្នកអានដែលបានអានរឿង” ព្រានប្រាក់ អន្ទាក់ឧកញ៉ា ” ដែលខ្ញុំចងក្រងនិពន្ធជាប្រលោមលោកនាពេលនេះ គឺមិនសំដៅចាក់ដោតធ្វើឱ្យប៉ះពាល់លើសង្គមឬបុគ្គលណាម្នាក់នោះទេ។ សូមចាត់ទុកថាជារឿងប្រឌិតទៅចុះ ៕ សូមអរគុណ
អ្នកនិពន្ធ : ហុក បួន
ព្រះទិនករអើតក្បាលលឹមៗពីភពផែនដីនាទិសបូពា៌ចោលពន្លឺយ៉ាងត្រចះត្រដែតបន្តិចម្តងៗ ធ្វើឲ្យសត្វលោកប្រញាប់ប្រញាល់ភ្ញាក់ពីនិន្ទ្រាដើម្បីស្វះស្វែងបន្តការរស់នៅដោយការចិញ្ចឹមជីវិត។
នៅរាជធានីភ្នំពេញដែលជាទីក្រុងបេះដូងសេដ្ឋកិច្ចនៃប្រទេសកម្ពុជានាព្រឹកនេះ មន្ត្រីរាជការ សិស្សានុសិស្ស កម្មករនិយោជិត និងពាណិជ្ជករ ។ ល ។ ចាប់ផ្តើមចាកចេញពីលំនៅឋានទៅកាន់ទីប្រកបការងាររបស់ខ្លួនរៀងៗខ្លួន។
នៅផ្ទះជួលមួយស្ថិតក្នុងសង្កាត់ចោមចៅ 2 ខណ្ឌពោធិ៍សែនជ័យ គ្រួសារពូពុធ និងមីង ចាន់នី ដែលមានសមាជិកបួននាក់ក្នុងនោះមានប្ដីប្រពន្ធនិងកូនស្រីពីរនាក់កំពុងសិក្សានៅវិទ្យាល័យ ក៏កំពុងចរយាត្រាចេញពីផ្ទះទៅប្រកបរបររកស៊ីប្រចាំថ្ងៃដូចគេឯងដែរ ដោយពូពុធ ជាអ្នករត់ម៉ូតូកង់បី(ផាសអាប់) ឯមីងចាន់នី ធ្វើការនៅរោងចក្រកាត់ដេរ។ ដោយឡែកកូនស្រីរបស់គាត់ពីរនាក់១.ឈ្មោះភាវីជាកូនច្បងអាយុ 20 ឆ្នាំ ទើបប្រលងជាប់មធ្យមសិក្សាបត្រទុតិយភូមិ កំពុងស្វះស្វែងរកការងារធ្វើដើម្បីជួយដោះបន្ទុកគ្រួសារ។ ឯកូនទី 2 ឈ្មោះសោមាកំពុងរៀននៅថ្នាក់ទី 10 នៅវិទ្យាល័យមួយក្នុងខណ្ឌពោធិ៍សែនជ័យ។
ភាវី និង សោមា ថ្វីត្បិតតែនាងទាំងពីរចាប់កំណើតក្នុងត្រកូលអ្នកក្រីក្រលំបាកក៏ពិតមែន ប៉ុន្តែ រូបសម្បត្តិល្អស្រស់ឆើតរបស់នាងពិតជាគួរឲ្យសរសើរមិនបាន ត្បិតទេវតាហាក់ផ្ដល់កំណើតឱ្យនាងទាំងពីរមានរូបឆោមលោមពណ៌ស្រស់ថ្លា ពោលគឺសម្ផស្សល្អស្អាតអស់ទាស់គួរឱ្យគយគន់មិនចាញ់កូនអ្នកមានប៉ុន្មានឡើយ។ ក្នុងវ័យ 20 ឆ្នាំ ប្រៀបបានបុប្ផាត្រូវសន្សើម ភាវី នារីស្រស់តូចតន់ដែលមានរូបសម្បត្តិស្រស់ថ្លា រាងខ្ពស់ស្រឡះ បបូរមាត់ស្ដួចច្រមុះកោងដូចចំពុះសេក