ខេត្តព្រៃវែង៖ កម្លាំងកងរាជអាវុធហត្ថនៃមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសខេត្ត និងកម្លាំងមូលដ្ឋានអាវុធហត្ថស្រុកពាមរក៍ ដឹកនាំដោយលោកវរសេនីយ៍ទោ ផាត់ សុជោត ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស កាលពីរសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ម្សិលមិញនេះ បានចុះស្រាវជ្រាវរហូតឈានដល់ការបង្ក្រាបនិងឃាត់ខ្លួនក្រុមក្មេងទំនើងមួយក្រុមមានឈ្មោះ (ក្រុម P.S) ចំនួន៦នាក់ ដែលបានបង្កហិង្សានៅចំណុចភូមិឧត្តម ឃុំព្រែកខ្សាយ «ក» ស្រុកពាមរក៍ ខេត្តព្រៃវែង។
ជាក់ស្ដែងក្នុងប្រតិបត្តិការនោះ កម្លាំងកងរាជអាវុធខេត្តបានឃាត់ខ្លួនក្មេងទំនើង០៦នាក់ រួមមានដូចខាងក្រោម៖
ទី១-ឈ្មោះ មួន សាមីន ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិអ្នកលឿង ឃុំអ្នកលឿង ស្រុកពាមរក៍ ។
ទី២-ឈ្មោះ អុី រតនៈរាជ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិព្រែកធំ ឃុំអ្នកលឿង ស្រុក ពាមរក៍។
ទី៣-ឈ្មោះ ងេន អាទិត្យរ៉ាយុទ្ធ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស រស់នៅភូមិ ព្រែកខ្សាយ ឃុំព្រែកខ្សាយ”ក” ស្រុកពាមរក៍។
ទី៤-ឈ្មោះ ប៊ុន សុខឡេង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស រស់នៅភូមិ ជយ័ឧត្តមបឹងខ្ទុម ឃុំព្រែកខ្សាយ”ក” ស្រុកពាមរក៍។
ទី៥-ឈ្មោះ ប៊ុត តុលា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មករ រស់នៅភូមិអ្នកលឿង ឃុំអ្នកលឿង ស្រុកពាមរក៍
និងទី៦-ឈ្មោះ ណាល់ សំអូន ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មករ រស់នៅភូមិ ឧត្តម ឃុំព្រែកខ្សាយ”ក” ស្រុកពាមរក៍ ខេត្តព្រៃវែង ។
ដោយឡែកសមត្ថកិច្ចបានចាប់យកវត្ថុតាងរួមមាន៖ កាំបិតបុ័ងតោចំនួន០១, ម៉ូតូ ចំនួន០១គ្រឿង និងទូរស័ព្ទដៃចំនួន៤។ បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាង ត្រូវឃាត់ខ្លួននៅទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីបន្តនីតិវិធី។
គួរជម្រាបជូនថា បន្ទាប់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានណែនាំដល់ក្រសួងយុត្តិធម៌ ធ្វើវិសោធនកម្មច្បាប់ ដើម្បីដាក់ទោសឱ្យធ្ងន់ទៅលើក្រុមក្មេងទំនើងដែលតែងតែបង្ករឿងកាប់ចាក់គ្នា។ សម្តេចមហាបវរធិបតី បានដាក់ចេញបទបញ្ជាឱ្យចាត់វិធានការក្តៅលើក្រុមក្មេងទំនើង ដោយគ្មានការលើកលែងនោះទេ៕ដោយ៖តារា