ភ្នំពេញ÷ លោក Wang Wenbin ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំប្រទេសកម្ពុជា សម្តែងនូវសេចក្តីសោមនស្សរីករាយណាស់ដែលបានជួបពិភាក្សាការងារជាមួយលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទកម្ពុជា។
តាមរយៈបណ្តាញសង្គម នាព្រឹកថ្ងៃទី២៥ ខែធ្នូនេះលោក ឯកអគ្គរដ្ឋទូត បានគូសរំលេចថា ចាប់តាំងពីឆ្នាំ២០១៧មក រដ្ឋាភិបាលចិនបានផ្តល់ជំនួយឥត សំណងដើម្បីជួយកម្ពុជាជីកអណ្តូងនិងស្រះទឹកជិត២០០០ និងសាងសង់ផ្លូវដែលមានប្រវែងជាង ១៥០គីឡូម៉ែត្រក្នុងតំបន់ជនបទ។ ភាគីចិននឹងបន្តជួយភាគីកម្ពុជាលើកកម្ពស់សុខុមាលភាពរបស់ប្រជាជននៅតាមតំបន់ជនបទ។
ការលើកឡើងរបស់លោកឯកអគ្គរដ្ឋទូត បានធ្វើឡើងក្រោយចូលជួប លោកឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងជំនួបសម្លេងការគួរសម និងពិភាក្សាការងារនាពេលថ្មីៗនេះ។
គួររំលឹកថា ក្នុងជំនួបនេះលោករដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានលើកឡើងអំពីចក្ខុវិស័យនិងទិសដៅរបស់ ក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីប្រែក្លាយទីជនបទឱ្យមានភាពរីកចម្រើន មានកំណើនប្រាក់ ចំណូលក្នុងគ្រួសារ និងប្រជាជនជនបទមានសុខភាពល្អ ដើម្បីចូលរួមកាត់ បន្ថយភាពក្រីក្រនៅជនបទ និងកាត់បន្ថយគម្លាតសង្គម តាមរយៈការកំណត់យកចក្ខុវិស័យ “ការលើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវិតរស់នៅរបស់ប្រជាជនជនបទប្រកបដោយបរិយាបន្នទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌” និងបានបន្តដាក់ចេញនូវយុទ្ធសាស្ត្រចំនួន ៤រួមមាន៖ (ទី១)ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តនិងគមនាគមន៍, (ទី២) ការលើកកម្ពស់សុខភាព អនាម័យ និងបរិស្ថានរស់នៅរបស់សហគមន៍ជនបទ,(ទី៣) ការធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទ និង(ទី៤) ពង្រឹងសេវាគាំទ្ររដ្ឋបាល និងកិច្ចការទូទៅ។
លោករដ្ឋមន្ត្រី ក៏បានលើកអំពីទិសដៅយុទ្ធសាស្រ្តមួយ ទៀតដែលក្រសួងកំពុងយកចិត្តទុកដាក់ និងអនុវត្តនោះគឺការរៀបចំភូមិគំរូ ដោយកម្មវិធីនេះក៏ស្ថិតក្នុងយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ៕