រោមភ្នែកងខ្ទើតដូចខ្ទួយ អមដោយត្របកភ្នែកកោងដូចឥន្ធនូ គួបផ្សំនិងសក់វែងប្រាសស្មាដ៏ខ្មៅរលើបរលោងផង មើលមួយភ្លែតនាងមិនចាញ់តារាភាពយន្តឡើយ។ រស់នៅក្នុងត្រកូលកម្មករ ជួលផ្ទះគេស្នាក់នៅក៏ពិតមែនតែ ភាវី ឧស្សាហ៍ព្យាយាមរៀនសូត្រខ្លាំងណាស់រហូតនាងប្រលងជាប់មធ្យមសិក្សាបត្រទុតិយភូមិ នាពេលថ្មីៗនេះ និងធ្វើឲ្យអ្នកជិតខាងកោតសរសើរក្រៃលែង។
ក្រោយពេលប្រឡងជាប់ ភាវី មិនបន្តការសិក្សាតទៅទៀតទេដោយសារតែជីវភាពគ្រួសាររបស់នាងជួបការលំបាកខ្លាំង ហើយធ្វើឲ្យពីមួយថ្ងៃទៅមួយថ្ងៃនាងស្វះស្វែងរកការងារធ្វើដើម្បីរកប្រាក់ជួយឪពុកម្ដាយ។
ក្តីកង្វល់នេះបានគ្របដណ្ដប់លើអារម្មណ៍ស្រីស្រស់តូចតន់គេងគិតដើរគិត ស្ទើរគ្រប់ជំហាន។
កំពុងអង្គុយសញ្ជប់សញ្ជឹងដោះស្រាយរកការងារធ្វើយ៉ាងលំបាកលំបិននៅលើបង់នាសួនវត្តបទុមវតីតែម្នាក់ឯង ស្រាប់តែមានម្រាមដៃដប់យុវជនម្នាក់មកសង្គ្រប់បិទភ្នែកភាវីពីក្រោយធ្វើឱ្យនាងភ្ញាក់ក្រញ៉ាង។ នាងពោលទាំងភ្ញាក់ថា អ្នកណាគេហ្នឹង?
មិនបង្អង់យូរម្ចាស់ម្រាមដៃបានដកដៃចេញពីភ្នែកទាំង២របស់ភាវី ហើយស្រែកថា
– វ៉ាក់អឺ! គឺបងហ្នឹងណា!
– គឺបងទេហ្អេ! អូនខំតែភ័យ(ភាវីតប)។ ការពិតយុវជនម្នាក់នេះជាកំលោះ ឈ្មោះ វិសាល ដែលរៀននៅវិទ្យាល័យជាមួយភាវីយូរឆ្នាំមកហើយ។ អ្នកទាំងពីរក្លាយជាគូសង្សារនឹងគ្នា ហើយបានសាងស្នេហ៍និងបង្កើតអនុស្សាវរីយ៍ជាច្រើនស្ទើរបាត់មុខមិនបាន។ គេទាំងពីរបានស្បថស្បែរជាមួយគ្នា សន្យាក្នុងចិត្តរៀងខ្លួនថា នៅពេលណាមានការងារធ្វើពេញលេញ គេនឹងរៀបការជាមួយគ្នាពេញច្បាប់ដើម្បីសាងសុភមង្គលគ្រួសារអស់មួយជីវិត។ វិសាលដាក់គូទអង្គុយជាប់នឹងសង្សារ យកដៃច្បិចចង្ការភាវីថ្នមៗរួចពោលថា
– យើងប្រឡងជាប់ហើយតើយើងគួរបន្តការសិក្សានៅមហាវិទ្យាល័យមួយណា? សម្រាប់បងបានជ្រើសរើសយកវិទ្យាល័យកសិកម្មចំការដូងដើម្បីបន្តការសិក្សាតទៅទៀតហើយ។ចំណែកអូនវិញតើអូនប្រុងបន្តរៀននៅមហាវិទ្យាល័យណា?
