ពេលវេលាចេះតែកន្លងផុតទៅ រដូវវស្សាក៏ចូលមកដល់។ យើងអត់មានឱកាសរត់ចេញពីគុកឥតជញ្ជាំងនោះឡើយ ដោយសារកងឈ្លបខ្មែរក្រហមបានតាមដានយើងកាន់តែខ្លាំងឡើងៗ។ ស្ថានភាពជីវិតយើង និងប្រជាជន១៧មេសាផ្សេងទៀតកាន់តែអាក្រក់ទៅៗ ។ រដូវវស្សាដូច្នេះ អង្គការបានចាប់ផ្ដើមឲ្យប្រជាជនសម្រុកនិងការងារធ្វើស្រែចំការវិញ។ បុប្ផា ត្រូវប្ដូរឲ្យមកកងស្ទូងស្រូវម្ដង។ ពេលនោះខ្ញុំមានឱកាសជាញឹកញាប់លាក់ចំណីហូបបន្តិចបន្តួចទុកឱ្យនាង។ ល្ងាចថ្ងៃមួយពេលដែល បុប្ផាត្រឡប់មកពីការដ្ឋានវិញខ្ញុំសង្កេតឃើញទឹកមុខរបស់នាងស្លេកស្លាំងប្លែកខុសធម្មតា ខ្ញុំក៏ប្រញាប់សួរទៅបុប្ផាថា កើតអីហ្នឹង? ឈឺមែនទេ? ប៉ុន្តែនាងគ្រវីក្បាលតបដែលជាសញ្ញាប្រាប់ថានាងមិនបានឈឺទេចុះមានបានហូបផ្លែត្នោតទុំដែលបងបានលាក់ទុកនោះទេ? ឮសំណួរនេះភ្លាម បុប្ផា ស្លុតចិត្តហើយប្រាប់ថា នាងបានហូប ប៉ុន្តែពេលដែលនាងកំពុងតែហូបផ្លែត្នោតទុំនោះស្រាប់តែឈ្លបម្នាក់ឈ្មោះម៉ៅបានមកទាន់។ បុប្ផាគិតថាឈ្លប ម៉ៅ ប្រហែលជាមិនឃើញថានាងហូបផ្លែត្នោតទុំនោះទេ ព្រោះនៅពេលដែលឈ្លប ម៉ៅ មកដល់បុប្ផាបានទម្លាក់ផ្លែត្នោតនោះចោលហើយជាន់កប់ចូលក្នុងដីក្បែរភ្លឺស្រែបាត់ទៅហើយ។ បុប្ផា និយាយបណ្ដើរយកក្រមាជូតញើសចេញពីលើផ្ទៃមុខបណ្ដើរ។
ប៉ុន្មានថ្ងៃក្រោយមក ខ្ញុំត្រូវបានមេកងដាក់ទិសដៅភ្លាមៗឲ្យទៅកាប់ស្លឹកត្នោតនៅតាមព្រំប្រទល់វៀតណាមដើម្បីយកស្លឹកត្នោតមកដេរ។
មិត្តបងខ្ញុំសុំចាំប្រពន្ធរបស់ខ្ញុំមកពីការដ្ឋានសិនបានទេ? ខ្ញុំសួរមិនទាន់នឹងចប់សម្ដីផងស្រាប់តែមេកងឆ្លើយកាត់សំដីរបស់ខ្ញុំថាមិនបានទេមិត្ត អង្គការដាក់ទិសដៅថ្ងៃនេះហើយមិនអាចចាំស្អែកបានទេ រឿងប្រពន្ធឯងចាំខ្ញុំឲ្យមិត្តម៉ៅ ប្រាប់ឱ្យ។ បន្ទាប់មកខ្ញុំត្រូវឈ្លបបណ្ដើរចេញពីទីនោះហើយនៅតាមផ្លូវ ខ្ញុំឃើញឈ្លប ម៉ៅញញឹមដាក់ខ្ញុំតិចៗ ។ ឈ្លប ម៉ៅនិងកងកម្លាំងខ្មែរក្រហមផ្សេងទៀតមិនដែលញញឹមឬបង្ហាញអាកប្បកិរិយាដាក់អ្នកថ្មីបែបនេះឡើយ។
