ខេត្តសៀមរាប ៖ ស្ថាប័នប្រឆាំងអំពើជួញដូរមនុស្ស នៃប្រទេសកម្ពុជា ឡាវ និងវៀតណាម បានបើកកិច្ចប្រជុំពង្រឹងកិច្ចសហប្រតិបត្តិការ បង្ក្រាបបទល្មើសឆ្លងដែនខុសច្បាប់ ដែលឈានទៅដល់បទល្មើសជួញដូរមនុស្ស។
ក្នុងកិច្ចប្រជុំត្រីភាគី កម្ពុជា ឡាវ វៀតណាម ស្ដីពី កិច្ចសហប្រតិបត្តិការក្នុងការគ្រប់គ្រងលំហូរទេសន្តរប្រវេសន៍ឆ្លងកាត់ព្រំដែន ដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធអំពើជួញដូរមនុស្ស មានប្រសាសន៍ថា បទល្មើសជួញដូរមនុស្ស រួមទាំងការធ្វើចំណាកស្រុកមិនស្របច្បាប់ ពលកម្មដោយបង្ខំ និងការបង្ខំប្រព្រឹត្តបទល្មើស នៅតែជាបញ្ហាប្រឈមសំខាន់ មានលក្ខណៈស្មុគស្មាញ និងត្រូវការយកចិត្តទុកដាក់បន្ថែម នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
លោកស្រីបាន បន្តថា ដោយសារឥទ្ធិពលនៃជំងឺរាតត្បាត និងវិបត្តិសេដ្ឋកិច្ច បានធ្វើឱ្យប្រជាពលរដ្ឋទន់ខ្សោយ ដោយមានជីវភាពខ្វះខាត ខ្វះព័ត៌មានគ្រប់គ្រាន់ រួមទាំងមានចំណេះដឹងផ្នែកបច្ចេកវិទ្យា និងភាសាមានកម្រិត ខ្វះការយល់ដឹងពីល្បិចកល នៃជនល្មើស និងហានិភ័យ ក្នុងការជ្រើសរើសការងារ ដែលអាចទុកចិត្តបាន ដូច្នេះបានធ្វើឱ្យកើនឡើងការធ្វើចំណាកស្រុក ស្វែងរកការងារ នៅបរទេសប្រថុយប្រថាន។
លោកស្រី ជូ ប៊ុនអេង បន្ថែមថា និន្នាការថ្មីៗ បរិវត្តកម្មនៃប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងការប្រែប្រួល នៃស្ថិរភាពសេដ្ឋកិច្ច នយោបាយសាកលលោក កិច្ចសហប្រតិបត្តិការ និងការគ្រប់គ្រងព្រំដែនរួមគ្នានៅមានកម្រិត ធ្វើឱ្យជនល្មើសឆ្លៀតឱកាស ក្នុងការឆបោកតាមប្រព័ន្ធអ៊ីនធឺណិត ធ្វើប្រតិបត្តិការឆបោកជ្រើសរើសការងារខុសច្បាប់ និងបង្ខំឱ្យប្រព្រឹត្តបទល្មើស ធ្វើឱ្យមានភាពស្មុគស្មាញបន្ថែមទៀត សម្រាប់អាជ្ញាធរមានសមត្ថកិច្ច ដែលបង្កផលប៉ះពាល់ដល់សន្តិសុខជាតិ សន្តិសុខក្នុងតំបន់ និងសាកលលោក ហេតុដូចនេះទើបប្រទេសទាំងបី ចាំបាច់បង្កើតឱ្យមានកិច្ចប្រជុំដ៏មានសារៈសំខាន់នេះឡើង ។
គួរបញ្ជាក់ថា គោលបំណងសំខាន់ នៃកិច្ចប្រជុំនេះ រួមមាន ទី១. សិក្សាអំពីស្ថានភាព នៃភាពងាយរងគ្រោះរបស់ជនទេសន្តរប្រវេសន៍ឆ្លងកាត់ព្រំដែននៃប្រទេសទាំងបី, ទី២. ពិនិត្យមើលយន្តការឆ្លើយតបរបស់រដ្ឋាភិបាល នៃប្រទេសទាំងបី ទី៣. ស្វែងរកដំណោះស្រាយរួមត្រីភាគី ដើម្បីបង្កើនប្រសិទ្ធិភាពក្នុងការគ្រប់គ្រងព្រំដែន និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងទី៤. បង្កើតយន្តការត្រីភាគីរួម រៀបចំកិច្ចប្រជុំទៀងទាត់ ដើម្បីធានាការចែករំលែកព័ត៌មាន និងកិច្ចសហការបន្ត។
កិច្ចប្រជុំនេះ មានការចូលរួមពីតំណាង និងជាសមាជិកនៃស្ថាប័នពាក់ព័ន្ធ នៃប្រទេសទាំង៣ កម្ពុជា ឡាវ វៀតណាម រួមមាន ក្រសួងមហាផ្ទៃ/សន្តិសុខសង្គម ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា ក្រសួងកិច្ចការនារី សហព័ន្ធនារី/សមាគមនារី ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងយុត្តិធម៌ ក្រសួងអប់រំយុវជននិងកីឡា តំណាងស្ថានទូតប្រចាំកម្ពុជា អាជ្ញាធរពាក់ព័ន្ធ តំណាងអង្គការទេសន្តរប្រវេសន៍អន្តរជាតិ (IOM) នៃប្រទេសទាំងបី ក៏ដូចជាអង្គការជាតិ និងអន្តរជាតិ ៕
ដោយ : សិលា