សំណួរនេះបានធ្វើឲ្យភាវីធ្លាក់ទឹកមុខ សម្តែងភក្ត្រាស្រពោនហាក់សម្តែងការក្រៀមក្រំក្នុងចិត្តរួចវាចាឆ្លើយតបសំណួរសង្សារដោយសំឡេងតិចៗថា
– អូនប្រហែលមិនបានបន្តការសិក្សាតទៅទៀតទេ… អូនចង់រកការងារធ្វើដើម្បីជួយដោះបន្ទុកម៉ាក់ប៉ាវិញ ព្រោះថាសព្វថ្ងៃនេះគ្រួសារអូនក្រីក្រណាស់ ប៉ារត់ម៉ូតូកង់បី ឯម៉ាក់ធ្វើការរោងចក្ររកចំណូលបង់ថ្លៃផ្ទះជួល ស៊ីចុក និងបង់ធនាគារមិនគ្រាន់ទេ។
ពេលឮវាចាសង្សារដូច្នេះធ្វើឱ្យកំលោះ វិសាល ជ្រួញចិញ្ចើមប្រញាប់យកដៃម្ខាងលើកដៃភាវីទាំងពីរដាក់លើភ្លៅរបស់គេ ឯដៃម្ខាងទៀតយកច្បូតសក់នាងមួយៗដោយក្តីកណ្ដោចណ្តែងបំផុត។
– តើអូនគិតត្រឹមត្រូវហើយឬ? អូនតស៊ូបន្តិចទៀតមិនបានទេអី? មិនថាតែគ្រួសារអូនទេសូម្បីតែគ្រួសារបងក៏ជួបការលំបាកដូចគ្នាតែឪពុកម្ដាយបង គាត់សុខចិត្តឱ្យបងបន្តការសិក្សាតទៅទៀត។
– គ្រួសារបងផ្សេង ឯគ្រួសារអូនផ្សឹង យ៉ាងណាគ្រួសារបងក៏គ្រាន់បើជាងគ្រួសារអូនដែរ ព្រោះគ្មានបំណុល។ ចំណែកគ្រួសារអូនយ៉ាប់យ៉ឺនណាស់ ក្រៅពីបំណុលខាងលើក៏នៅមានបំណុលអ្នកជិតខាងមិនតិចដែរ។ ដូច្នេះបើអូនជាកូនច្បងមិនស្វះស្វែងជួយប៉ាម៉ាក់ទេច្បាស់ជាយ៉ាប់ហើយ!
វិសាល ប្រែទឹកមុខស្រពោនកាលបើឮដំណឹងអកុសលនេះ។កំលោះយើងយកដៃច្បូតសក់សង្សារម្ដងហើយម្ដងទៀតទាំងមិនអស់ចិត្ត និងបានទទូចអង្វរទាំងអួលអាក់
– ប្រសិនបើដូចអូនគិតមែនតើស្នេហាយើងនឹងទៅជាយ៉ាងណា? អូនមានការងារធ្វើ ឯបងនៅបន្តការសិក្សា តើយើងអាចជួបគ្នាព្រឹកល្ងាចដូចពេលនេះបានទេ។ ការឃ្លាតគ្នានេះហើយធ្វើឲ្យបងបារម្ភពីស្នេហាយើងអាចប្រេះស្រាំនិងឈានដល់ការបែកបាក់ឬយ៉ាងណា?
– តែអូនមិនមែនឃ្លាតឆ្ងាយរហូតយើងទាក់ទងគ្នាមិនបានឯណា?សម័យនេះទៅហើយយើងទាក់ទងគ្នាតាមឆាត ឬទូរសព្ទបានតើ ឬមួយបងចង់ទុកឱ្យគ្រួសារអូនធ្លាក់ដល់អវចី? ( ភាវី តបទៅសង្សារក្នុងន័យកុំឱ្យអស់សង្ឃឹម) តែវិសាលវិញនៅតែមិនអស់ចិត្ត ដ្បិតខ្លាចដូចពាក្យចាស់លោកថាឃ្លាតកាយណាយចិត្ត មិនអាចធ្វើឲ្យស្នេហានៅផ្អែមល្ហែមដូចមុននោះទេ។
( តទៅថ្ងៃសៅរ៍ក្រោយ )