លិខិតបញ្ជាក់ប្រវត្តិដីធ្លីជាអ្វី? ធ្វើយ៉ាងដូចម្ដេច? នៅឯណា? អស់ប្រាក់ប៉ុន្មាន?

ចែករំលែក៖

ភ្នំពេញ ៖ លិខិតបញ្ជាក់ប្រវត្តិដីធ្លី ជាលិខិតដែលបញ្ជាក់ដោយអាជ្ញាធរឃុំ-សង្កាត់ ដើម្បីធ្វើជាអំណះអំណាងបញ្ជាក់ថាដីនោះជារបស់បុគ្គល ឬមានម្ចាស់ពិតប្រាកដ សម្រាប់ការស្នើសុំធ្វើបណ្ណកម្មសិទ្ធិស្របតាមផ្លូវច្បាប់ និងក៏មានសារៈសំខាន់សម្រាប់ការទិញលក់ដីធ្លី ឬធ្វើកិច្ចសន្យាផ្សេងៗផងដែរ។ នេះបើតាមការផ្ដល់និយមន័យជាទូទៅ។

ថ្មីៗនេះ មានប្រជាពលរដ្ឋជាបន្តបន្ទាប់ បានស្នើសុំស្រាយចម្ងល់ពាក់ព័ន្ធនឹងលិខិតបញ្ជាក់ប្រវត្តិដីធ្លី ជាពិសេសនីតិវិធីនៃការស្នើសុំសេវា ទីតាំងស្នើសុំ និងតម្លៃនៃសេវាមួយនេះ។ តបនឹងចម្ងល់នេះ លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានផ្ដល់ការពន្យល់ដោយផ្អែកលើទិដ្ឋភាពគតិយុត្តដូចខាងក្រោម។

លោកបណ្ឌិត ទូច សុឃៈ បានលើកយកប្រកាសអន្តរក្រសួងលេខ ១៤៣៤២ប្រក ចុះថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០១៦ មកបញ្ជាក់ជូនថា សម្រាប់ឃុំ-សង្កាត់ក្នុងខេត្តរតនគីរី មណ្ឌលគីរី ស្ទឹងត្រែង ព្រះវិហារ និងខេត្តឧត្តរមានជ័យ សេវាលិខិតបញ្ជាក់ប្រវត្តិដីធ្លីមានតម្លៃ៥.០០០រៀល ចំណែករាជធានី ខេត្តផ្សេងមានតម្លៃ១០.០០០រៀល ដោយមានរយៈពេល៧ថ្ងៃ នៃថ្ងៃធ្វើការដូចគ្នា។

លោកបណ្ឌិត បានបន្ថែមទៀតថា ប្រជាពលរដ្ឋដែលមានបំណងស្នើសុំលិខិតបញ្ជាក់ប្រវត្តិដីធ្លី សូមអញ្ជើញទៅកាន់សាលាឃុំ-សង្កាត់ នៃដីធ្លីនោះ ដោយភ្ជាប់ឯកសារមួយចំនួនរួមមាន ឯកសារពាក់ព័ន្ធនឹងការកាន់កាប់អាស្រ័យផលចំនួន១ច្បាប់ សៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារពាក់ព័ន្ធផ្សេងៗទៀត៕

...

ដោយ ៖ លោក សេង បូលីន មន្រ្តីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print