ខេត្តពោធិ៍សាត់ ៖ នៅថ្ងៃចន្ទ ទី២៣ ខែធ្នូ ឆ្នាំ២០២៤ នៅសាលប្រជុំ ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារកិច្ចប្រតិបត្តិការ រក្សាការពារ សន្តិសុខ សណ្តាប់ធ្នាប់ ប្រចាំខែធ្នូ ឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តបន្ត ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្ត និងមានអញ្ជើញចូលពីលោក ស្នងការរង លោកនាយ នាយរងការិយាល័យជំនាញ លោកអធិការ អធិការរងនគរបាលក្រុង.ស្រុកទាំង៧ និងលោកនាយ នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៤៩ឃុំ.សង្កាត់។
ក្រោយពីបានស្តាប់ ការអានរបាយការណ៍កិច្ចសហប្រតិបត្តិការ រក្សា ការពារ សន្តិសុខ សុវត្ថិភាពសណ្តាប់ធ្នាប់សាធារណៈ ប្រចាំខែធ្នូ របស់លោកវរសេនីយ៍ឯក ប៉ូ វណ្ណារ៉ូ នាយការិយាល័យ សរុប វិភាគ និងមតិចូលរួមរបស់លោកស្នងការរងផែនការងារជំនាញ លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តបានមានប្រសាសន៍ ឲ្យកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រូវពង្រឹងការងារបំពេញតួនាទីភារកិច្ចឲ្យបានកាន់តែល្អ ត្រូវយកចិត្តទុកដាក់បន្តពង្រឹងលើការងារបង្ការ ទប់ស្កាត់ និងបង្ក្រាបរាល់គ្រប់បទល្មើស ល្បែងស៊ីសងគ្រប់ប្រភេទ និងក្មេងទំនើង គ្រឿងញៀន បម្រើសេវាតាមសំណូមពរ ប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ត្រូវបន្តពង្រឹងយកចិត្តទុកដាក់លើការងារសហការចុះត្រួតពិនិត្យ បង្ក្រាបបទល្មើសគ្រប់ប្រភេទនៅពេលយប់ ពង្រឹងការចុះ ផ្សព្វផ្សាយគោលនយោបាយភូមិ.ឃុំ សង្កាត់មានសុវត្ថិភាព ។
ទន្ទឹមនឹងនេះ អធិការដ្ឋាននីមួយត្រូវជួយពង្រឹង កម្លាំងសម្រាប់ទ្រោលសភាពការណ៍ ត្រូវពង្រឹងការត្រួតពិនិត្យលើការអនុវត្តការងាររបស់ប៉ុស្តិ៍ តាមគោលការណ៍ណែនាំរបស់ថ្នាក់ដឹកនាំ ត្រូវផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋ ឲ្យបង្កើនការប្រុងប្រយ័ត្ន រក្សា ការពារ សម្ភារៈ ជៀសវាងមានជនខិលខូច លួចធ្វើសកម្មភាពចោរកម្មនៅតាមមូលដ្ឋាន រឹងបន្តឹង និងបង្កើនការត្រួតពិនិត្យ ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងបង្កើនការផ្សព្វផ្សាយស្តីពី ការប្រើប្រាស់ផ្លូវ កម្លាំងនគរបាលគ្រប់រូប ត្រូវអនុវត្តន៍ឲ្យបាន ត្រឹមត្រូវ លើការស្នើសុំអនុញ្ញាតច្បាប់ឈប់សម្រាក ឬទៅពិនិត្យសុខភាព នៅក្រៅប្រទេស តាមអនុក្រឹត្យរបស់ក្រសួង នឹងត្រូវគោរពវិន័យរបស់កងកម្លាំងឲ្យបានខ្ជាប់ខ្ជួន ។
លោកឧត្តមសេនីយ៍ទោ ស្នងការក៏បានប្រគល់ សៀវភៅអនុវត្ត ស្តីអំពី នគរបាល និងសហគមន៍ ទៅលោកអធិការ នគរបាលក្រុង.ស្រុក ទាំង៧ ផងដែរ ៕
ដោយ ៖ សិលា