ទំនៀមទម្លាប់* ពិធីពលិការព្រះពិស្ណុការជាគ្រូដើមខាងវិជ្ជាជាង

ចែករំលែក៖

(ដកស្រង់ចេញពីសៀវភៅទំនៀមទម្លាប់និងពិធីបុណ្យផ្សេងៗរបស់ជនជាតិខ្មែរ)
ពាក្យថាពិស្ណុការនេះជាឈ្មោះអ្នកណា? គួរឲ្យពិចារណាស្រាវជ្រាវរក។ តាមដែលធ្លាប់ដឹងនាកន្លងមក ខ្លះថាឈ្មោះព្រះនារាយ៍សឹងបែកចេញមក ពីពាក្យដើមថា បូជាព្រះនារាយ៍ តែមើលទៅក៏ដូចជាមិនមែន ព្រោះមិនប្រាកដក្នុងទីណា។ ព្រះនារាយ៍ជាជាងកសាងផ្ទះសម្បែងជាដើមសោះ ដោយគេមានប្រទះឃើញថា ទេវបុត្រមួយអង្គឈ្មោះវេសកម្មជាជាងរបស់ព្រះឥន្ទ្រដូចមានប្រាកដក្នុងគម្ពីរព្រះពុទ្ធសាសនាជាច្រើនអន្លើថាការព្រះឥន្ទ្រត្រូវការនឹងកសាងអ្វីរមែងត្រាស់ប្រើព្រះវេសកម្មទេវបុត្រឱ្យទៅកសាងជាដរាប សូម្បីពាក្យថាវេសកម្មនេះក៏រមែងសមរឿងថា ការកសាងទីលំនៅ ឃើញថាជាអ្នកកសាងទីលំនៅ។ ដោយសេចក្តីសន្និដ្ឋានឃើញថាដែលប្រើជាពិស្ណុកានោះគង់ឃ្លៀងឃ្លាត មកពីពាក្យថាវេសកម្មនោះឯង។
អំពីនេះនឹងពណ៌នាពីរបៀបបូជាពិស្ណុការ ឬព្រះវេសកម្មនោះតទៅ(ជាងខ្មែរ)កាលនឹងកសាងរបស់ដែលសំខាន់ ដូចយ៉ាងប្រាសាទវិហារ ផ្ទះ នឹងធ្វើសំណង់ធំៗជាដើមមានទំនៀមរៀបពលិកាបូជាព្រះពិស្ណុកាដែលជាគ្រូដើមសាងសង់ដោយមានគតិជាមនុស្សលោកយើងនេះ ដែលនឹងចេះវិជ្ជាការជាងធ្វើសារពើកិច្ច ការទាំងពូងអាស្រ័យព្រះពិស្ណុការ ឬព្រះវេសកម្មប្រសិទ្ធីប្រសាចឲ្យមក។កាលរកនឹងធ្វើអ្វីតែងបូជាគ្រូដើមនោះ សូម្បីឲ្យការនោះសម្រេចទៅដោយស្រួល កុំឱ្យមានគ្រោះថ្នាក់ដល់ក្មេង មានស្លាប់ ឬក៏មុតដៃមុតជើងជាដើម។ទំនៀមនេះក៏ចេញមកតែពីគតិព្រហ្មញ្ញសាសនានោះឯង។
ក៏ឯរបៀបរៀបគ្រឿងពលិកានោះតាមក្បួនបូរាណ លោកកំណត់ទុកជាបីយ៉ាងផ្សេងគ្នា ដោយធំនឹងតូចដូច្នេះ÷
១.របៀបទី១
កាលនឹងធ្វើការធំៗមានប្រាសាទវិហារជាដើម ត្រូវរៀបពលិការយ៉ាងធំនោះគឺ រាន៥ថ្នាក់១ មានរបស់ពលិកាដាក់បូជានៅរាននោះ បាយសី៥ថ្នាក់មួយគូ បាយសីប៉ាក់ឆាមមួយគូ ស្លាធម៌ជម៤ ទឹកអប់៤ ទៀន៥ ធូប៥ ផ្កា៥ លាជ សំពត់សក្រាលរាន៥ហត្ថ ប្រាក់ឬក្រដាសមាសក្រដាសប្រាក់៤បាត ក្បាលជ្រូកពីរ និងមានភ្លេងពិណពាទ្យមួយវង់។
ដល់វេលានិងពលិការត្រូវយកគ្រឿងប្រដាប់ធ្វើការទាំងប៉ុន្មាននោះមានដឹង ដែកឈូស ពន្លាកជាដើមមករៀបតាំងនៅមុខរានទេវតា។ មេជាងផ្ដើមសូត្រអារាធនាអញ្ជើញព្រះពិស្ណុការដែលជាគ្រូជាងនិងទេវតារក្សាទីកន្លែងសាងសង់នោះ សូមឲ្យអញ្ជើញមកសេពសោយគ្រឿងពលីការនិងសូមឲ្យជួយប្រសិទ្ធិការនេះឲ្យសម្រេចទៅដោយរូសរាន់កុំឲ្យមានគ្រោះថ្នាក់មាន មុតដៃមុតជើងជាដើម។ ចប់ហើយ អ្នកភ្លេងលេងភ្លេង៣ដងតាមទំនៀមជាសូរេច។
២.របៀបទី២
កាលនឹងធ្វើការមធ្យម(ការងារកណ្ដាល)មិនតូចមិនធំត្រូវរៀបគ្រឿងពលិការយ៉ាងកណ្ដាលមានតទូកធំជាដើមដូច្នេះ:
រានទេវតា៣ថ្នាក់១ មានគ្រឿងពលិការ គឺបាយសីប៉ាក់ឆាម៤ ស្លាធម៌បួន ជម៤ ទឹកអប់៤ទៀន៥ធូប៥ ផ្កា៥ លាជ៥ សំពត់ស៥ហត្ថ និងប្រាក់៦ ស្លឹង ឬក្រដាសមាសក្រដាសប្រាក់ និងមានសំពត់ជាតិពីរបន្ទាត់ទំហំទទឹងបណ្ដោយមួយហត្ថបួនជ្រុងគូរដោយយ័ន្តក្បាល៤។
បញ្ចុះអក្ខរសិម្ភលីវេលាបានជារាងហើយ ឱ្យយកទៅបិទត្រង់ខ្ទង់និងមាត់តគ្នាខាងក្បាល១ ខាងកន្សែ១។ មេជាងត្រូវរៀបពលិការហើយដូចពោលខាងលើ។
របៀបទី៣.
កាលនឹងធ្វើផ្ទះគប្បីរៀបគ្រឿងពលិការដូច្នេះ:
រានទេវតាបីថ្នាក់១ មានគ្រឿងពលិការគឺ បាយសីប៉ាកឆាម១គូ ស្លាធម៌១គូ ជម១គូ ទឹកអប់១គូ ទៀន៥ ធូប៥ ផ្កា៥ លាជ៥ សំពត់ស៥ហត្ថ និងក្រដាសមាសក្រដាសប្រាក់ និងមានសំពត់ជាតិប្រមាណ១ហត្ថបួនជ្រុងគូរយ័ន្តក្បាល ៤ តែតម្រាខ្លះឲ្យគូរយ័ន្តគ្រួច។ ឱ្យយកសំពត់យ័ន្តនេះទៅបិទជាប់នឹងមេដំបូលស្រេចហើយ ទើបរៀបពលិការដូចពោលខាងលើ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print