លោក រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកទឹកចិត្ត ដល់សមាគមសារព័ត៌មានទាំងអស់ បន្តធ្វើការបណ្តុះបណ្តាលពង្រឹងវិជ្ជាជីវៈ ដល់អ្នកសារព័ត៌មានឱ្យបានកាន់តែច្រើនបន្ថែមទៀត ដើម្បីធ្វើការពង្រឹងសណ្តាប់លើវិស័យព័ត៌មាននៅកម្ពុជាបានល្អ

ចែករំលែក៖

ភ្នំពេញ ៖ ការលើកទឹកចិត្តរបស់លោក រដ្ឋមន្ត្រី នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានធ្វើឡើង ក្នុងឱកាសអញ្ជើញជាអធិបតី នៃកិច្ចប្រជុំលទ្ធផលកិច្ចសហការការងាររវាងក្រសួងព័ត៌មាន និងសមាគមអ្នកសារព័ត៌មាន នៅកម្ពុជា ដែលបានអនុវត្តក្នុងឆ្នាំ២០២៤ នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ ម្សិលមុិញ នាសាលប្រជុំព្រះវិហារ។

លោក រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានសំដែងនូវ មោទនភាពដោយបានស្តាប់នូវមតិយោបល់របស់ មន្ត្រី និងបងប្អូនប្រជាពលរដ្ឋ បាននិយាយថា ក្នុងរយៈពេលចុងក្រោយនេះ អ្នកសារព័ត៌មាន អនឡាញ ដែលផ្សាយតាមបណ្តាញទំនាក់ទំនងសង្គម ហាក់ដូចជាមានសណ្តាប់ធ្នាប់ល្អបន្តិច ទោះបីមិនទាន់ឥតខ្ចោះក៏ដោយ តែនេះក៏ជាការបង្ហាញនូវភាពជោគជ័យរបស់សមាគមអ្នកសារព័ត៌មាន និងក្រសួងព័ត៌មាន ដែលតែងតែជួបប្រជុំគ្នា ៣ខែម្តង ដើម្បីរួមគ្នាធ្វើយ៉ាងណាឱ្យវិស័យសារព័ត៌មាន និងអ្នកសារព័ត៌មាន មានគុណតម្លៃ និងសេចក្តីថ្លៃថ្នូរ ។ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការដែលសារព័ត៌មានកាន់តែមានសណ្តាប់ធ្នាប់ល្អ ដោយសារអ្នកសារព័ត៌មានជាច្រើន ពិសេសអ្នក សារព័ត៌មានអនឡាញ បានទទួលការបណ្តុះ បណ្តាលពង្រឹងវិជ្ជាជិវៈជាបន្តបន្ទាប់ពីក្រសួងព័ត៌មាន និងបណ្តាសមាគមសារព័ត៌មាន នានាដែលតែងតែបានបើកវគ្គបណ្តុះបណ្តាលផ្តល់ការយល់ដឹងបន្ថែមទៀតអំពីច្បាប់ និងក្រមសីលធម៍វិជ្ជាជីវៈសារព័ត៌មាន ហើយចុងក្រោយនេះបាន រួមគ្នាធ្វើ “ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន “ មួយដែលជាមូលដ្ឋានគ្រឹះនៃក្រមសីលធម៍វិជ្ជាជីវៈ ដែលទាំងអស់គ្នាជាអ្នកសារព័ត៌មាន បានតម្កល់ជាផលប្រយោជន៍រួមមួយសម្រាប់អនុវត្តន៍ជាមូលដ្ឋានតែមួយ ។ ឆ្លៀតក្នុងឱកាសនេះដែរ លោក រដ្ឋមន្ត្រី បានលើកពីការព្រួយបារម្មណ៍ដោយសារ ក្នុងពេលបច្ចុប្បន្ននេះកំណើនអ្នកសារព័ត៌មានអនឡាញមានការកើនឡើងច្រើន ហើយកំណើនច្រើនរបស់អ្នកសារព័ត៌មាន មិនបានឆ្លងកាត់ការបណ្តុះបណ្តាលពង្រឹងវិជ្ជាជីវៈក្រមសីលធម៌សារព័ត៌ឱ្យបានត្រឹមត្រូវនោះទេ ។ កំណើនកើនឡើងរបស់អ្នកសារព័ត៌មានអនឡាញដែលមិន បានឆ្លងកាត់សាលាបណ្តុះបណ្តាល ដែលនាំអោយមានការប្រឈមមុខជាមួយការអនុវត្តនូវវិជ្ជាជីវៈរបស់គាត់ ។ ដូច្នេះ លោក រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកទឹកចិត្ត ដល់សមាគមសារព័ត៌មានទាំងអស់ បន្តធ្វើការបណ្តុះបណ្តាលពង្រឹងវិជ្ជាជីវៈ ដល់អ្នកសារព័ត៌មានឱ្យបានកាន់តែច្រើនបន្ថែមទៀត ហើយក្រសួងព័ត៌មាន ផ្តលើការគាំទ្រ កិច្ចសហការ និងផ្តល់ទីតាំងសាលប្រជុំនៅក្នុងក្រសួងព័ត៌មាន សម្រាប់សមាគមសារព័ត៌មានរៀបចំ វគ្គបណ្តុះបណ្តាលដោយឥតគិតថ្លៃ ដើម្បីពង្រឹងសមត្ថភាព និងការពារសុវត្តិភាព ដល់អ្នកសារព័ត៌មាន ដែលអនុវត្ត៍ការងារប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈត្រឹមត្រូវ។
លោក សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកកិច្ចការងារសមាគមអ្នកសារព័ត៌មាននៅកម្ពុជា បានជម្រាបជូន ពីលទ្ធផលការងារដែលសម្រេចអនុវត្តបាននៅឆ្នាំ២០២៤រួមមាន៖ បានណែនាំ និងសម្របសម្រួលផ្តល់យោបល់ដល់សមាគមក្នុងការរៀបចំកម្មវិធី និងចូលរួមវគ្គបណ្តុះបណ្តាលនានាទាំងក្នុងកំរិតក្រសួង ស្ថាប័នរដ្ឋ អង្គការសមាគម និងវិស័យឯកជននានា,កិច្ចសម្របសម្រួលលើការស្នើសុំមេធាវីក្រសួងការពារក្តីដល់កាសែត សម្របសម្រួលលើការផ្តល់ជូនសៀវភៅ ធម្មនុញ្ញវិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា, ពង្រឹងគុណភាពការងារផ្សព្វផ្សាយតាមគ្រប់មធ្យោបាយ និងសម័យបច្ចេកវិទ្យាឌីជីថល រួមគេហទំព័រ, Facebook Page, YouTube, Telegrame Tik Tok និងប្រព័ន្ធសង្គមផ្សេងៗ, ជម្រុញ និងលើកទឹកចិត្តដល់សមាគមអ្នកសារព័ត៌មានដែលមិនទាន់បានចុះបញ្ជី ឬធ្វើបច្ចុប្បន្នភាពឱ្យយល់ដឹង និង មកទទួលការចុះបញ្ជីស្របតាមច្បាប់ ។ បច្ចុប្បន្ន សមាគមសារព័ត៌មានដែលកំពុងប្រតិបត្តិការដោយចុះបញ្ជីត្រឹមត្រូវនៅក្រសួងមហាផ្ទៃ និងក្រសួងព័ត៌មាន មានចំនួន ២៦ អង្គភាព សមាគម ។

លោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និងជា ប្រធាន សហភាពសហព័ន្ធ អ្នក សារព័ត៌មាន កម្ពុជា កាលពីពេលថ្មីៗនេះ លោក ផ្តល់បទសម្ភាសន៍ជាមួយកាសែតមួយ ក្រោមប្រធានបទ «បញ្ហាប្រឈមរបស់អ្នកសារព័ត៌មាន កំពុងនៅក្នុងតុលាការ»។ លោក បាន លើក ឡើង ថា ប្រសិន បើ យើង បាត់បង់ ក្រមសីលធម៌ វិជ្ជាជីវៈ អ្នក សារព័ត៌មាន យើង អាច នឹង ត្រូវ គេ ប្តឹង ។ ដូច្នេះ ក្នុង នាម ជា អ្នក សារព័ត៌មាន យើង ត្រូវ តែ ផ្សាយ ខ្លឹមសារ ត្រឹមត្រូវ ហើយ មិន អាច រំលង ក្រមសីលធម៌ វិជ្ជាជីវៈ និង ច្បាប់ សារព័ត៌មាន បាន ទេ។

នៅក្នុង បទ សម្ភាសន៍ លោក ហ៊ុយ វណ្ណៈ បាន លើក ឡើង ថា ច្បាប់ ស្តីពីរបបសារព័ត៌មាន គឺជា ច្បាប់ មួយ ល្អ បើ ទោះ ជា មិន គ្រប់ ជ្រុងជ្រោយ ប៉ុន្តែ មាន គោលការណ៍ ជា មូលដ្ឋាន សម្រាប់អាចយកមក ដោះស្រាយ បញ្ហា អ្នក កាសែត បាន។ ប៉ុន្តែ គួរ ឱ្យ សោកស្ដាយ ដែល វិវាទ ទាក់ទង នឹង អ្នកសារព័ត៌មាន នានា តុលាការ ហាក់មិន អនុវត្ត ច្បាប់ សារព័ត៌មាន នេះ។ បើ ច្បាប់ សារព័ត៌មាន ត្រូវ បាន អនុម័ត ហើយ មិន បាន ប្រើ តើ ហេតុអ្វី បានជា គេ អនុម័ត ច្បាប់នេះ? ព្រោះ នេះ ជា បញ្ហា យុត្តិធម៌ សង្គម។

លោក ហ៊ុយ វណ្ណៈ ថាសំណុំរឿងរដ្ឋប្បវេណី ត្រូវបានដោះស្រាយជាសំណុំរឿងព្រហ្មទណ្ឌ។ លោកមិនបានចោទប្រកាន់ ឬបន្ទោសតុលាការទេ ប៉ុន្តែក្នុងនាមជាតួអង្គស្វែងរកយុត្តិធម៌សម្រាប់សង្គមទាំងមូល មានតែអ្នកច្បាប់ប៉ុណ្ណោះ ដែលអាចជួយពន្យល់ដើមបណ្តឹងឱ្យច្បាស់លាស់ថាតើបញ្ហាបែបណា នៅក្នុងក្របខណ្ឌច្បាប់អ្វី។ តុលាការ ត្រូវ ដោះស្រាយ បញ្ហា ដោយ យុត្តិធម៌ និង មិន លម្អៀង។

ជាចុងក្រោយ លោក ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានបន្តលើកទឹកចិត្តដល់អ្នកសារព័ត៌មានទាំងអស់ ប្រកាន់ជំហរត្រឹមត្រូវ និងបន្តរាយការណ៍ព័ត៌មាន ស្របតាមក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print