យ៉ាងហោចណាស់មនុស្ស១០នាក់បានស្លាប់ និង១៧នាក់រងរបួស ក្នុងហេតុការណ៍ធ្លាក់យន្តហោះនៅប្រទេសប្រេស៊ីល កាលពីថ្ងៃទី២២ ខែធ្នូ។
សារព័ត៌មាន ABC News បានដកស្រង់សម្តីប៉ូលិសដែលនិយាយថា អ្នកបើកយន្តហោះគឺលោក Luiz Claudio Salgueiro Galeazzi ដែលជាពាណិជ្ជករ។ ក្រៅពីលោក Galeazzi នៅលើយន្តហោះក៏មានសមាជិកគ្រួសារ រួមទាំងកូនៗរបស់បុរសនេះផងដែរ។ ទាំងអស់បានស្លាប់នៅក្នុងគ្រោះថ្នាក់នេះ។
យន្តហោះបានធ្លាក់នៅកន្លែងលក់ទំនិញដ៏ល្បីមួយក្នុងក្រុង Gramado ភាគខាងត្បូងប្រទេសប្រេស៊ីល។ វាបានហោះចេញពី Canela នៅជិត Gramado ហើយត្រូវបានគេរំពឹងថានឹងទៅដល់ Jundiai រដ្ឋ São Paulo ប៉ុន្តែបានធ្លាក់បន្ទាប់ពីហោះបានត្រឹមតែ 3 គីឡូម៉ែត្រប៉ុណ្ណោះ។
យ៉ាងហោចណាស់មនុស្ស 17 នាក់ផ្សេងទៀតដែលដើរទិញអីវ៉ាន់សម្រាប់បុណ្យណូអែលបានរងរបួសនិងបញ្ជូនទៅមន្ទីរពេទ្យ ក្នុងនោះមានស្ត្រីពីរនាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។
៕ ដោយធីរីណា
រូបថត: X