រឿង ស្នាមដំបៅ

ចែករំលែក៖

រដូវវស្សានាឆ្នាំ ១៩៧៨ បានចូលមកដល់ ខ្ញុំនិងណាវីដែលត្រូវជាគូដណ្ដឹងរបស់ខ្ញុំ ព្រមទាំងសមមិត្តយុវជន យុវនារីផ្សេងទៀត សរុបចំនួន ៣៦ នាក់មកពីភូមិក្រូចឃុំកន្សោមអក ស្រុកកំពង់ត្របែកតំបន់ ៤ ភូមិភាគបូព៌ា ត្រូវអង្គការចាត់តាំងចូលរួមក្នុងកងចល័តរបស់ឃុំកន្សោមអក ដើម្បីធ្វើការងារភូមិ ។
នៅថ្ងៃដំបូងពេលស្ទូងរួច សមមិត្តនារីប្រធាន(ខ)បានចាត់តាំងខ្ញុំឲ្យដើរវាស់ដីស្រែដែលទើបតែស្ទង់រួចដើម្បីរាយការណ៍ជូនសមមិត្តប្រធាន(គ) ឈ្មោះសាន។ ខ្ញុំវាស់វែងដីស្រែដោយប្រើដងរែកដែលមានក្រិតជាម៉ែត្រជាប់ជាមួយ។ ខ្ញុំវាស់វែងដោយលៃលកកែសម្រួលយ៉ាងណាឲ្យបានលេខគត់ៗងាយស្រួលក្នុងការគណនា។ខ្ញុំវាស់ឃើញ ៥០ ម៉ែត្របួនជ្រុងចំនួនពីរកន្លែង។បន្ទាប់មកខ្ញុំរាយការណ៍ប្រាប់សមមិត្តប្រធាន(គ)ថា ខ្ញុំបានដីទំហំ ៥០ម៉ែត្របួនជ្រុងចំនួនពីរកន្លែងដែលស្មើនឹងកន្លះហិកតាក្នុងមួយកន្លែង។ សមមិត្តប្រធាន(គ)ធ្វើចិញ្ចើមជ្រួញបង្ហាញនូវការងឿងឆ្ងល់ហើយប្រាប់ឲ្យខ្ញុំគិតម្ដងទៀតក្រែងខ្ញុំគិតខុស។ ខ្ញុំឆ្លើយចម្លើយដដែលទៅកាន់សមមិត្តប្រធាន(គ)។ គាត់ប្រដៅខ្ញុំថាការរៀនសូត្រក្នុងរបបសក្តិភូមិមិនបានការ ហើយការចេះដឹងរបស់ខ្ញុំដែលរៀនជិត២០ ឆ្នាំគឺមិនស្មើនឹងគាត់ដែលទើបតែរៀនបាន បន្តិចបន្តួចក្នុងសម័យបដិវត្តន៍ក្រោមការដឹកនាំដ៏ភ្លឺស្វាងរបស់អង្គការមហាលោតផ្លោះ មហាអស្ចារ្យរបស់អង្គការផង។ ខ្ញុំមិនប្រកែកនឹងសមមិត្ត(គ)ទេហើយខ្ញុំក៏ឆ្លើយតបស្របទៅគាត់វិញព្រមទាំងសម្ដែងនូវកាយវិកានិងទឹកមុខគាំទ្រចំពោះមតិរបស់សមមិត្តប្រធាន(គ)។ ខ្ញុំបានប្រាប់គាត់ថាពិតដូចបងប្រធាននិយាយមែន ការរៀនសូត្រក្នុងរបបសក្តិភូមិគឺពិតជាគ្មានប្រយោជន៍សម្រាប់បម្រើសង្គមឡើយ។ ខ្ញុំខំប្រឹងនិយាយដោយធ្វើយ៉ាងណាឱ្យសមមិត្តប្រធាន(គ)មើលឃើញថាខ្ញុំនិយាយនេះគឺជាវាចាដែលផុសចេញពីបេះដូងពិតប្រាកដ។ ខ្ញុំនឹកដល់ពុំនោលមួយរបស់អ្នកទស្សនវិជ្ជាដែលបាននិយាយថាអ្នកប្រាជ្ញអាចយកឈ្នះលើអ្វីៗបានទាំងអស់ ប៉ុន្តែបានចុះចាញ់មនុស្សល្ងង់។ ដូច្នេះខ្ញុំមិនត្រូវវែកញែករកខុសត្រូវអ្វីជាមួយមនុស្សដ៏ល្ងង់ពិតប្រាកដបែបនោះឡើយ ព្រោះវាអាចឱ្យខ្ញុំមានគ្រោះថ្នាក់បាន។
