សម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត​ ថ្លែង​ប្រសាសន៍សំខាន់ៗឱកាសអញ្ជើញជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A

ចែករំលែក៖

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤នេះ បានមានប្រសាសន៍សំខាន់ៗ​នាឱកាស​អញ្ជើញសំណេះសំណាលជាមួយសិស្សនិទ្ទេស A និងសិស្សប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ ។

សូមអាន​ប្រសាសន៍សំខាន់ៗរបស់​សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា​ មានដូចខាងក្រោម៖

-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងអំណរគុណដល់រដ្ឋបាលរាជធានី-ខេត្ត ,ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្ត ដែលបានផ្តល់រង្វាន់ដល់កូនក្មួយដែលបានប្រឡងជាប់និទ្ទេសអេ សម្រាប់ឆ្នាំ២០២៣ -២០២៤កន្លងទៅនេះ។

-សម្តេចធិបតី ថ្លែងថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សា គឺជា ការវាស់ស្ទង់សមត្ថភាព ប៉ុន្តែមិនប្រាកដថា អ្នកជាប់និទ្ទេសអេ ជាមនុស្សជោគជ័យនោះឡើយ។

-សម្តេចធិបតី ថ្លែង​លើកទឹកចិត្ត និងផ្ដាំផ្ញើដល់សិស្សានុសិស្សទាំងអស់ខិតខំរៀនសូត្រ ដើម្បីឲ្យមានសមត្ថភាពពិតប្រាកដ ត្រូវប្រកាន់យកចំណុចវិជ្ជមាននោះ នឹងខិតខំសម្រេចឱ្យបាននូវផ្លូវត្រូវដើរ នឹងមានលទ្ធផលល្អនាពេលអនាគត។

-សម្ដេចធិបតី ថ្លែង​ថា ការដកខ្លួនចេញពីប្រទេសអភិវឌ្ឍន៍តិចតួចរបស់កម្ពុជា គឺដើម្បីបង្ហាញពីសមត្ថភាព ពង្រឹងសមត្ថភាពកម្ពុជាកាន់តែរឹងមាំ ទុកចិត្តលើខ្លួនឯង ម្ចាស់ការលើខ្លួនឯង។

-សម្ដេចធិបតី​ ថ្លែង​បន្ថែមថា បើកម្ពុជាបន្តស្ថិតនៅជាប្រទេសអភិវឌ្ឍន៍តិចតួច នោះប្រទេសជាច្រើននឹងបន្តផ្ដល់ជំនួយដល់កម្ពុជា និងបន្តទទួលលក្ខខណ្ឌអនុគ្រោះពីប្រទេ សជាច្រើនទៀត។

-សម្ដេចធិបតី ថ្លែង​ថា មុនការដកខ្លួនចេញនេះ ធនាគារពិភពលោកក៏បានមកសួរកម្ពុជាផងដែរ តែកម្ពុជានៅតែសម្រេចចិត្តចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចជាដដែល ដើម្បីពង្រឹងសមត្ថភាពកម្ពុជាឱ្យកាន់តែខ្លាំង។

-សម្តេចធិបតី​ ថ្លែងថា​ គ្មានអ្នកណាម្នាក់ដែលជោគជ័យ ហើយគ្មានការតស៊ូ និងខំប្រឹងប្រែងនោះទេ ហើយគ្មានបុគ្គលណាម្នាក់ជោគជ័យអង្គុយកើតទុក្ខ និងអង្គុយផឹកស្រានោះឡើយ។ ត្រង់ន័យនេះ ក្មួយសិស្សានុសិស្សទាំងអស់ក៏ដូច្នេះដែរ មិនដែលប្រឡងជាប់រហូតដល់ជាប់និទ្ទេសអេ ដោយគ្មានការខិតខំប្រឹងប្រែងរៀនសូត្រនោះទេ។

-សម្តេចធិបតី ថ្លែងថា ក្រសួងអប់រំគ្មានការដាក់បញ្ចូល​ភាសាវៀតណាម ឬភាសាផ្សេងៗ ក្នុងកម្មវិធីសិក្សាសម្រាប់ថ្នាក់ជាតិនោះឡើយ ខណៈការលើកឡើងរបស់សម្តេចនេះ គឺដើម្បីឆ្លើយតបចំពោះការបំភ្លើស របស់ជនអគតិមួយក្តាប់តូចថា ក្រសួងអប់រំ នឹងដាក់ភាសាវៀតណាម ចូលក្នុងកម្មវិធីសិក្សានោះ។

