តម្លៃដែកនៅប្រទេសវៀតណាម​​នឹងកើនឡើង​នៅពេលអនាគតខាងមុខនេះ

ចែករំលែក៖

តម្លៃដែកនៅក្នុងប្រទេសវៀតណាម ត្រូវបានគេរំពឹងថានឹងឡើងថ្លៃនៅពេលអនាគតដ៏ខ្លីខាងមុខនេះ ដោយសារតែតម្រូវការនៃការសាងសង់កើនឡើងការងើបឡើងនៃទីផ្សារអចលនទ្រព្យ និងការប្រើប្រាស់ដ៏ច្រើនផងដែរ។

លោក Nguyen Van Sua អនុប្រធានសមាគមដែកវៀតណាមបានមានប្រសាសន៍ថា តម្លៃដែកជ្រុង និងដែកថ្នាំងអំពៅបានកើនឡើងចាប់តាំងពីខែកក្កដាមក។ជាក់ស្តែង តម្លៃដែកជ្រុងបានកើនឡើងពី ៣០០ទៅ៣១០ដុល្លារសហរដ្ឋអាមេរិកក្នុងមួយតោន នៅក្នុងខែកក្កដា ហើយសម្រាប់ដើមខែនេះ ដែកនេះមានតម្លៃចាប់ពី៣១៥ ទៅ ៣២៥ដុល្លារសហរដ្ឋអាមេរិកក្នុងមួយតោន។

យ៉ាងណាក៏ដោយ តម្លៃដែកសម្រាប់សាងសង់ ដោយដកពន្ធលើតម្លៃបន្ថែមចេញនោះ នៅតែមានស្ថិរភាពក្នុងរយៈពេល ២ខែចុងក្រោយនេះដែរ ពោលគឺមានតម្លៃចន្លោះពី ៩,៤លានដុង្គ និង៩,៩លានដុងក្នុងមួយតោននៅប៉ែកខាងជើងប្រទេស ហើយនៅប៉ែកខាងត្បូងប្រទេសវិញមានតម្លៃចន្លោះពី ៩,៤លានដុងទៅ ៩,៧លានដុង្គក្នុងមួយតោន។

លោក Sua បានមានប្រសាសន៍ថា តម្លៃដែកនេះអាចនឹងកើនឡើងបន្តទៀត ដោយសារតែតម្លៃដែកជ្រុងបាននិងកំពុងតែកើនឡើងនោះ។ ស្របពេលនេះដែរ ទីផ្សារអចលនទ្រព្យក៏ត្រូវបានគេរំពឹងថានឹងវិវឌ្ឍឡើងផងដែរនៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។

ជាងនេះទៅទៀតនោះ របាយការណ៍ពីសមាគមនេះបានបង្ហាញថា ទិន្នផលដែករបស់សមាជិកខ្លួនកាលពីខែមុនបានឈានដល់ ១,៤លានតោន ពោលគឺកើនឡើង ១៣,៦ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ការលក់ដែកនៅក្នុងខែកក្កដា បានឈានដល់ ១,២លានតោន ពោលគឺកើនឡើង ២៧,៣ភាគរយបើធៀបនឹងឆ្នាំមុន ហើយកើនឡើង ២០ភាគរយបើធៀបនឹងខែមុន។

ការនាំចេញផលិតផលដែកនៅក្នុងខែកក្កដានេះ បានកើនឡើង ៥៧ភាគរយដល់ចំនួន ២៤៦.៥០០ តោន។

លោក Sua បានបញ្ជាក់ទៀតថា ការងើបឡើងទាំងនៅក្នុងការប្រើប្រាស់ និងការផលិតដែកបានបង្ហាញថា ក្រុមហ៊ុនផលិតដែកក្នុងស្រុកអាចនឹងបំពេញតម្រូវការគ្រប់គ្រាន់សម្រាប់ការសាងសង់។

យ៉ាងណាក៏ដោយ លោកបានមានប្រសាសន៍ថា ពាណិជ្ជករផលិតដែកគួរតែបន្តធ្វើឱ្យគុណភាពដែករបស់ពួកគេមានភាពល្អប្រសើរឡើង ហើយត្រូវកាត់បន្ថយតម្លៃដើម ក្នុងការផ្តល់នូវតម្លៃប្រកួតប្រជែងបន្ថែមទៀត៕

vetnam

ដោយ៖ រ័ត្ន

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print