ខ្ញុំពិតជាត្រូវអង្គការបញ្ជូនឲ្យទៅកាប់ស្លឹកត្នោតមែន។ អង្គការបានបញ្ជូនខ្ញុំពីកន្លែងមួយទៅកន្លែងមួយថ្មីទៀត រហូតទាល់តែខ្ញុំ លែងទទួលបានដំណឹងអ្វីបន្តិចសោះពីប្រពន្ធរបស់ខ្ញុំ។ ពេលខ្លះខ្ញុំដេកយំម្នាក់ឯងដោយនឹកអាណិតប្រពន្ធជាពន់ពេក ព្រោះនាងរសាត់អណ្ដែតមកនៅស្រុកដែលមិនធ្លាប់ស្គាល់នេះតែម្នាក់ឯងដោយសង្ឃឹមតែលើប្ដី ប៉ុន្តែឥឡូវប្ដីបានបែកចេញទៅឆ្ងាយទៀត។ ពីមួយថ្ងៃទៅមួយថ្ងៃ ខ្ញុំតែងទន្ទឹងរង់ចាំឱកាសល្អដើម្បីវិលទៅជួបប្រពន្ធរបស់ខ្ញុំ។ ខ្ញុំខំធ្វើការអត់មានហ៊ានធ្វេសប្រហែលឡើយដើម្បីរក្សាជីវិតឲ្យគង់សម្រាប់ប្រពន្ធរបស់ខ្ញុំ។ យូរៗម្ដងខ្ញុំឮដំណឹងពីការងើបបះបោររបស់កងទ័ពខ្មែរក្រហមនៅក្នុងតំបន់ផ្សេងនិងប្រផ្នូលផ្សេងៗ ដែលអ្នកស្រុកតែងតែខ្សឹបខ្សៀវថា របបខ្មែរក្រហមនឹងរលាយបាត់ក្នុងពេលឆាប់ៗនេះ។
ថ្ងៃមួយខ្ញុំបានទទួលព័ត៌មានថារបបខ្មែរក្រហមបានដួលរលំហើយ។ ខ្ញុំនិងមិត្តៗឯទៀតទម្លាក់ការងារដែលកំពុងតែធ្វើចោលហើយរៀបចំបង្វិចខោអាវចាកចេញពីសហករណ៍ដែលយើងកំពុងតែរស់នៅ។ ខ្ញុំពិតជាសប្បាយរីករាយណាស់ដែលបានត្រឡប់ទៅកន្លែងដើមវិញ ប៉ុន្តែខ្ញុំមិនដឹងថាខ្ញុំនៅឆ្ងាយពីសហករណ៍ប្រពន្ធរបស់ខ្ញុំធ្វើការប៉ុណ្ណានោះទេ។ នៅតាមផ្លូវខ្ញុំឆ្លៀតចូលទៅក្នុងរោងបាយដែលគ្មានមនុស្សរស់នៅយកបានស្ករផែន និងអង្ករដំណើបប្រហែលកន្លះតៅទុកផ្ញើប្រពន្ធរបស់ខ្ញុំ។ ខ្ញុំដឹងថានាងចូលចិត្តបាយដំណើបណាស់។ នៅពេលដែលខ្ញុំបានជួបអ្នកស្រុកដែលរត់ភៀសខ្លួន ខ្ញុំឆ្លៀតសួររកផ្លូវទៅសហករណ៍ប្រពន្ធរបស់ខ្ញុំជានិច្ច រហូតទាល់តែរកផ្លូវឃើញ។ ប៉ុន្មានថ្ងៃក្រោយមកខ្ញុំបានធ្វើដំណើរមកដល់សហករណ៍ពោធិ៍ទន្លេដូចបំណងមែន។ ប៉ុន្តែអ្វីៗហាក់ប្រែប្រួលអស់រកស្មានមិនត្រូវ។ ខ្ទមតូចៗដែលយើងធ្លាប់រស់នៅបានរុះរើខ្ទេចគ្មានសល់។ផ្ទះបាយរួម ជង្រុក ស្រូវត្រូវប្រជាជនគាស់រំលើងយកឈើស្រូវអស់ខ្ទេចខ្ទី។ វាលស្រែដែលធ្លាប់តែមានមនុស្សចុះធ្វើការច្រើនកុះករ ប្រែជាស្ងាត់ជ្រងំ។ វាលស្រែខ្លះត្រូវភ្លើងឆេះអស់សល់តែគល់ជញ្ជ្រាំងខ្មៅដូចធ្យូងនិងផ្សែងហុយតិចៗ ។ខ្ញុំខំស៊ើបសួររកឈ្មោះមិត្ត រិន ដែលជាឈ្មោះរបស់ប្រពន្ធខ្ញុំ ប៉ុន្តែមិនមានអ្នកណាស្គាល់ឡើយ។ ខ្ញុំស្រងាកដៃជើង ដើរឡេះឡះដូចមនុស្សឆ្កួតស្រែករកប្រពន្ធរួចលត់ជង្គង់ចុះស្រែកទ្រយំកណ្ដាលវាលស្រែតែម្នាក់ឯង។ រំពេចនោះស្រាប់តែមានដៃត្រជាក់មួយមកប៉ះកញ្ជឹងករបស់ខ្ញុំ។ ខ្ញុំភ្ញាក់ព្រឺតនឹកអរព្រួចរួចក្រោកឈរឡើងស្រាប់តែឃើញស្ត្រីចំណាស់ម្នាក់មានរាងកាយស្គាំងស្គមសក់កន្ទ្រើងនៅពីខាងក្រោយខ្ញុំ។គាត់គឺជាម្ដាយរបស់សុវិទ្យា។ សេចក្តីត្រេកអរនិងស្នាមញញឹមរបស់ខ្ញុំបានរលត់បាត់។ ស្ត្រីចំណាស់នោះសួរមកកាន់ខ្ញុំថា មិត្តខេនមែនទេ? បាទគឺខ្ញុំ! ខ្ញុំមករកប្រពន្ធរបស់ខ្ញុំ តើអ៊ំស្រីមានឃើញប្រពន្ធខ្ញុំទេ? ខ្ញុំសួរទៅកាន់ស្ត្រីចំណាស់ទាំងឱនលំទោននិងដោះក្រមាចេញពីក្បាល។
បន្ទាប់មកស្ត្រីចំណាស់និយាយឈ្មោះប្រពន្ធរបស់ខ្ញុំទាំងទឹកភ្នែករលីងរលោង។ គាត់មិនបាននិយាយតបយ៉ាងដូចម្ដេចឡើយហើយគាត់ស្រាប់តែយំហ៊ូតែម្ដង ខ្ញុំបានសួររកនាងម្ដងទៀតទៅកាន់អ៊ំស្រីអំពីដំណឹងរបស់ប្រពន្ធខ្ញុំ។ ក្នុងសំឡេងយំរបស់គាត់ខ្ញុំបានស្ដាប់ឮយ៉ាងច្បាស់នៅប្រយោគខ្លីមួយដែលខ្ញុំទើបតែមិនជឿនឹងត្រចៀករបស់ខ្ញុំទាល់តែសោះ ” មិត្តរិនស្លាប់យូរហើយ”។ នៅពេលដែលខ្ញុំឮដំណឹងនេះ
ខ្ញុំស្រែកទ្រហូរយំពោរពេញដោយក្តីឈឺចាប់ហើយទន់ជង្គង់ដួលនៅមុខស្ត្រីចំណាស់នោះទៅ។ ពេលដឹងខ្លួនឡើងខ្ញុំស្ថិតនៅក្នុងខ្ទមរបស់អ៊ំស្រីទៅហើយ។ សុវិទ្យា បានថែទាំខ្ញុំយ៉ាងយកចិត្តទុកដាក់ រីឯអ៊ំស្រីបាននិយាយលួងលោមខ្ញុំយ៉ាងច្រើនដោយលើកយកទាំងផ្លូវលោក និងផ្លូវធម៌មកនិយាយឲ្យខ្ញុំស្ដាប់។ ពេលដែលខ្ញុំបានធូរចិត្តបន្តិច អ៊ំស្រី បាននាំខ្ញុំទៅមើលកន្លែងដែលប្រពន្ធខ្ញុំស្លាប់។ (នៅមានត)