ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃពុធទី២៥ ខែធ្នូ ឆ្នាំ២០២៤នេះ បានចេញសេចក្ដីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា ខណៈនៅរាជធានីភ្នំពេញ និងខេត្តមួយចំនួន អាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដីរហូតដល់៣០%។
ក្រសួងធនធានទឹក បានបញ្ជាក់ថា ដោយសារសម្ពាធទាបដែលកើតនៅសមុទ្រចិនខាងត្បូងបានវិវត្តទៅជាព្យុះទី២៦ឈ្មោះប៉ាប៊ូក (Pabuk) មានឥទ្ធិពលលើរបបខ្យល់មូសុងឦសាន និងគ្របដណ្តប់លើអាងទន្លេមេគង្គ ព្រះរាជាណាចក្រកម្ពុជា និងឈូងសមុទ្រថៃ។ សូមបញ្ជាក់ថា ព្យុះនេះពុំមានឥទ្ធិពល ខ្លាំងមកលើព្រះរាជាណាចក្រកម្ពុជានោះទេ។
ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤
១-តំបន់វាលទំនាប៖
សីតុណ្ហភាពមធ្យមអប្បបរមា២០°C និងសីតុណ្ហភាពមធ្យមអតិបរមា៣២°C។ ខ្យល់ បក់មកពីទិសឦសាន និងអាគ្នេយ៍មានល្បឿនមធ្យម៥ ម៉ែត្រ វិនាទី។ ខេត្តពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្តាល តាកែវ និងភ្នំពេញ អាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី៣០%។
២-តំបន់ខ្ពង់រាប៖
សីតុណ្ហភាពមធ្យមអប្បបរមា១៨°C និងសីតុណ្ហភាពមធ្យមអតិបរមា៣១°C។ ខ្យល់ បក់មកពីទិសឦសាន និងបូពីមានល្បឿនមធ្យម៥ម៉ែត្រ វិនាទី។ ខេត្តកំពង់ស្ពឺ ក្រចេះ មណ្ឌលគិរី តំបន់ជួរភ្នំក្រវាញ និងជួរភ្នំដងរែក អាចមានភ្លៀងធ្លាក់គ្របដណ្តប់លើ ផ្ទៃដី១៥%។
៣-តំបន់មាត់សមុទ្រ៖
-សីតុណ្ហភាពមធ្យមអប្បបរមា២០°C និងសីតុណ្ហភាពមធ្យមអតិបរមា៣២°C។ ខ្យល់ បក់មកពីទិសឦសាន និងអាគ្នេយ៍ មានល្បឿនមធ្យម៥ម៉ែត្រ វិនាទី។ ខេត្តព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី២០%។
-រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា១ម៉ែត្រនិងកម្ពស់មធ្យមអតិបរមា២,៧៥ម៉ែត្រ៕ដោយ៖តារា