ភ្នំពេញ៖ រថយន្ដម៉ាក សីុណា មួយគ្រឿងបានបុកចូលដល់ក្នុងផ្ទះប្រជាពលរដ្ឋបណ្ដាលឲ្យរងការខូចខាតសម្ភារក្នុងផ្ទះមួយចំនួនដោយសារតែត្រូវរថយន្ដមួយគ្រឿងទៀតបុកត្រង់ចំណុចផ្លូវបំបែកជាបួន តែមិនបណ្ដាលឲ្យមានអ្នករងបួសនោះទេ ចំណែករថយន្ដបង្កមួយគ្រឿងទៀតក្រោយពីបង្កហេតុបានព្យាយាមបើករត់គេចខ្លួនបាត់។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង១ និង១៥នាទីយប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ នៅចំណុចផ្លូវបំបែកជាបួន លេខ១៦៣កែងផ្លូវលេខ៤៣២ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្ដម៉ាក សីុណា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AC-8209 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១៦៣ ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនពេលមកដល់ចំណុចផ្លូវបំបែកជាបួនមិនប្រយ័ត្ន ក៏ត្រូវរថយន្ដមួយគ្រឿងទៀតមិនចាំម៉ាក ពាក់ស្លាកលេខ ភ្នំពេញ2AG-6525 ធ្វើដំតាមបណ្ដោយផ្លូវលេខ ៤៣២ ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនដូចគ្នាក៏ជ្រុលទៅបុករថយន្ដសីុណា ពេញទំហឹងបណ្ដាលឲ្យរថយន្ដ សីុណា ជ្រុលចង្កូតបុកចូលផ្ទះប្រះជាពលរដ្ឋបណ្ដាលឲ្យខូចខាតម៉ូតូពីរគ្រឿងនិងសម្ភារមួយចំនួន។ ចំណែករថយន្ដបង្កមួយគ្រឿងទៀតបានព្យាយាមបើកគេចខ្លួនបាត់ តែស្លាកលេខរថយន្ដបានធ្លាក់នៅកន្លែងកើត។
ក្រោយពីកើតហេតុម្ចាស់រថយន្ដបង្កម៉ាក សីុណា បានបើកទ្វាររថយន្ដចុះគេចខ្លួនបាត់ដោយបន្សល់រថយន្ដទុកនៅក្នុងផ្ទះកើតហេតុ។ ក្រោយមកកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុ សហការជាមួយកម្លាំងជំនាញចុះធ្វើការវាស់វែងយករថយន្ដបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញ ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់៕
ដោយ៖ ជីម ភារ៉ាដង្កោ