រដ្ឋមន្រ្តីក្រសួងកសិកម្មអញ្ជេីញជាអធិបតីបិទបញ្ចប់គម្រោងមជ្ឈមណ្ឌលកសិកម្មអន្តរជាតិកូរ៉េ (KOPIA) ប្រចាំកម្ពុជា និងកិច្ចប្រជុំប្រចាំឆ្នាំសមាគមកសិកម្ម -ឧស្សាហកម្មកូរ៉េ (K-Agro)

ចែករំលែក៖

ភ្នំពេញ÷ នៅល្ងាចថ្ងៃទី១៧​ ខែធ្នូ​ ឆ្នាំ២០២៤​ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ អញ្ជេីញជាអធិបតីក្នុងពិធីបិទបញ្ចប់គម្រោងមជ្ឈ មណ្ឌលកសិកម្មអន្តរជាតិកូរ៉េ (KOPIA) ប្រចាំកម្ពុជា និងកិច្ចប្រជុំប្រចាំឆ្នាំសមាគមកសិកម្ម-ឧស្សាហកម្មកូរ៉េ (K-Agro) នៅសណ្ឋាគារ Oakwood Premier។

ថ្លែងទៅកាន់អង្គពិធី លោករដ្ឋមន្រ្តី បានសម្តែងនូវក្តីសោមនស្សរីករាយ និងមានកិត្តិយសដែលបានអញ្ជើញចូលរួមកម្មវិធីនាថ្ងៃនេះ ដែលបង្ហាញពីការពង្រឹងនូវកិច្ចសហប្រតិបត្តិការកម្ពុជា-កូរ៉េ ក្នុងការងារអភិវឌ្ឍវិស័យកសិកម្ម។ លេីសពីនេះ​ លោករដ្ឋមន្រ្តី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់លោកបណ្ឌិត Song Yong Ju និងប្រធានមុនៗ ដែលសម្រេចបានលទ្ធផលល្អៗជាច្រើនគួរឱ្យកត់សម្គាល់ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតសិ្នទ្ធជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

បើតាម លោករដ្ឋមន្រ្តី ក្នុងរយៈពេល១៥ឆ្នាំកន្លងមកនេះក្រោយពីបានចុះអនុស្សរណៈយោគយល់ជាមួយគ្នា កិច្ចសហប្រតិបត្តិការនេះគឺមានប្រសិទ្ធភាពខ្ពស់ក្នុងការ អនុវត្តការងារគម្រោងចំនួន១៧​ ជាមួយគ្នាប្រកបដោយជោគជ័យ​ ក្នុងការអភិវឌ្ឍបច្ចេកទេស​ដល់ប្រជាកសិករ​ ក្នុងវិស័យកសិកម្ម។

ទន្ទឹមនឹងនេះ​ លោករដ្ឋមន្រ្តី​ បានគូសបញ្ជាក់ថាកម្ពុជាមានកសិផលសក្តានុពលជាច្រេីនដូចជា​ ស្រូវអង្ករ​ ស្វាយ​ ស្វាយចន្ទី​ និងដំឡូងមី​ ដែលមានគុណភាពល្អ​ រសជាតិឆ្ងាញ់​ ដោយត្រូវការការវិនិយោគលេីការកែច្នៃ​ វេចខ្ចប់​ និងអាចបាញ់ឆ្ពោះទៅកាន់ទីផ្សារអន្តរជាតិបានពិត​ប្រាកដ​ ព្រមទាំងទទួលបានតម្លៃបន្ថែមខ្ពស់សម្រាប់អ្នកវិនិយោគ​ និងផ្តល់ផលប្រយោជន៍ដល់ប្រជាជនទាំងពីរ​ចំគោលដៅ។

ជាថ្មីម្តងទៀត​​ លោករដ្ឋមន្រ្តី​ បានថ្លែងអំណរគុណដល់រដ្ឋាភិបាល រដ្ឋបាលអភិវឌ្ឍន៍ជនបទ និងស្ថានទូតនៃសាធារណរដ្ឋកូរ៉េ ដែលបានផ្តល់ការគាំទ្រក្នុងកិច្ចសហ ប្រតិបត្តិការកម្ពុជា-កូរ៉េ និងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការស្រាវជ្រាវ អភិវឌ្ឍ និងចែករំលែកបច្ចេកវិទ្យាក្នុងវិស័យកសិកម្មកម្ពុជា។ លោករដ្ឋមន្រ្តីបន្ថែមថាក្រសួងកសិកម្មស្វាគមន៍នូវកិច្ចសហប្រតិបត្តិការថ្មីៗបន្ថែមទៀតជាមួយសាធារណរដ្ឋកូរ៉េ និងសមាគមកសិកម្មឧស្សាហកម្មកូរ៉េ (K-Agro) ក្នុងការរៀបចំគម្រោងថ្មីៗ ជួយដល់ការវិនិយោគឱ្យកាន់តែមាន ប្រសិទ្ធភាពខ្ពស់​ និងជោគជ័យ។

...

ជាទីបញ្ចប់លោករដ្ឋមន្រ្តី​ មានសង្ឃឹមយ៉ាងមុតមាំក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការនេះឱ្យកាន់តែមានលទ្ធផលផ្លែផ្កាបន្ថែមទៀត​ និងជូនពរដល់អង្គពិធីទទួលបានជោគជ័យ​ និងសុភមង្គល់ក្នុងគ្រួសារក្រោមម្លប់សុខសន្តិភាព៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print