សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ៖ ហេតុអ្វីបានជារាជរដ្ឋាភិបាលតែងតែលើកឡើងពី «សន្តិភាព»?

ចែករំលែក៖

ខេត្តកណ្តាល ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា នៅគ្រប់វេទិកាសាធារណៈ រាជរដ្ឋាភិបាល តែងតែលើកឡើងពីកត្តាសុខសន្តិភាព រហូតមានអ្នកខ្លះរិះគន់ទៀតផង ក៏ដោយសារតែសន្តិភាពនៅកម្ពុជា នៅផុយស្រួយណាស់ប្រសិនបើយើងមានការធ្វេសប្រហែស។

ក្នុងពិធីបើកការដ្ឋានសាងសង់ទីក្រុងមេគង្គឃី របស់ក្រុមហ៊ុន ធីភី ម៉ូរ៉ាល់ គ្រុប ប្រារព្ធនៅក្រុងអារិយក្សត្រ ខេត្តកណ្តាល នាព្រឹកថ្ងៃអង្គារ ទី១៧ ខែធ្នូ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការរំលឹកពីពាក្យសន្តិភាពនោះ ក៏ព្រោះតែនៅពេលបច្ចុប្បន្ននេះ ប្រទេសមួយចំនួន កំពុងតែទទួលរងទុក្ខវេទនាដោយសារសង្រ្គាម ដូចដែលយើងបានមើលឃើញច្បាស់ទាំងអស់គ្នា ដូចជា អ៊ុយក្រែនជាដើម។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា កម្ពុជាទើបតែទទួលបានសុខសន្តិភាពពេញលេញរយៈពេលប្រមាណ២៦ឆ្នាំតែប៉ុណ្ណោះ ដែលប្រការនេះចាំបាច់យើងត្រូវរួមគ្នាថែរក្សាសន្តិភាពបន្តទៀតឱ្យបានរាប់រយឆ្នាំទៅមុខដើម្បីកូនចៅយើងជំនាន់ក្រោយ។
សូមបញ្ជាក់ថា ៖ តាមរយៈគម្រោងនេះ ក្រុមហ៊ុនមានចក្ខុវិស័យប្រែក្លាយដងទន្លេភាគខាងកើតនៃរាជធានីភ្នំពេញឱ្យលេចចេញជាទីក្រុងរណបថ្មី។ ជាពិសេសការ អភិវឌ្ឍនេះមានមហិច្ឆតាពង្រីក វិសាលភាពរបស់ខ្លួន នៅតាមដងទន្លេមេគង្គ ក្នុងប្រទេសកម្ពុជា ឱ្យកាន់តែមានភាពប្រណីត និងទំនើប ដូចបណ្តាប្រទេស ជឿនលឿន ដោយបង្កើតជា សហគមន៍ ទីក្រុងទំនើប រួមបញ្ចូលគ្នានូវលំនៅឋានប្រណិត បណ្ដុំអគារពាណិជ្ជកម្មខ្ពស់ៗ និងទីលំហែកម្សាន្តដ៏សំបូរបែប ភ្ជាប់ជាមួយទំនាក់ទំនងដ៏រឹងមាំទៅនឹងធម្មជាតិ។ ការអភិវឌ្ឍនេះមានគោលបំណង បង្កើតគោលដៅនៃការរស់នៅ ដែលរួមបញ្ចូលគ្នានូវប្រណីតភាព វប្បធម៌ និងការរចនាប្រកបដោយនិរន្តរភាព៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print