គណៈប្រតិភូនៃក្រសួងសុខាភិបាល ចុះពិនិត្យវឌ្ឍនភាព នៃការរៀបចំទីតាំងចត្តាឡីស័កនៅអាកាសយានដ្ឋានអន្តរជាតិតេជោ

ចែករំលែក៖

ភ្នំពេញ៖ នារសៀលថ្ងៃសុក្រ ៥រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំប្រតិភូសុខាភិបាល រួមដំណើរដោយ លោកវេជ្ជបណ្ឌិត ហុក គឹមចេង អគ្គនាយកបច្ចេកទេសសុខាភិបាល និងតំណាងនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការរៀបចំទីតាំងចត្តាឡីស័កនៅអាកាសយានដ្ឋានអន្តរជាតិតេជោ មានទីតាំងស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ក្នុងការចុះពិនិត្យទីតាំងនេះ គណៈប្រតិភូ បានទទួលនូវការស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់ លោកឧកញ៉ វ៉ាន់ ឆារស៍ជួន ( Charles Van) អភិបាលក្រុមហ៊ុនខេមបូឌា អ៊ែរផត អិនវេសមិន ខូអិលធីឌី (CAIC) ដោយ មានការ សំរបសំរួល យ៉ាង ទាន់ ពេល ពី ឯកឧត្តម រដ្ឋមន្ត្រី នៃរដ្ឋ លេខា ធិការ ដ្ឋាន អាកាសចរណ៍ ស៊ីវិល ព្រមទាំង សហការី ។ គណៈប្រតិភូបានអញ្ជើញពិនិត្យមើលប្លង់លំហូរអ្នកដំណើរចេញ និងមកដល់ និងសមិទ្ធផលសំខាន់ៗដែលជាស្ថាបត្យកម្មរបស់កូនខ្មែរ។

បន្ទាប់មកទៀត គណៈប្រតិភូ បានពិនិត្យមើលការងារបច្ចេកទេសសម្រាប់ការរៀបចំទប់ស្កាត់នឹងជំងឺឆ្លងនានា និងព្រឹត្តិការណ៍សុខភាពសាធារណៈផ្សេងៗ ដើម្បីត្រៀមខ្លួនជាស្រេច ក្នុងការទប់ស្កាត់និងការពារជំងឺឆ្លងដែលនាំចូលតាមអ្នកដំណើរជាយថាហេតុ។ ក្នុងនេះដែរ ទីតាំងចត្តាឡីស័កមានទំហំ ២០០ម៉ែត្រក្រឡាស្ថិតនៅបន្ទាប់ពីសាលមកដល់ នៃអ្នកដំណើរ ដែលបែងចែកជា៦បន្ទប់រួមមាន៖ បន្ទប់ដាក់អ្នកជំងឺដាច់ដោយឡែក បន្ទប់ពិនិត្យពិគ្រោះជំងឺបឋម បន្ទប់សម្រាប់មន្ទីរពិសោធន៍ បន្ទប់ការិយាល័យ បន្ទប់សម្រាប់គ្រូពេទ្យ និងបន្ទប់ដាក់សម្ភារៈ។ គណ:ប្រតិភូ ទាំង អស់ នឹង បន្ត សហការ ជិត ស្និទ្ធ ជាមួយ គ្នា ដេីម្បី ឲ្យ ការរៀបចំ នេះ ប្រព្រឹត្តិ ទៅ បាន ជោគជ័យ និង ការ ពារ ទប់ស្កាត់ រាល់ ជំងឺ ឆ្លង នានា ដែល អាច នាំចូល ជា យថាហេតុ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print