មន្រ្តីអ្នកនាំពាក្យក្រសួងបរិស្ថាន ៖ ផ្លូវជាតិ និងផ្លូវសំខាន់ៗមួយចំនួនមានសោភ័ណភាពនិងគ្មានសំរាមរាយប៉ាយ

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានរៀបចំគម្រោងសាកល្បងសំអាតផ្លូវជាតិ សំដៅធ្វើយ៉ាងណាប្រែក្លាយផ្លូវជាតិកម្ពុជាជាផ្លូវគ្មានសំរាម ប្រកបដោយផាសុកភាព និងព្រមទាំងមានភាព ស្រស់ស្អាតសម្រាប់អ្នកធ្វើដំណើរទូទៅនៅកម្ពុជា។

លោក ខ្វៃ អាទិត្យា មន្រ្តីនាំពាក្យក្រសួងបរិស្ថានបានថ្លែងនៅថ្ងៃទី២៣ ខែ ធ្នូ ឆ្នាំ ២០២៤ឱ្យដឹងថា ដំណើរការសម្អាតផ្លូវជាតិនេះបានចាប់ផ្តើមតាំងតែពីវិច្ឆិកាកន្លងមក ហើយបបច្ចុប្បន្ននេះសម្អាតបានប្រមាណ៧០-៨០ភាគរយតាមផ្លូវជាតិចំនួន៥ក្នុងនេះរួមមានផ្លូវជាតិ លេខ៤ ផ្លូវជាតិលេខ៣ ផ្លូវលេខ៤១ ផ្លូវលេខ៥១ ជាដើម។    

មន្រ្តីអ្នកនាំពាក្យក្រសួងបរិស្ថានបានឱ្យដឹងដែរថាការចូលរួមសម្អាតពីសំណាក់ មន្រ្តីក្រសួងបរិស្ថាន អាជ្ញាធរមូលដ្ឋាន សិស្សានុសិស្ស យ៉ាងសកម្មក្នុងការសម្អាតតាមដងផ្លូវនានា កន្លងមកបានធ្វើឱ្យតាមដងផ្លូវតំបន់មួយចំនួន ធ្លាប់តែមានសំរាមចោលពាសវាល ពាសកាលបានប្រែក្លាយជាផ្លូវស្អាត មានអនាម័យ និងមានសោភ័ណ្ឌភាពកាន់តែប្រសើរឡើង។

លោក ខ្វៃ អាទិត្យា បានថ្លែងឱ្យដឹងដែរថា៖ការសម្អាតតាមដងផ្លូវជាតិសំខាន់ៗកន្លងមកគឺជាផ្នែកមួយ ក្នុងការធ្វើឱ្យ ប្រទេសជាតិស្អាត ដែលជាទិសដៅរបស់ក្រសួងបរិស្ថាន។ ជាមួយគ្នានេះវាក៏ជាការបណ្តុះផ្នត់គំនិត ដល់សិស្សានុសិស្ស ចូលរួមសម្អាតបរិស្ថានតាមដងផ្លូវ ពិសេសជាងនេះចេះចូលរួមទុកដាក់សំរាមឱ្យបានត្រឹមត្រូវសំដៅធ្វើយ៉ាងណាប្រទេសយើងស្អាត គ្មានសំរាមដែលជាទីទាក់ទាញទេសចរ។ 

ជាមួយគ្នានេះមន្រ្តីអ្នកនាំពាក្យក្រសួងបរិស្ថានបានអំពាវនាវឱ្យពលរដ្ឋទុកដាក់សំរាមឱ្យបានត្រឹមត្រូវ មិនចោលសំរាមពាសវាលកាល ហើយចូលរួមសម្អាតដងផ្លូវរបស់យើង ជាផ្លូវគ្មានសំរាម មានសោភ័ណ្ឌភាព និងចូលរួមដាំដើមឈើប្រែក្លាយជាដងផ្លូវស្រស់បំព្រងជាប្រចាំតទៅថ្ងៃខាងមុខ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print