ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យបានជ្រាបថា សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) នឹងរៀបចំព្រឹត្តិការណ៍ “សាទរកម្ពុជា” ដែលនឹងប្រព្រឹត្តទៅនៅ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ មានអ្នកចូលរួមប្រមាណ៣០០០នាក់ នៅមុខព្រះបរមរាជវាំង ស្ថិតក្នុងសង្កាត់ ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ដោយឡែក នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ នៅវេលាម៉ោង ១៣:០០នាទី សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) នឹងរៀបចំធ្វើការដង្ហែក្បួនថ្មើរជើងសាកល្បង ដោយអនុញ្ញាតឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់អាចចូលរួមដោយ សេរី ដើម្បីត្រៀមលក្ខណៈឱ្យព្រឹត្តិការណ៍ “សាទរកម្ពុជា” ដំណើរការទៅទទួលបានលទ្ធផលល្អប្រសើរតាមការគ្រោងទុក។ ដើម្បីឱ្យព្រឹត្តិការណ៍ សាទរកម្ពុជា ខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ដំណើរការនៃការរៀបចំនឹងប្រព្រឹត្តទៅដូចខាងក្រោម ចំពោះការដង្ហែក្បួនថ្មើរជើងសាកល្បង នឹងរៀបចំប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ នៅលើកំណាត់តីរវិថីព្រះស៊ីសុវត្ថិ (ចាប់ពីកែងវិថីបក្សីចាំក្រុង រហូតដល់សាលមហោស្រពចតុមុខ) ចាប់ពីវេលាម៉ោង ១៣:០០នាទី រហូតដល់បញ្ចប់កម្មវិធី។
ចំពោះការដង្ហែក្បួនថ្មើរជើងសម្រាប់ព្រឹត្តិការណ៍ “សាទរកម្ពុជា នឹងរៀបចំប្រព្រឹត្តទៅ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ នៅលើកំណាត់តីរវិថីព្រះស៊ីសុវត្ថិ (ចាប់ពីកែងវិថីបក្សីចាំក្រុង រហូតដល់សាល មហោស្រពចតុមុខ) និងកំណាត់វិថីឧកញ៉ាឈុន (ចាប់ពីភ្លើងស្តុបសាលមហោស្រពចតុមុខ រហូតដល់ កែងមហាវិថីសម្តេចសុធារស) ចាប់ពីវេលាម៉ោង ១៣:០០នាទី រហូតដល់បញ្ចប់កម្មវិធី។
ទទួលបានសេចក្តីជូនដំណឹងនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថ រាជធានីភ្នំពេញ រដ្ឋបាលខណ្ឌដូនពេញ និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវធ្វើការផ្សព្វផ្សាយឱ្យបាន ទូលំទូលាយ និងសហការអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ ៕ ដោយ៖ សំរិត