-សម្ដេចធិបតី​ ថ្លែងថា​ យើងមិនអាចអង្គុយសោកសៅចំពោះប្រវត្តិ សាស្ត្រដ៏ជូរចត់របស់កម្ពុជានោះទេ គឺយើងប្រឹងស្វែងរកសន្តិភាពឱ្យកម្ពុជាឡើងវិញ និងប្រឹងប្រែង កសាងអភិវឌ្ឍន៍ប្រទេសឱ្យតាមទាន់ប្រទេសក្បែរខាង និងវ៉ាប្រទេសគេនៅពេលខាងមុខ។

-សម្ដេចធិបតី ថ្លែង​លើកទឹកចិត្តដល់ស្ថាប័នពាក់ព័ន្ធឱ្យរៀបចំ កម្មវិធីតាំងពិព័រណ៍សៀវភៅឱ្យបានច្រើន។ សម្ដេចធិបតីក៏បានជំរុញលើកទឹកចិត្តដល់យុវជន សិស្ស និស្សិត និងក្មេងៗត្រូវមានទម្លាប់អានឱ្យបានច្រើន។

-សម្ដេចធិបតី​ ថ្លែង​ណែនាំអាណាព្យាបាល មាតា បិតា គួរជំរុញឱ្យកូនៗ ឬ អ្នកនៅក្រោមការគ្រប់គ្រងរបស់ខ្លួន អានសៀវភៅឱ្យបានច្រើន។

-សម្ដេចធិបតី ថ្លែង​បន្ថែមថា សៀវភៅទាំងនោះ មិនចាំបាច់តែសៀវភៅដែលបង្ហាញពីចំណេះដឹងជ្រៅជ្រះ នោះទេ សូម្បីតែសៀវភៅរឿងព្រេង សៀវភៅតុក្កតា ក៏ត្រូវជំរុញឱ្យអានផងដែរ។

-សម្ដេចធិបតី​ ថ្លែងថា​ ការអានសៀវភៅ នាំឱ្យកាត់បន្ថយគម្លាតពីការ កាន់ទូរសព្ទ, ថេបប្លេត ឬ គ្រឿងអេឡិចត្រូនិកនានា។ ការអានសៀវភៅនាំឱ្យកើនចំណេះ និងផ្ដោតអា រម្មណ៍បានល្អ។

សូមជម្រាបជូនថា​ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិកាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ មានបេក្ខជនបានចុះឈ្មោះប្រឡងសរុប ១៣៧,០៤០នាក់ ស្រី ៧៤,៨៨២ នាក់ ត្រូវជា ៥៤.៦៤ភាគរយ។ បេក្ខជនបានមកប្រឡងចំនួន ១៣៤,៦២៩នាក់ ស្រី ៧៣,៩២៩នាក់ ត្រូវជា ៥៤.៩១ភាគរយ និងបេក្ខជនបាន ប្រឡងជាប់សរុប ១០៦,៣៥១នាក់ ស្មើនឹង ៧៩ភាគរយ នៃចំនួនបេក្ខជនបានមកប្រឡងសរុប។

បេក្ខជនដែលបានប្រឡងជាប់នេះ មានបេក្ខជនទទួលបាននិទ្ទេស A ចំនួន ២,២១៦នាក់ ស្រី ១,២៨១នាក់ ត្រូវជា ៥៧.៨០ភាគរយ, និទ្ទេស B ចំនួន ៩,៧០១នាក់ ស្រី ៥,៩៨៥នាក់ ត្រូវជា ៦១.៦៩ភាគរយ, និទ្ទេស C ចំនួន ២២,៦៧៥នាក់ ស្រី ១៤,២២០នាក់ ត្រូវជា ៦២.៧១ភាគរយ, និទ្ទេស D ចំនួន ៣៦,៦៨៣នាក់ ស្រី ២១,៦៩៨នាក់ ត្រូវជា ៥៩.១៥ភាគរយ, និទ្ទេស E ចំនួន ៣៥,០៧៦នាក់ ស្រី ១៨,៣៤៦នាក់ ត្រូវជា ៥២.៣០ភាគរយ។

...

សូមបញ្ជាក់ថា ឆ្នាំនេះជាឆ្នាំទី២ ដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញ​ជួប​សំណេះសំណាល និងផ្តល់រង្វាន់ជូនសិស្សនិទ្ទេស A ដែលជាការបង្ហាញឱ្យឃើញនូវ​ការផ្តល់ការយកចិត្តទុកដាក់ខ្ពស់របស់សម្តេចនាយករដ្ឋមន្ត្រីទៅលើសិស្សមានសមត្ថភាពពូកែរបស់កម្ពុជា៕ដោយ​៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print