ចាប់តាំងពីពេលនោះមក បើអាចធ្វើបានខ្ញុំតែងតែស្នើប្រធាន(ខ)ឲ្យជ្រើសរើសស្រែណាដែលមានទំហំប្រហែល ៥០ ម៉ែត្របួនជ្រុង ដើម្បីស្ទូងហើយគិតទំហំថាកន្លះហិចតា។ ខ្ញុំធ្វើដូច្នេះក្រុមរបស់ខ្ញុំតែងតែស្ទូងបានមួយហិកតាក្នុងមួយថ្ងៃបានយ៉ាងស្រួលទៅតាមផែនការរបស់អង្គការដែលបានកំណត់ថា ” យើងត្រូវតែស្ទូង ៥០ ម៉ែត្របួនជ្រុងចំនួនពីរកន្លែង ខ្ញុំពិតជាខុសដែលមិនបានយកភាពចេះដឹងរបស់ខ្ញុំទៅពង្រីកបន្តឬកែតម្រូវការយល់ខុសរបស់ប្រជាជន តែបែរជាយកកេងចំណេញពីភាពល្ងេល្ងង់នេះទៅវិញ។
ប៉ុន្តែខ្ញុំគិតថា ការចេះធ្វើល្ងង់ដើម្បីគេងចំណេញពីភាពល្ងង់ពិតរបស់ប្រធានគោដើម្បីរស់នេះមិនមែនជាអំពើបាបឡើយ។ ក្នុងការបំពេញការងារដកស្ទូងយ៉ាងសម្រុកបំផុតកងចល័តម្នាក់ៗទទួលបាន បបរគោក១វែកធំក្នុងមួយពេល និងទទួលបានបបរចំនួន២ពេលក្នុងមួយថ្ងៃ។ របបអាហារនេះមិនគ្រប់គ្រាន់ទាល់តែសោះសម្រាប់ក្រុមកងចល័តដែលធ្វើការងារយ៉ាងធ្ងន់ធ្ងរ។ ស្ថានភាពនេះធ្វើឲ្យសុខភាពប្រជាជនម្នាក់ៗកាន់តែទ្រុឌទ្រោមពីមួយថ្ងៃទៅមួយថ្ងៃ។ ខ្ញុំឃ្លានណាស់ហើយគ្រប់ពេលខ្ញុំតែងតែនឹកគិតដល់ការហូបចុកនិងរំពៃរកអ្វីមកហូបបន្ថែមជានិច្ច។រៀងរាល់យប់ខ្ញុំតែងតែយល់សប្តិឃើញហូបនេះ ហូបនោះមិនចេះឆ្អែតឡើយ។
បន្ទាប់ពីបញ្ចប់ការងារនៅភូមិព្រៃអណ្ដូងរួចមក កងចល័តត្រូវបានផ្លាស់ឲ្យមកបោះទីតាំងនៅភូមិទ័ពសៀមវិញម្ដង។ ក្រុមរបស់ខ្ញុំត្រូវស្នាក់នៅផ្ទះប្រជាជនដែលស្ថិតនៅផ្នែកខាងដើមផ្លូវពីមន្ទីរសន្តិសុខម្រេញទៅកាន់វត្តសុពណ៌។ កងចល័តទាំងអស់ត្រូវសម្រុកស្ទូនៅក្បែរតំបន់ឫស្សីចិនដែលមានផ្ទៃដីប្រហែលជា ៤ហិកតាព័ទ្ធជិតដោយគុម្ពឫស្សី៊។រយៈពេលពីរថ្ងៃបានកន្លងផុតទៅរបបបបរកាន់តែថយចុះ ហើយសេចក្តូស្រេកឃ្លានកាន់តែកើនឡើងជាលំដាប់។ ពេលឃ្លានខ្លាំងខ្ញុំស្ទើរតែលែងខ្លាចសេចក្តីស្លាប់ដោយគិតលៃលកយ៉ាងណាឲ្យតែបានហូបឆ្អែត។ រាត្រីថ្ងៃ ៨កើតខែស្រាពណ៍ ផ្ទៃមេឃស្រឡះល្អ។ នាម៉ោងប្រហែល១០យប់ ព្រះចន្ទកន្លះរង្វង់កំពុងតែបណ្តែតខ្លួនលើដំបូលផ្ទះ។ ខ្ញុំមិនអាចអត់ទ្រាំនឹងសេចក្តីស្រេកឃ្លានបាន ក៏សសៀរវារចេញពីកន្លែងដេករួមរបស់កងចល័តចុះមកដី ហើយដើរចេញទៅខាងក្រៅផ្ទះសម្លឹងរកមើលក្រែងមានអ្វីដែលអាចលួចហូបបាន។ ខ្ញុំគ្មានឃើញអ្វីដែលអាចលួចហូបបានទាល់តែសោះ រួចខ្ញុំក៏សម្រេចចិត្តលួចរត់ទៅផ្ទះនៅភូមិក្រូចដែលមានចម្ងាយផ្លូវប្រហែលជា ៣ គីឡូម៉ែត្រ។ ខ្ញុំចេញដំណើរយ៉ាងថ្នមៗកុំឲ្យអ្នកផ្សេងទៀតដឹង។ ខ្ញុំធ្វើដំណើរកាត់ទឹកក្នុងវាលស្រែជាច្រើនព្រមទាំងដើរ អែបគុម្ពោតព្រៃកប់ខ្មោចក្បែរមន្ទីសន្តិសុខម្រេញ ដោយគ្មានភ័យខ្លាចអ្វីទាំងអស់ដើម្បីទៅរកអាហារ តែខ្ញុំមិនប្រាកដថានឹងបានហូបនោះឡើយ។ ម៉ោងប្រមាណជិត ១២ អធ្រាត្រ ខ្ញុំបានមកដល់ផ្ទះហើយខ្សឹបហៅម្ដាយរបស់ខ្ញុំ។ ម៉ែគោះដែកភ្លើងហើយផ្លុំដើម្បីយកភ្លើងដុតចន្លុះដែលធ្វើអំពីគ្រាប់ល្ហុងប្រេងដោតបន្តគ្នាជាចង្កាក់ដើម្បីបំភ្លឺមើលខ្ញុំ។ ម្ដាយរបស់ខ្ញុំមិនបានសួរនាំខ្ញុំថាតើខ្ញុំមកធ្វើអ្វីនោះទេព្រោះគាត់ស្មានដឹងយ៉ាងច្បាស់ពីគោលបំណងរបស់ខ្ញុំអស់ទៅហើយ។

គាត់បានយកអង្ករពីរកំប៉ុងទឹកដោះគោមកដាំបាយឱ្យខ្ញុំហូបអង្ករទាំងអស់នេះគាត់បានសន្សំទុកជាច្រើនថ្ងៃដែលក្នុងមួយថ្ងៃគាត់បានលួចអង្ករមួយក្តាប់ដៃពីកន្លែងកិនស្រូវ និងកន្លែងជាន់អង្គររួមរបស់ភូមិ។ទីនោះគឺជាកន្លែងដែលម៉ែរបស់ខ្ញុំធ្វើការងារ។ ម្ដាយរបស់ខ្ញុំអង្គុយដាំបាយក្នុងភាពប្រញាប់ប្រញាល់ហើយកែវភ្នែករបស់គាត់វិញ សម្លឹងមើលមកខ្ញុំដែលមានរូបរាងស្គមកំព្រឹង។ ទឹកមុខរបស់ម៉ែពោរពេញដោយភាពខ្លោចផ្សា។អំឡុងពេលរង់ចាំបាយឆ្អិនខ្ញុំបានដើរចុះទៅដីហើយដើរសំដៅទៅគុម្ពអំពៅរួចកាច់បានអំពៅខ្ចីមួយដើមប្រវែងប្រហែលកន្លះម៉ែត្រមកខាំបកសំបកទំពាជញ្ជក់យកទឹក។ អំពៅនោះមានរសជាតិផ្អែមឡែមៗឆ្ងាញ់អស្ចារ្យណាស់។ ព្រះចន្ទបានបញ្ចេញពន្លឺភ្លឺស្រទន់ព្រាលៗ។ទឹកអំពៅខ្ចីមួយកូនដើម និងពោតខ្ចីមួយផ្លែរួមទាំងស្នូលពោតបានចូលទៅក្នុងក្រពះរបស់ខ្ញុំនិងរង់ចាំបំពេញដោយបាយស្រួយដាំពីអង្ករពីរកំប៉ុងដែលខ្ញុំខានស្គាល់រសជាតិជាងពីរខែកន្លងមកហើយ។ បាយ ស្រួយៗល្មមបានឆ្អិន ម្ដាយរបស់ខ្ញុំនិយាយមកខ្ញុំដោយសំដីយ៉ាងថ្នាក់ថ្នមបង្កប់ដោយភាពខ្លោចផ្សាថា បាយឆ្អិនហើយកូន កូនឯងហូបទាំងអស់តាមសម្រួលទៅ។ ខ្ញុំដឹងថាម៉ែក៏ឃ្លានបាយនេះដែរ ព្រោះយើងទាំងអស់គ្នាសុទ្ធតែទទួលទានបបរមួយវែកដូចគ្នា។ប៉ុន្តែម៉ែរបស់ខ្ញុំមិនបានទទួលទានបាយនោះបន្តិចឡើយ។ខ្ញុំហូបបាយទាំងអស់ជាមួយអំបិលយ៉ាងឆ្ងាញ់។ (នៅមានត)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print