ព្យាយាមទទួលយកពុទ្ធិ ច្បាប់មាសទាំង ៨ របស់មហាវីរក្សត្រខ្មែរព្រះបាទជ័យវរ្ម័នទី៧ ដែលអ្នកដឹកនាំសម័យថ្មីគួរដើរតាមគន្លងព្រះអង្គ

ចែករំលែក៖

ភ្នំពេញ ៖ ច្បាប់មាសទាំង ៨ របស់មហាវីរក្សត្រខ្មែរព្រះបាទជ័យវរ្ម័នទី៧ ដែលអ្នកដឹកនាំសម័យថ្មីគួរដើរតាមគន្លងព្រះអង្គ

ទី១ ទឹកអម្រែក
ច្បាប់ទីមួយក្នុងនាមជាអ្នកដឹកនាំត្រូវធ្វើខ្លួនឱ្យដូចជាទឹកអម្រែក។ នៅពេលដែលអ្នករែកទឹក ពុំគួរលម្អៀងទៅខាងណានោះទេ ព្រោះវាអាចធ្វើឱ្យទឹកកម្ពប់។ រីឯការដឹកនាំអ្នកចាំបាច់ត្រូវប្រកាន់ចិត្តជាកណ្តាលគោរពគោលការណ៍ត្រឹមត្រូវ មានអព្យាក្រិត តម្លាភាព ដោយមិនគួរផ្តេកផ្តួលទៅខាងណាជាងខាងណានោះឡើយ បើមិនដូច្នោះទេផ្ទៃក្នុងនឹងបែកបាក់នាំទៅរកក្តីអន្តរាយជាក់ជាមិនខាន។

ទី២ ភ្នែកខ្លែង
សត្វខ្លែងគឺជាសត្វមួយប្រភេទដែលមានភ្នែកមុតស្រួច អាចសម្លឹងបានយ៉ាងច្បាស់គ្រប់សព្វទិសទី។ ដូច្នេះអ្នកដឹកនាំត្រូវមានចក្ខុភ្លឺថ្លាមើលឱ្យគ្រប់ជ្រុងជ្រោយ បែងចែកច្បាស់លាស់រវាងខុសនិងត្រូវ អ្នកណាល្អពិត អ្នកណាសម្តែង អ្នកគួរកែលម្អបន្ថែម បើអ្នកមិនច្បាស់ទេអាចនាំទុក្ខភ័យដល់ខ្លួន ឬស្ថាប័នទាំងមូល។

ទី៣ ស្ញែងរាជសី
ច្បាប់ទី៣ ព្រះអង្គយករាជសីជាស្តេចសត្វចតុបាទជាតំណាង សម្រែករាជសីមានឬទ្ធិអំណាចអាចធ្វើឱ្យសត្វផងទាំងពួងគោរពកោតខ្លាច។ ដោយហេតុនេះអ្នកដឹកនាំត្រូវធ្វើខ្លួនឱ្យគេគោរពស្ញប់ស្ញែង កុំឡេសឡោះ លេងសើចហួសព្រំដែន ត្រូវរឹងពឹង ម៉ឺងមាត់ ម៉ត់ចត់។

ទី៤ សម្តីឥសូរ
សម្តីឥសូរគឺជាសម្តីទិព្វ មិនអាចនិយាយបាទដៃខ្នងដៃ ឬលេងសើចឥតសាច់ការនោះទេ។ យ៉ាងណាមិញ អ្នកដឹកនាំត្រូវពោលពាក្យសម្តីមានន័យខ្លឹមសារអាចយកជាការណ៍ ឱ្យគេគោរព ស្តាប់បង្គាប់ និងអនុវត្តតាម។

ទី៥ ថ្ងូរព្រះឥន្ទ្រ
ព្រះឥន្ទ្រជាស្តេចទេវតាគ្រប់គ្រង់អស់ឋានទាំងបី មានមហិទ្ធានុភាពអស្ចារ្យលើសសត្វទាំងពួង មានទឹកព្រះទ័យខ្វល់ខ្វាយជានិច្ចពីជីវិតសត្វលោក តែទ្រង់មិនដែលថ្អូញថ្អែរនោះទេ។ ស្របជាមួយគ្នានេះដែរ ក្នុងនាមជាមេដឹកនាំមិនគួរមានទម្លាប់រអ៊ូរទាំច្រើន សាំញ៉ាំពេកនោះទេ ត្រូវធ្វើចិត្តឱ្យធ្ងន់ តាំងចិត្តឱ្យនឹងនោះទើបកិច្ចការចម្រើនទៅមុខ។

ទី៦ សុបិនសួគ៌
ហ៊ានសុបិនធំ មានទស្សនវិស័យវែងឆ្ងាយ ជឿជាក់ផ្តាច់ជ្ញាខ្ពស់អមដោយគោលការណ៍ និងផែនការច្បាស់លាស់។ គោលដៅតូចៗជាស្ពានចម្លងទៅរកការសម្រេចលទ្ធផលធំ និងមានមនសិការធ្វើយ៉ាងណាសម្រេចភាពជោគជ័យឱ្យបាន។

ទី៧ ខួរទន្សាយ
ច្បាប់ទី៧ អ្នកដឹកនាំត្រូវមានភាពឆ្លាតវៃ មានសមត្ថភាពអាចដោះស្រាយវិបត្តិរបស់អ្នកនៅក្រោមបង្គាប់ដោយសន្តិវិធី។ មិនអាចធ្វើការដោយងងឹតងងល់ ខ្វះការពិចារណា ឬសម្លឹងមើលតែមួយជ្រុងនោះទេ នោះអ្នកអាចនឹងជួបគ្រោះថ្នាក់ក្នុងកាលៈទេសៈណាមួយជាក់ជាមិនខាន។

ទី៨ សប្បាយស្រមោច
ស្រមោចជាពពួកសត្វដែលមានលក្ខណសម្បត្តិពូកែធ្វើការជាក្រុម និងសម្រេចលទ្ធផលធំរួមគ្នា។ ដូច្នេះក្នុងនាមជាអ្នកដឹកនាំត្រូវចេះបង្កើតបរិយាកាសរីករាយនៅកន្លែងធ្វើការ ចេះលើកទឹកចិត្តបុគ្គលិករួមការងារ ដោយជំរុញឱ្យពួកគេមានកម្លាំងបង្កើនលទ្ធភាពការងារឆ្ពោះទៅរកការសម្រេចគោលដៅរួម៕

...

ប្រភព ៖ (មជ្ឈមណ្ឌលនីតិក្រម)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print