ខេត្តបន្ទាយមានជ័យ៖ ប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សខេត្ត ឯកឧត្តម អ៊ុំ រាត្រី ប្រកាសគាំទ្រ និងបន្តប្តេជ្ញាចិត្ត ប្រឆាំងដាច់ខាតរាល់ទម្រង់នៃឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសអំពើជួញដូរមនុស្ស និងលើកទឹកចិត្តដល់សកម្មភាពបង្ការទប់ស្កាត់គឺជាអាទិភាព «ការពារ ពិតជាប្រសើរជាងការ ព្យបាល» លើសពីនេះកិច្ចការបង្រ្កាបរាល់ល្បិចកលរបស់ជនឧក្រិដ្ឋ ក៏ត្រូវតែបន្តយ៉ាងសកម្ម និងហ្មត់ចត់ថែមទៀត ដើម្បីសេចក្តីសុខរបស់ពលរដ្ឋកម្ពុជាយើង ក៏ដូចជាដើម្បីមនុស្សជាតិទាំងមូល។
ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ត(គ.ខ.ប.ជ) ថ្លែងការគាំទ្រែបនេះ នៅក្នុងពិធីអបអរសាទរ ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ ធ្នូ លើកទី១៨ ក្រោមប្រធានបទ “កម្ពុជាប្រឆាំងដាច់ខាតអំពើជួញដូរមនុស្សគ្រប់ទម្រង់ និងគ្រប់មធ្យោបាយក្នុងយុគ្គសម័យឌីជីថល” ដែលប្រារព្ធធ្វើនៅសាលប្រជុំ ធំ សាលាខេត្តបន្ទាយមានជ័យ ដែលមានការចូលរួមពីគ្រប់អ្នកពាក់ព័ន្ធ សិស្សានុសិស្ស យុវជន សសយក យុវជនកាយរឹទ្ធិ និងយុវជនកាកបាទក្រហម ប្រមាណជាង៥០០នាក់ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ ២០២៤។
លោកស្រី រស់ សុផានី អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើ ជួញដូរមនុស្សថ្នាក់ខេត្ត(គ.ខ.ប.ជ) បានបញ្ជាក់ថា ក្នុងរយៈពេល ១០ខែដើមឆ្នាំនេះ កម្លាំងសមត្ថកិច្ចនគរបាលយុត្តិធម៌ បានបង្ក្រាបបទ ល្មើសពាក់ព័ន្ធនឹងច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ បានចំនួន ៤៤/២៦ករណី (កើនឡើង១៨) ស្មើ៤១% ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ៤៨នាក់ ស្រី០១នាក់ អនិតិជន០៣នាក់។ ហេីយស្ថាប័នតុលាការ និងអយ្យការអមសាលាដំបូងខេត្ត បានចំណាត់ការលើរឿងក្តីពាក់ព័ន្ធ នឹងច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ បានយ៉ាងសកម្ម និងបានពន្លឿនទៅតាមនីតិវិធីផងដែរ។ជាមួយ គ្នា នោះដែរ ខ ឯកឧត្ដម អ៊ុំ រាត្រី បន្តអំពាវនាវដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ កម្លាំងសមត្ថកិច្ច អាជ្ញាធរគ្រប់មូលដ្ឋានត្រូវបន្តបំពេញភារកិច្ចតាមតួនាទី ខិតខំតាមដាន បាតុភាពនិងបទល្មើសផ្សេងៗឱ្យបានជាប្រចាំ សមត្ថកិច្ចនៅតាមបណ្តាអង្គភាពត្រួតពិនិត្យច្រកទ្វារព្រំដែន កម្លាំងឈរជើងតាមខ្សែបន្ទាត់ព្រំដែន ត្រូវបង្កើនការទទួលខុសត្រូវ ដោយយកចិត្តទុកដាក់គ្រប់គ្រងព្រំដែន និងលំហូរឆ្លងកាត់ព្រំដែនគ្រប់ទីតាំងឱ្យបានត្រឹមត្រូវ ដើម្បីទប់ស្កាត់មូលហេតុរួមផ្សំ ដែលនាំឱ្យមានអំពើជួញដូរមនុស្សនិងការរំលោភបំពានផ្សេងៗ។ ចំពោះវិស័យសាសនា និងប្រជាពលរដ្ឋគ្រប់រូប ក៏មានភារកិច្ចសំខាន់ក្នុងការចូលរួម លុបបំបាត់រាល់បទល្មើសទាំងអស់នេះ និងត្រូវរួមសហការជាមួយសមត្ថកិច្ច គប្បីរាយការណ៍ ផ្តល់ព័ត៌មានអំពីសកម្មភាពជនល្មើស ដើម្បីឈានទៅបង្រ្កាបទប់ស្កាត់ឲ្យបានទាន់ពេល៕
ដោយ៖ វណ្ណា