ទីផ្សារ​អចលនទ្រព្យ​ថៃ​នឹង​កើនឡើងក្នុងពាក់កណ្តាលទី២នៃឆ្នាំនេះ​​

ចែករំលែក៖

ទីផ្សារអចលនទ្រព្យថៃនៅក្នុងពាក់កណ្តាលទី២នៃឆ្នាំនេះនឹងបង្ហាញនូវសញ្ញាកំណើនដ៏ខ្លាំងមួយដោយសារតែសូចនាករសេដ្ឋកិច្ចមានភាពប្រសើរឡើងជាងការរំពឹងទុក ជាមួយនឹងការកើនឡើងនៃសេដ្ឋកិច្ចក្នុងអត្រា ៣,៣ភាគរយក្នុងឆ្នាំនេះ ហើយនិងការជំរុញការវិនិយោគហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋាភិបាល។

លោក Thongma Vijitpongpun នាយកប្រតិបត្តិក្រុមហ៊ុនឈានមុខគេ Pruksa Real Estate បានប្រាប់កាសែត The Nation ថា បើទោះបីជាទីផ្សារអចលនទ្រព្យនៅក្នុងត្រីមាសទី២ធ្លាក់ចុះ១០ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនក៏ដោយ ក៏យើងនៅតែមានភាពជឿជាក់ថា ទីផ្សារនេះនឹងងើបឡើងវិញនៅក្នុងពាក់កណ្តាលទី២នៃឆ្នាំនេះ ហើយនឹងជួយជំរុញកំណើនសេដ្ឋកិច្ចសរុបដល់ ១០ភាគរយវិញផងដែរ។

លោកបានបន្ថែមថា ទីផ្សារគេហដ្ឋាននឹងបន្តបង្ហាញនូវកំណើនដ៏ខ្លាំងនៅក្នុងពាក់កណ្តាលទី២នៃឆ្នាំនេះ ជាមួយនឹងភាពជឿជាក់របស់អ្នកប្រើប្រាស់ ដែលងើបឡើងនៅពេលដែលរដ្ឋាភិបាលបានចាប់ផ្តើមការវិនិយោគរបស់ខ្លួនទៅលើគម្រោងហេដ្ឋារចនាសម្ព័ន្ធ។

លោកបន្តទៀតថា ជាងនេះទៅទៀតនោះ ស្ថានភាពនយោបាយរបស់ប្រទេសនេះបានចាប់ផ្តើមមានស្ថិរភាពជាងមុន បន្ទាប់ពីការបោះឆ្នោតធ្វើប្រជាមតិកាលពីថ្ងៃអាទិត្យសប្តាហ៍មុនមក។

ដោយយោងទៅតាមការស្ទង់មតិមួយរបស់មជ្ឈមណ្ឌលព័ត៌មានផ្នែកអចលនទ្រព្យរបស់ធនាគាររដ្ឋាភិបាលបានបង្ហាញថា គម្រោងគេហដ្ឋានសរុបចំនួន ១២៣  បានដាក់ចេញនៅក្នុងទីក្រុងបាងកក និងជាយក្រុងនៅក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំនេះ ដែលសរុបមានប្រមាណជា ២៩.៣៨០យូនីត ពោលគឺធ្លាក់ចុះ ២២ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

លោក Nuttphong Kunakornwong ប្រធានប្រតិបត្តិរបស់ក្រុមហ៊ុន SC Asset Corp បានមានប្រសាសន៍ថា ក្រុមហ៊ុននេះបានជឿថា ទីផ្សារអចលនទ្រព្យនេះនឹងងើបឡើងវិញ អំឡុងរយៈពេលដែលនៅសេសសល់ក្នុងឆ្នាំនេះ ដោយសារតែ សូចនាករសេដ្ឋកិច្ចបានបង្ហាញពីភាពវិជ្ជមាន ដែលជាកត្តាជួយជំរុញពាណិជ្ជកម្មអចលនទ្រព្យមានភាពប្រសើរជាងមុន។ លោកបានបន្ថែមទៀតថា ក្រុមហ៊ុនក៏មានភាពជឿជាក់ថា ចំណូលរបស់ខ្លួននៅក្នុងឆ្នាំនេះ នឹងឈានដល់ ១៥ពាន់លានបាតផងដែរ។

លោក Uthai Uthaisangsuk អនុប្រធានប្រតិបត្តិជាន់ខ្ពស់របស់ក្រុមហ៊ុន Sansiri បានមានប្រសាសន៍ថា ក្រុមហ៊ុននេះទទួលបានការលក់ទុកជាមុនក្នុងតម្លៃ ៤,៥ពាន់លានបាតរួចហើយនៅក្នុងរយៈពេល ៧ខែដំបូងនៃឆ្នាំនេះ ដោយសារតែតម្រូវការកើនឡើង។

ក្រុមហ៊ុននេះមានភាពជឿជាក់ថា ខ្លួននឹងទទួលបាននូវការលក់ទុកជាមុនពេញមួយឆ្នាំនេះក្នុងតម្លៃប្រមាណជា ៤២ពាន់លានបាត ខណៈដែលខ្លួនបានគ្រោងនឹងដាក់ចេញនូវគម្រោងថ្មីដែលមានតម្លៃ ៣៤,៦ពាន់លានបាត បូករួមទាំងពាក់កណ្តាលទី២នៃឆ្នាំនេះផងដែរ។

ដោយយោងទៅតាមការស្ទង់មតិរបស់កាសែត The Natlion បានឱ្យដឹងថា ដោយសារតែភាពជឿជាក់បន្តកើនឡើងនៅក្នុងវិស័យអចលនទ្រព្យនេះ ក្រុមហ៊ុនជាច្រើនរំពឹងថានឹងដាក់ចេញនូវគម្រោងគេហដ្ឋានថ្មីៗជាច្រើនទៀត ដែលមានតម្លៃប្រមាណជា ២០០ពាន់លានបាតទាំងនៅក្នុងទីក្រុងបាងកក និងតាមខេត្តមួយចំនួនអំឡុងពាក់កណ្តាលទី២នៃឆ្នាំនេះ។

ឧទាហរណ៍ ក្រុមហ៊ុន Sansiri គ្រោងនឹងដាក់ចេញ ១៣ គម្រោង ដែលមានតម្លៃប្រមាណជា ៣៧,៤៥ពាន់លានបាតក្នុងអំឡុងពេលនេះ។

ក្រុមហ៊ុន Pruuksa Real Estate គ្រោងនឹងដាក់ចេញ ៣៨គម្រោង ដែលមានតម្លៃ ៣០ពាន់លានបាតនៅក្នុងពាក់កណ្តាលទី២នៃឆ្នាំនេះ។

ក្រុមហ៊ុន LPN គ្រោងនឹងដាក់ចេញនូវខុនដូថ្មីចំនួន ៦ ដែលមានតម្លៃប្រមាណជា ៧ពាន់លានបាត ខណៈដែលក្រុមហ៊ុន SC Asset Corp ក៏មានគម្រោងនឹងដាក់ចេញនូវគម្រោងគេហដ្ឋានចំនួន ៦ដែលមានតម្លៃ ១៤ពាន់លានបាតផងដែរ។

បន្ទាប់ពីគ្រោងដាក់ចេញនូវគម្រោងជាច្រើននោះ ក្រុមហ៊ុនភាគច្រើនក៍គ្រោងដាក់ចេញនូវយុទ្ធនាការចុះតម្លៃពិសេសដើម្បីជំរុញការលក់របស់ពួកគេផងដែរ៕

1

ដោយ៖ រ័ត្ន

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print