ដំណើរការផ្លាស់ប្តូររដ្ឋធានីចេញពីទីក្រុងសេអ៊ូល ទៅកាន់ទីក្រុងសេជុង

ចែករំលែក៖

ទីក្រុង Sejong គឺជាទីក្រុងមួយ ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០០៧ ក្នុងបំណងបម្រើជារដ្ឋធានីថ្មី នៃប្រទេសកូរ៉េខាងត្បូង ជំនួសរដ្ឋធានីបច្ចុប្បន្ន គឺទីក្រុងសេអ៊ូល ប៉ុន្តែមកទល់ពេលឥឡូវ ការផ្លាស់ប្តូររដ្ឋធានីនេះបន្តមិនទាន់សម្រេចបានជាស្ថាពរនៅឡើយ។

គំនិតនៃការផ្លាស់រដ្ឋធានីចេញពីសេអ៊ូល ត្រូវបានផ្តួចផ្តើមឡើងដំបូង ដោយអតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Roh Moo-hyun កាលពីឆ្នាំ២០០៣។ គោលបំណងរបស់លោក Roh នាពេលនោះ គឺចង់ចែករំលែកភាពស្តុកស្តម និងឥទ្ធិពលដែលបានមកប្រមូលផ្តុំនៅក្នុងទីក្រុងសេអ៊ូល ជាមួយផ្នែកដទៃទៀតនៃប្រទេស ហើយលើកទឹកចិត្តដល់ការអភិវឌ្ឍតាមតំបន់ និងកាត់បន្ថយបញ្ហាមនុស្សច្រើនកកកុញនៅទីក្រុងសេអ៊ូល។
ទោះជាយ៉ាងណាក្តី ផែនការរបស់លោកបានជួបឧបសគ្គជាច្រើន រួមទាំងការជំទាស់ពីតុលាការធម្មនុញ្ញកាលពីឆ្នាំ២០០៤។ ម៉្យាងវិញទៀត ប្រធានាធិបតីក្រោយៗមកទៀត ហាក់មិនសូវជាខ្នះខ្នែងអើពើចំពោះគម្រោងនេះឡើយ រីឯធុរជនធំៗក៏មានជំហរប្រឆាំងគំនិតនេះផងដែរ។
ទោះជាបែបនេះក៏ដោយ មកទល់ឥឡូវ ស្ថាប័ននិងទីភ្នាក់ងាររដ្ឋាភិបាលមួយចំនួនបានធ្វើការរុះរើជាបណ្តើរៗទៅកាន់ទីក្រុង Sejong សរុបគឺក្រសួងចំនួន១២ ត្រូវបានផ្លាស់ប្តូរទៅទីនោះ រួមមានទាំងក្រសួងអប់រំនិងបរិស្ថាន ខណៈក្រសួងចំនួន៥ទៀត រួមមានទាំងក្រសួងធំៗ ដូចជាក្រសួងការបរទេស និងក្រសួងការពារជាតិ បន្តស្ថិតនៅទីក្រុងសេអ៊ូលដដែល រួមជាមួយសភាជាតិ និងការិយាល័យប្រធានាធិបតី។
ហេតុផលមួយទៀត ដែលគេមើលឃើញថា នៅពីក្រោយគំនិតចង់ផ្លាស់ប្តូររដ្ឋធានីរបស់កូរ៉េខាងត្បូង គឺបញ្ហាសន្តិសុខជាមួយកូរ៉េខាងជើង។ តំបន់ជាយភាគខាងជើងនៃទីក្រុងសេអ៊ូល មានចម្ងាយត្រឹមតែ៣០គីឡូម៉ែត្រប៉ុណ្ណោះពីតំបន់ព្រំដែន DMZ ដែលខណ្ឌចែកប្រទេសកូរ៉េទាំងពីរ។
ជាយូរមកហើយ មានក្តីបារម្ភថា ការវាយប្រហារភ្លាមៗណាមួយ ឆ្លងព្រំប្រទល់ចូលមក មុខជានឹងអនុញ្ញាតឱ្យកងទ័ពកូរ៉េខាងជើងឈ្លានពានចូលដល់រដ្ឋធានីយ៉ាងឆាប់រហ័សបំផុត។ មួយវិញទៀត ទីក្រុងសេអ៊ូល ក៏ស្ថិតក្នុងរយៈចម្ងាយអាចរងការវាយប្រហារ ពីការបាញ់ផ្លោងរបស់កូរ៉េខាងជើងផងដែរ ដូច្នេះហើយការរើរដ្ឋធានីទៅកាន់ភាគខាងត្បូង នឹងជួយផ្តល់ការការពារប្រសើរជាងមុន នៅពីក្រោយរនាំងធម្មជាតិផ្សេងៗ រួមមានដងទន្លេ និងជួរភ្នំជាដើម។ ទីក្រុង Sejong ស្ថិតនៅចម្ងាយ១២៥គីឡូម៉ែត្រ ពីភាគខាងត្បូងទីក្រុងសេអ៊ូល។
បច្ចុប្បន្ន ទីក្រុង Sejong មានមនុស្សរស់នៅត្រឹមជាង៣៦០ ០០០នាក់ប៉ុណ្ណោះ។ ដំណើរការសាងសង់ទីក្រុងនេះ ត្រូវបានរំពឹងថា នឹងចប់រួចរាល់ទាំងស្រុងនៅឆ្នាំ២០៣០៕ ដោយធីរីណា

...

រូបថត​: Korea Times

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print