ខេត្តព្រះសីហនុ ៖ រថយន្តមួយគ្រឿងកំពុងបើកបរតាមផ្លូវសុខៗមិនដឹងជាមូលហេតុអ្វីស្រាប់តែភ្លើងឆេះខ្មួល ត្រូវបានប្រជាពលរដ្ឋទំនាក់ទំនងទៅសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចេញអន្តរាគមន៍បាញ់ពន្លត់ ចំណែកអ្នកបើកបររត់គេចខ្លួនបាត់ស្រមោល ។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង១០និង៣០នាទីយប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ នៅក្នុងចំណុចតំបន់សេដ្ឋកិច្ចពិសេស ភូមិពូធឿង ឃុំ បិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
សមត្ថកិច្ចបានឲ្យដឹងថា រថយន្តដែលត្រូវអគ្គិភ័យឆាបឆេះម៉ាកម៉ាសស្តា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BE-5366 ត្រូវបានភ្លើងឆេះស្ទើរទាំងស្រុង។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តបើកបរសុខៗ ស្រាប់តែភ្លើងឆាបឆេះតែម្តង មិនដឹងថាឆ្លងចរន្តភ្លើងឬយ៉ាងណានោះទេ ភ្លាមៗនោះត្រូវបានប្រជាពលរដ្ឋទំនាក់ទំនងទៅសមត្ថកិច្ចហៅ រថយន្តពន្លត់អគ្គិភ័យមួយគ្រឿងចេញទៅជួយអន្តរាគមន៍បាញ់ទឹកពន្លត់ ។
បន្ទាប់ពីកើតហេតុម្ចាស់រថយន្តបានគេចខ្លួនបាត់ ហើយក្រោយពន្លត់ភ្លើងរលត់ សមត្ថកិច្ចបានស្ទូចយកទៅរក្សាទុកដើម្បើស្រាវជ្រាវបន្ត៕
ដោយ៖ ជ្រោយពេជ្រ